អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ទាត់​ចោល​សំណើ​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋ​មន្ត្រី​ផុត​អាណត្តិ​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​ទាត់​ចោល​សំណើ​របស់​លោក លឺ ឡាយ​ស្រេង អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វុន​ស៊ិន​ប៉ិច ដែល​ចង់​ឲ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រីផុត​អាណត្តិ។ លោក​ហ៊ុន សែន​ចាត់​ទុក​ថា សំណើ​ច្បាប់​នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់​ធ្ងរ ដល់​គណបក្សប្រជាជន​កម្ពុជា​ ដែល​បង្ហាញ​ថា បក្ស​កាន់​អំណាច កំពុង​ត្រៀម​ចាញ់ និង​បក្ស​ប្រឆាំង កំពុង​ត្រៀមត្របាក់​យក​ជ័យ​ជំនះ​ ខណៈ​បក្ស​ប្រឆាំង កំពុង​ចាញ់​យ៉ាង​ពិត​ប្រាកដ​ក្រោម​ស្នាដៃ​របស់​បក្ស​ប្រជាជន​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសប្រជុំគណរដ្ឋមន្រ្តីនាពេលកន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសប្រជុំគណរដ្ឋមន្រ្តីនាពេលកន្លងទៅ។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និត​នឹង​រដ្ឋាភិបាល​ថា​ សំណើ​ចង់​ឲ្យមាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្រ្តី​ដ៏ស្មោក​គ្រោក​បែប​នេះ លោក​ធ្លាប់​បាន​ទទួល​រួច​ហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ លោក​នាយករដ្ឋ​មន្ត្រី បាន​រិះ​គន់​ទៀត​ថា ការ​ស្នើ​ចង់​បង្កើត​ច្បាប់​នេះ​ជា​ឧបាយកលទុច្ចរិត​ឲ្យ​ប្រជាជន​មើល​ឃើញ​ដោយ​ច្រឡំ​ថា នាយក​រដ្ឋ​មន្ត្រី ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​បច្ចុប្បន្ន បាននឹង​កំពុង​ធ្វើ​ខុស​អ្វី​មួយ​យ៉ាង​ធ្ងន់​ធ្ងរ ទើប​ចង់​ឲ្យ​មាន​ច្បាប់​បែប​នេះ ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជនកម្ពុជា​ បាន​នឹង​កំពុង​កសាង​ស្នា​ដៃ​ធំៗ​ជា​ច្រើន​ជា​ប្រវត្តិសាស្ត្រ សម្រាប់​មាតុភូមិ​។

មិន​ខុស​គ្នា​ដែរ លោក​បណ្ឌិត​សុខទូច អ្នក​តាម​ដាន​បញ្ហា​សង្គម និង​នយោបាយ អះ​អាង​ថា ច្បាប់ការពារ​នាយករដ្ឋ​មន្រ្តី​ មិន​គួរ​កើត​មាន​ឡើង​នោះ​ទេ​។ មិន​គួរ​កើត​មាន​ឡើង ព្រោះ​ថា ច្បាប់​នេះ ​នឹង​ធ្វើឲ្យ​នាយករដ្ឋមន្រ្តី​លែង​ខ្លាច​ប្រព្រឹត្តិ​ខុស ដោយ​សារ​តែ​មាន​អភ័យ​ឯកសិទ្ធ​ការពារ​បើ​ទោះ​បី​ជា​បញ្ចប់អាណត្តិ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វុន​ស៊ិន​ប៉ិច កាល​ពី​ថ្ងៃទី​១៥ កក្កដា បាន​ផ្ញើ​លិខិត​ចំហ​ពីរ​ដាច់​ដោយ​ឡែក ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​ស្នើ​ទៅ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្រ្តី​គ្រប់​រូប ដែល​ផុត​អាណត្តិ​។ នៅ​ក្នុង​លិខិត​ចំហ ពន្យល់​ថា ច្បាប់​នេះ គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គុណបំណាច់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ក្នុង​អាណត្តិ​របស់​ខ្លួន​កន្លង​មក និង​ដើម្បី​រក្សា​សន្តិភាព​ជូន​ប្រទេស​ជាតិឲ្យ​បាន​ស្ថិត​ស្ថេរ​ជា​និរន្តរ៍​។

ជា​ការ​កត់​សម្គាល់ ការ​ចេញ​មុខ​ស្នើ​របស់​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង នា​ពេល​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពីគម្រោង​រៀប​ចំ​ច្បាប់​ការពារ​នាយក​រដ្ឋ​មន្ត្រី បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ