អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន​ សែន​ ថា​នឹង​យក​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ា​រីស​ទៅ​បក​ស្រាយ​នៅ​ស្វីស​ចំ​ថ្ងៃ​២៣​តុលា​

មុន​ពេល​ដែល​កម្ពុជា​រំឭក​ខួប​លើក​ទី​២៧​ឆ្នាំ​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ លោក​ ហ៊ុន​ សែន​ អះ​អាង​ថា ​លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​បក​ស្រាយ​នៅទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​ចំ​ថ្ងៃ ​២៣​ តុលា​។​ ការ​លើក​ឡើង​ដូច្នេះ​គឺ ​ខណៈ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ នឹង​ទៅ​ចូល​រួម​ សន្និសីទ​អង្គការ​សហ​ប្រជា​ជាតិ ​ស្តីពី​ពាណិជ្ជ​កម្ម​និង​ការ​អភិវឌ្ឍ ​នៃវេទិ​កា​វិនិ​យោគ​ពិភព​លោក​ឆ្នាំ ​២០១៨​ ចាប់​ពី​ថ្ងៃទី​ ២២​ ដល់​ទី​ ២៤​ ខែ​តុលា ​ឆ្នាំ ​២០១៨​ នៅប្រទេស​ស្វីស​។​

ភាគីខ្មែរនៅក្នុង​សន្និសីទ​ក្រុង​ប៉ារីសឆ្នាំ១៩៩១
ភាគីខ្មែរនៅក្នុង​សន្និសីទ​ក្រុង​ប៉ារីសឆ្នាំ១៩៩១ @RFI
ផ្សាយពាណិជ្ជកម្ម

លោក ​ហ៊ុន​ សែន​ អះអាង​ថា ​លោក​គឺ​ជា​អ្នក​ដឹក​នាំ​តាក់​តែង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស និង​ជាអ្នក​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ផ្ទាល់​ដៃ​។​ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ខ្មែរ​នៅគ្រា​នោះ យល់​ព្រម​បញ្ចប់​ជម្លោះ​នឹង​ខ្មែរ​គ្នា​ឯង​។ ​ជា​មួយ​គ្នា​នោះ ​លោក ​ហ៊ុន​ សែន​ បាន​ចំអក​ឲ្យ​អ្នកដែល​ធ្លាប់​បក​ស្រាយ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​កន្លង​មក​ ថា​មិន​ដឹង​កិច្ច​ព្រម​ព្រៀង​នេះ​បែរមុខ​ទៅ​ណា​នោះ​ទេ​។​ លើស​ពី​នេះ​ទៀត ​លោក ​ហ៊ុន ​សែន​ អះ​អាង​ថា ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​គឺ​ជា​មរតក​របស់​លោក​ ក្នុង​ចំណោម​មរតក​ជា​ច្រើន​ទៀត ​រួមមាន ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៩​ និង​ការ​ចរចា​​បញ្ចប់​សង្រ្គាម​ស៊ីវិល​បាន​ទាំង​ស្រុង​ជា​មួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៩៨​។​

ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិ​បាល​ខ្មែរ​បែប​នេះ ​គឺ​ក្នុង​ពិធី​សំណេះ​សំណាល​ ជា​មួយ​ប្រជា​ពលរដ្ឋខ្មែរ​ ដែល​កំពុង​សិក្សា​ និង​រស់​នៅ ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​នាទី​ក្រុង ប្រ៊ុច​សែល ​ប្រទេស​ប៊ែលហ្សិក​ កាល​ពីថ្ងៃ​ទី​១៩ ​ខែតុលា​ ខណៈ​លោក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-​អឺរ៉ុប​។​

ជា​ការ​កត់​សំគាល់ ​បញ្ហា​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នេះ ​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​ យក​មក​បក​ស្រាយ​ជា​ថ្មី​ទៀត នៅ​ពេល​ដែល​មាន​ការ​​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ​។​ សម្រាប់​គណបក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​មួយ​ចំនួន​ ការ​រំលាយ​គណ​បក្ស​សង្រ្គោះជាតិ​ គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​និង​រំលោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។ ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដែល​មាន​ខ្លឹម​សារ​ធានា​ពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ពហុ​បក្ស​ នៅ​កម្ពុជា​។​

​ដោយ​សំអាង​លើ​ខ្លឹម​សារ​នេះ ​អ្នក​នយោបាយ​នៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ ​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស កោះ​ប្រជុំ​ឡើង​វិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។​ ប៉ុន្តែ​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា ​អះអាងថា​ មិន​អាច​ធ្វើទៅរួច​នោះ​ឡើយ ​ដោយសារ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ត្រូវ​បាន​បញ្ចូល​អស់​ហើយទៅ​ក្នុង​ខ្លឹម​សារ​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ