អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រោយ​ការ​តវ៉ា៖ អាជីវករ​ខ្មែរ​យល់​ព្រម​តាម​ការ​ដំឡើង​ថ្លៃ​ពន្ធ​ត្រី​នាំ​ចូល​ទៅ​ថៃ​តាម​ការកំណត់

គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ ស្ថានភាព​ទូទៅ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​កម្ពុជា ថៃ គឺមាន​សភាព​ស្ងប់​ស្ងាត់ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ប្រមាណ​ជា​ពីរ​ថ្ងៃ​មក​ហើយ របស់​អាជីវករ​ខ្មែរលើ​ការ​ដំឡើង​ថ្លៃ​ពន្ធ​ត្រី​ដែល​នាំ​ចូល​ទៅ​ថៃ។ មុន​ផ្ទុះ​ការ​តវ៉ា​ត្រី​នាំ​ចូល​ទៅ​ថៃ​មួយគីឡូ​ក្រាម​គិត​ថ្លៃ​ពន្ធ​ក្រោម​១២​បាត​មាន​តម្លៃ​ស្មើ​នឹង​៥០០​ទៅ​៦០០​រៀល។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​១មីនា​ត​ទៅ ភាគី​ថៃ​សម្រេច​ដំឡើង​ពន្ធ​ត្រី​នាំ​ចូល​ពី​កម្ពុជា​ក្នុង​តម្លៃ​១២​បាត​មាន​តម្លៃ​ស្មើនឹង​១៤០០​ទៅ​១៥០០​រៀល។ បើ​តាម​អាជ្ញាធរ​កម្ពុជា​អាជីវករខ្មែរ​បាន​ឯកភាព​លើ​តម្លៃពន្ធ​ថ្មី​នេះ។

រូបថតៈទាញ​ចេញ​ពី​កាសែត​កោះ​សន្តិភាព​គឺ​​ជា​សកម្មភាព​អាជីវករ​ខ្មែរ​ក្រោយ​ថៃ​ដំឡើង​ពន្ធ​ត្រី​នាំ​ចូល
រូបថតៈទាញ​ចេញ​ពី​កាសែត​កោះ​សន្តិភាព​គឺ​​ជា​សកម្មភាព​អាជីវករ​ខ្មែរ​ក្រោយ​ថៃ​ដំឡើង​ពន្ធ​ត្រី​នាំ​ចូល @kohsantepheap
ផ្សាយពាណិជ្ជកម្ម

លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត​បាន​គូស​បញ្ជាក់​ថា ពី​មុខ​មក​ការ​នាំ​ចូលត្រី​ទៅ​លក់​នៅ​ថៃ​គឺ​ស្ថិត​នៅ​ក្នុង​អត្រាពន្ធ​មួយ​មិន​ប្រាកដ​ប្រជា ពោល​គឺ​ស្ថិត​នៅ​ក្រោមតម្លៃ​១២​បាត​ក្នុង​មួយ​គីឡូ​ក្រាម​ដែល​មាន​តម្លៃ​ស្មើ​នឹង​៥០០​ទៅ​៦០០រៀល។ លោក ង៉ោ ម៉េងជ្រួន បន្ថែមថា អត្រា​ពន្ធ​១២​បាត​សម្រាប់​ការ​នាំ​ចូល​ត្រី​ទៅ​ថៃ​នេះ គឺ​មាន​យូរ​មកហើយ​មិន​មែន​នៅ​សុខៗ​ថៃ​នឹក​ឃើញ​ដំឡើង​ពន្ធ​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​តែ​មាន​ការយោគយល់​រវាង​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ទើប​ថៃ​អនុគ្រោះ​ចំពោះ​តម្លៃ​ពន្ធ​នៃ​ការ​នាំ​ចូលត្រី​ទៅ​ថៃ​នា​ពេល​កន្លង​មក។

ប៉ុន្តែ​យ៉ាងណាក៏ដោយ តាម​រយៈ​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ នៅ​ក្នុង​ការ​រក​ដំណោះស្រាយជូន​អាជីវករ​ខ្មែរ​ជាមួយ​ភាគី​ថៃ​នោះ កម្ពុជា​បាន​ស្នើ​ទៅ​ថៃ​ឲ្យ​ធ្វើ​យ៉ាង​ណា​ជូន​ដំណឹង​ជាមុន​មក​អាជ្ញាធរ​ខ្មែរ​ដើម្បី​ចរចា​ជាមួយ​អាជីវករ ចំពោះ​ការ​ដំឡើង​ពន្ធ​តម្លៃ​ត្រី​នេះ ដោយមិន​មែន​ធ្វើ​ឡើង​ជា​លក្ខណៈ​បន្ទាន់​បែប​នេះ​ទេ។  

ដោយ​ឡែក​សម្រាប់​លោក ស៊ុម ចាន់គា មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុកប្រចាំ​ខេត្ត​បន្ទាយមានជ័យ​មើល​ឃើញ​ថា ការ​ចរចា​របស់​អាជ្ញាធរ​ជាមួយ​ភាគី​ថៃ​គឺ​ទទួលបាន​ដំណោះ​ស្រាយ​មួយ​មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​សម្រាប់​អាជីវករ​ខ្មែរ។ លោកថា ការ​ពន្យា​ពេល​នៃ​ការអនុវត្ត​អត្រា​ពន្ធ​ថ្មី​រហូត​ដល់​ថ្ងៃ​ទី​១​មីនា​គឺ​ដើម្បី​តែ​ទប់ស្កាត់​កុំ​ឲ្យ​អាជីវករ​ខ្មែរ​បន្ត​ធ្វើ​ការ​តវ៉ា​ទៀត​តែ​ប៉ុណ្ណោះ។

លោកចាន់គា បង្ហាញ​ក្ដី​ព្រួយ​បារម្ភ ខ្លាច​មាន​ការ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១​មីនា​នៅ​ពេលអត្រា​ពន្ធ​ថ្មី​ចាប់​អនុវត្ត​ហើយ​អាជីវករ​ខ្មែរ​នៅ​តែ​មិន​អាច​ទទួល​យក​បាន។ សម្រាប់លោក គួរ​តែ​មាន​ចរចា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រវាង ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ថៃ ឬ ត្រឹម​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ទើប​អាច​ទប់​ទល់​ស្ថានការណ៍​បាន​។​

លោក ស៊ុម ចាន់គា បង្ហាញ​មូល​ហេតុ​ផ្សេង​ពី​អាជ្ញាធរ​ដែល​នាំ​ឲ្យ​ថៃ​ដំឡើង​ពន្ធ​ត្រី​គឺដោយ​សារ​តែ​ថៃ​គិត​ទៅ​លើ​គុណភាព​ត្រី​ថា តើ​ជា​ត្រី​ទឹក​សាប​របស់​ខ្មែរ​ពិត​ឬ​ក៏​នាំ​បន្ត​ពីវៀតណាម។ បើតាម​លោក​ចាន់គា ពី​មុន​ថៃ​ពិនិត្យ​ឃើញ​ថា ត្រី​កម្ពុជា​ការ​ដំឡើង​ពន្ធស្ថិត​នៅ​ក្នុង​តម្លៃ​ផ្សេង តែ​ប្រសិន​បើ​ត្រី​នាំ​បន្ត​ពី​វៀតណាម​គឺ​តម្លៃ​ពន្ធ​នាំ​ចូល​គឺ​ខ្ពស់។ ប៉ុន្តែ​ដោយ​ឡែក​បើ​តាម​អាជ្ញាធរ​ថៃ​មូល​ហេតុ​នៃ​ការ​ដំឡើង​ពន្ធ​គឺ​ដោយ​សារ​ត្រី​ខ្មែរ​កំពុងវាយ​លុក​ខ្លាំង​នៅ​ទី​ផ្សារ​ប្រទេស​ថៃ។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ​ ក្រុម​អា​ជីវករ​ខ្មែរ​ជាច្រើន​នាក់ បាននាំគ្នា​យក​រទេះដឹក​ត្រី មក​បិទផ្លូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​រារាំង​មិន​ឲ្យ​ភាគី​ថៃ​ នាំ​ទំនិញ​ចូលមក​កម្ពុជា​​។  មុនមួយថ្ងៃក្រុមអាជីវករ​ក៏បាន​ចាក់​ត្រី​ជិត​៣០០​គីឡូក្រាម នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ នៅច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​តវ៉ាប្រឆាំងនឹង​គោលនយោបាយ​ដំឡើង​ពន្ធ​ថ្មី​របស់​អាជ្ញាធរ​ថៃ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ