អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក​ មឿន​ តុលា​ ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ថា​បាត់​បច្ច័យ​បុណ្យ​ លោក​ កែម​ ឡី​

នៅទីបំផុត​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​លើក​លែង​ ការ​​ចោទ​​ប្រកាន់​​ទៅ​លើ​​ លោក​ មឿន​ តុលា​ នាយក​​អង្គការ​​សម្ព័ន្ធភាព​​ការងារ​ និង​​សិទ្ធិ​​មនុស្ស​ ហៅកាត់​ថា ​សង់ត្រាល់​ បន្ទាប់​ពី​​រង​​ការ​​ចោទ​ប្រកាន់​ថា ​​ធ្វើ​​ឲ្យ​​បាត់​​លុយ​​បច្ច័យ​​បុណ្យ​សព​ លោក​ កែម​ ឡី​។​នេះ​បើ​តាម​​សេចក្តី​​ប្រកាស​​របស់​​ក្រសួង​​ការងារ​នៅថ្ងៃនេះ​។​ ប៉ុន្តែ​ លោក​ មឿន ​តុលា ​ក៏​ចង់​​ឃើញ​​តុលាការ​​ទម្លាក់​ចោល​​ការ​​ចោទ​​ប្រកាន់​​ទៅ​លើ ​​លោក​ ប៉ា ​ងួនទៀង ​និង​​ព្រះតេជ​គុណ ​ប៊ុត​ ប៊ុន​ទិញ​ ក្នុង​​សំណុំ​រឿងនេះ​ផង​ដែរ​។​

លោក មឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
លោក មឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស @RFI
ផ្សាយពាណិជ្ជកម្ម

លោក មឿន តុលា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIពីក្រៅប្រទេសមកថា លោក​សារទ​ចំពោះ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់នេះដោយ​ចាត់​ទុកថា បានផ្តល់​យុត្តិធម៌​សម្រាប់​រូបលោក។ តែទោះជាយ៉ាងណា​នេះគ្រាន់តែជាលិខិត​របស់​ក្រសួងការងារប៉ុណ្ណោះ ហើយ​សម្រាប់​លោក មឿន តុលា លោកចង់​ឃើញ​មានលិខិត​ផ្លូវការពី​តុលាការ​ ដោយទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូបលោក ក៏ដូចជា លោក ប៉ា ងួនទៀង និង​ព្រះតេជគុណ ប៊ុត ប៊ុនទិញ ផងដែរ។

នៅក្នុង​សេចក្តី​ប្រកាសមួយនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨នេះ ក្រសួងការងារបាន​អះអាងថា ដើម្បី​ធានាសិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ រដ្ឋាភិបាលកម្ពុជា បាន​ចាត់​វិធានការ​តាម​នីតិ​វិធី​តុលា​ការ​​ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក មឿន តុលា ពីបទរំលោភ​លើ​ទំនុកចិត្ត។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីលោក លី សុផាន់ណា អ្នកនាំពាក្យ​ សាលាដំបូងរាជធានីភ្នំពេញនៅឡើយ។

សូមបញ្ជាក់ថា លោក មឿន តុលា នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោកប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) និង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ​ត្រូវរង​បណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដោយ​ចោទ​ថា​ធ្វើ​ឲ្យ​បាត់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ។ បច្ចុប្បន្ន អ្នកទាំង៣កំពុងស្ថិតនៅ​ក្រៅប្រទេស។

ប៉ុន្តែអតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ក៏ធ្លាប់បាន​លើក​ឡើង​ថា គណៈកម្មការបុណ្យ បាន​ត្រឹមតែ​ជួយ​ផ្នែក​បច្ចេកទេស និង​សកម្មភាព​ទូទៅ មិន​មាន​តួនា​ទី​កាន់​លុយ​បុណ្យនោះ​ទេ ហើយ​រាល់​បច្ច័យ​ទាំងអស់​ត្រូវ​កាន់​កាប់​ដោយ​ម្ចាស់​ដើម​បុណ្យ និង​បញ្ចូល​ផ្ទាល់​ទៅកាន់​គណនី​ធនាគារ​របស់​ភរិយា​នៃ​សព​លោក កែម ឡី។ ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏ធ្លាប់​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ពុំ​មាន​ការ​បាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ