ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT
កម្ពុជា

គ.ជ.ប ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ថា​ ការ​ចេញ​ទៅ​បោះឆ្នោត​គឺ​ជា​សិទ្ធិ​ពលរដ្ឋ

media រូបភាព៖ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅ​ក្នុង​ឱកាស​ចុះ​ពន្យល់​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​០៦​មិថុនា​ឆ្នាំ​២០១៨ @FB/NEC

គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ.ជ.ប​ នៅ​ថ្ងៃ​ទី​៧​មិថុនា​ម្សិលមិញ បាន​គូស​បញ្ជាក់​​ជា​ថ្មី​ថា ការ​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​គឺ​សិទ្ធិ​ស្រប​ច្បាប់​រប​ស់​ពលរដ្ឋ។ តែ​សម្រាប់ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់​ទង​ការ​បោះឆ្នោត​មើល​ឃើញ​ថា​សកម្ម​ភាព​​របស់ គ.ជ.ប ធ្វើ​ឡើង​ដោយ​ខ្លាច​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ការ​ថយ​ចុះ។

«៥​ឆ្នាំ​ម្ដង ការ​ចេញ​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ពល​រដ្ឋ ដូច​នេះ​ពលរដ្ឋ​ត្រូវ​ចេះ ប្រើ​សិទ្ធិ និង​អំណាច​របស់​ខ្លួន»។ នេះ​គឺ​ជា​ការ​ឡើង​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប នៅ​ថ្ងៃ​ទី​៦​មិថុនា ក្នុង​ខេត្តកំពង់ចាម​។ ខេត្ត​កំពង់​ចាម​​គឺ​ជា​គោល​ដៅ​ទី៤​ដែល ​គ.ជ.ប ចុះ​ទៅ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ដំណើ​ការ​បោះឆ្នោត​បន្ទាប់​ពី​ខេត្ត​តាកែវ ព្រៃវែង និងភ្នំពេញ។

នៅ​ចំពោះ​មុខ សិស្ស និស្សិត និង​គ្រូ​បង្រៀន​ប្រមាណ​១៨០០​នាក់​ក្នុង​ខេត្ត​កំពង់ចាម លោក ស៊ិក ប៊ុនហុក គូស​បញ្ជាក់​ថា អំណាច​នៃ​ការ​ដឹក​នាំ​ប្រទេស មិន​មែន​បាន​មក​ដោយ​​ឯក​ឯង​ទេ ​គឺ​កើត​ឡើង​ពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាមរយៈ​ពលរដ្ឋ​ដែល​ម្ចាស់​អំណាច។

ជា​ការ​កត់​សម្គាល់ ការ​ចុះ​ទៅ​បញ្ជ្រាប​អំពី​ដំណើរ​ការ​បោះឆ្នោត​ដល់​ពលរដ្ឋ នៅ​តាម​បណ្ដា​ល​ខេត្ត​ជា​បន្តបន្ទាប់ ពី​សំណាក់​ប្រធាន គ.ជ.ប តែ​ម្ដង​នេះ ធ្វើ​ឡើង​ចំ​ពេល​មន្ត្រីនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ ការ​រៀប​ចំ​ដំណើ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​ថា ​ក្លែងក្លាយ និង​ស្រប​ពេល​លោក សម រង្ស៊ី បន្ត​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។

ទន្ទឹម​នឹង​នេះ​លោក សម គន្ធាមី ប្រធាន​អង្គការ​និចហ្វិក​ដែល​ធ្វើ​ការងារ​ទាក់ទង​ការបោះ​ឆ្នោត​មើល​ឃើញ​ថា គ.ជ.ប​ មាន​ភាព​សកម្ម​ជាង​អាណត្តិ​មុនៗ​នៅ​ក្នុង​ការ​ចុះ​ទៅពន្យល់​ពលរដ្ឋ​ពី​ដំណើរ​ការ​បោះឆ្នោត​ដល់​មូលដ្ឋាន។ តែ​យ៉ាង​ណា​ក៏​ដោយ​សកម្មភាពនេះ​លោក សម គន្ធាមី យល់ថា ពលរដ្ឋ​មាន​ការ​យល់​ដឹង​រួច​ទៅ​ហើយ​អំពី​សិទ្ធ​បោះឆ្នោត។ ប៉ុន្តែ​លោកថា គ.ជ.ប​ទៅ​វិញ​ទេ ដែល​បារម្ភ​ខ្លាច​អត្រា​អ្នក​ទៅ​បោះ​ឆ្នោត​មាន​ការថយ​ចុះ។

ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​ណា​ក៏​ដោយ គ.ជ.ប នៅ​តែ​បន្ត​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧​មិថុនា​ថា ខ្លួន​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ ឥត​លម្អៀង ។ ហើយ​ការងារ​របស់​ខ្លួន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​គាប​សង្កត់ ឬ​បង្គាប់​បញ្ជាពី​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ​ឡើយ៕

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ