ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

អតីតបក្សប្រឆាំងស្នើសុំព្រះមហាក្សត្រកុំយាងទៅបើកសម័យប្រជុំសភាលើកដំបូង

media  
@RFI

អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ដែល​នៅ​តែ​ប្រើ​ឈ្មោះ​គណ​បក្ស​នេះ​ជា​ផ្លូវ​ការ​បាន​ចេញ​​លិខិត​មួយ​​នៅ​ថ្ងៃចន្ទ​នេះ ​ដោយ​ទួល​ថ្វាយ​ព្រះមហា​​ក្សត្រ ​សុំ​កុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​​បើក​​សម័យ​​ប្រជុំ​សភា​​លើក​ដំបូង​​អាណត្តិ​​ទី​៦​​ ដែល​​គ្រោង​ធ្វើថ្ងៃ​ទី​៥​​កញ្ញា​ខាង​មុខ​នេះ​។​ ការ​ស្នើ​របស់​​អតីត​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ ដោយអះ​អាង​ថា​​ការ​​បោះ​​ឆ្នោត​​ថ្ងៃ​ទី​២៩​​ខែ​​កក្កដា​​ គឺ​មិន​​ឆ្លុះ​​បញ្ចាំង​ពី​ឆន្ទៈ​​ប្រជា​ពលរដ្ឋខ្មែរ​ជាម្ចាស់​​ឆ្នោត​ និង​​មិនមាន​​ការ​​ទទួល​​ស្គាល់ពី​​សហគមន៍​អន្តរ​ជាតិ​ខាង​លោក​សេរី​។​

លោកស្រី​ មូរ​ សុខហួរ​ ជា​អនុ​ប្រធាន​អតីត​គណ​បក្ស​​សង្រ្គោះជាតិ​ បាន​លើក​​ឡើង​​ក្នុង​​លិខិត​​របស់​លោក​ស្រី​ដែល​​ថ្វាយ​​ព្រះ​​មហា​​ក្សត្រនៅ​ថ្ងៃ​២០​សីហា​ថា ​ការ​​បោះ​ឆ្នោត​​ក្លែង​​ក្លាយ​​ថ្ងៃទី​២៩​​ខែ​​កក្កដា​​ ពោពេញ​​ដោយ​​ភាព​​ចម្រូង​​ចម្រាស់​ បាន​និង​​កំពុង​បំ​ផ្លាញ​​ការ​​ឯក​ភាព​ជាតិ​ ការ​​ផ្សះ​​ផ្សារ​​ជាតិ​ និង​​ផល​ប្រយោជន៍​ជាតិ​​យ៉ាង​​ជាក់​​ច្បាស់​។ ​សហគមន៍​​អន្តរ​ជាតិ​​ដែល​​ជា​ម្ចាស់​​ជំនួយ​ដ៏សំខាន់​ និង​​ជា​ទី​ផ្សា​រ​របស់​​កម្ពុជា​ បាន​សំដែង​​ការ​​ខក​​ចិត្ត​ចំពោះ​ការ​​បោះ​ឆ្នោតបែប​​នេះ ​និង​​មិន​ទទួល​​ស្គាល់​​លទ្ធផល​​បោះឆ្នោត​​នេះទេ​ ហើយ​រដ្ឋាភិ​បាល​ ដែល​​កើត​ចេញ​ពី​ការ​​បោះឆ្នោត​​នេះ​គឺ​​មិន​​ស្រប​​ច្បាប់​ឡើយ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​​នៅ​ក្នុង​លិខិត​​របស់​​លោកស្រី ​មូរ​​ សុខហួរ​។

​ផ្អែក​លើ​ហេតុផល​ទាំងនេះ​ អនុ​ប្រធាន​អតីត​គណបក្ស​​សង្រ្គោះជាតិ​ បាន​ទួល​ថ្វាយ​ព្រះមហា​ក្សត្រ ​សុំកុំឲ្យ​ព្រះអង្គយាង​ទៅ​​បើក​​សម័យ​​ប្រជុំ​​សភា​​លើក​ដំបូង​​អាណត្តិ​​ទី៦​​ដែល​​គ្រោង​ធ្វើ​ថ្ងៃទី​៥​កញ្ញា​ខាង​មុខ​។

ដោយ​​ឡែក​​នៅក្នុង​​លិខិតមួយទៀត ​​​របស់​​អតីត​​គណបក្ស​​សង្រ្គោះជាតិ​​ដែល​​ចេញ​នៅថ្ងៃ​ជាមួយ​គ្នានេះ​ដែរ​ បាន​​ប្រកាស​​មិន​​ទទួល​​ស្គាល់​​រដ្ឋសភា​ និង​​រដ្ឋាភិបាល​​ ដែល​​កើត​​ចេញ​​ពីកា​រ​បោះ​ឆ្នោត​​ដែល​​គណបក្ស​នេះ​​ចាត់​​ទុក​​ថា​​ក្លែង​​ក្លាយ​​នោះ​ទេ​។

អតីត​​បក្ស​​ប្រឆាំង ​ដែល​​ថ្នាក់​​ដឹក​នាំ​​កំពុង​​និរទេស​ខ្លួន​នេះ ​​ហ៊ាន​​អះអាង​ទៀត​ថា​​ រដ្ឋាភិបាល​​នេះ​​នឹង​​ស្ថិត​​​ក្នុង​​​ភាព​​​ឯកោ​​ និង​​មិន​​មែន​​ជា​តំណាង​​របស់​​ប្រជាជន​ខ្មែរ​​នៅ​លើ​​ឆាក​​អន្តរ​ជាតិ​ទៀត​ឡើយ​។​

ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទី​ស្តី​ការគណៈរដ្ឋមន្រ្តី ឆ្លើយតបថា​រដ្ឋាភិបាល​អាណត្តិនេះ​ មិន​ឯកោ​ឡើយ ​ព្រោះ​មានការ​ទទួល​ស្គាល់​ពី​បណ្តា​ប្រទេសមួយចំនួនជាសមាជិកអាស៊ានរួចហើយ​។​ ចំណែក​ការ​ដែល​លោក​ស្រី មូរ សុខហួរ ស្នើ​កុំ​ឲ្យ​ព្រះ​មហា​ក្សត្រ​យាង​ទៅ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូងនោះ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា នេះគ្រាន់​តែ​ជានិន្នាការ​ប្រឆាំង ​ដែល​មិនអាច​មាន​ប្រសិទ្ធ​ភាព​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ