ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

លោកស្រី​ ជូ ​ប៊ុនអេង​៖ ​ការ​ពពោះ​ជំនួស​ដោយ​លាក់​លៀម​ត្រូវ​បាន​ចាត់​ចូល​ជា​បទ​ល្មើស​ ក្រោយ​ថ្ងៃ​៨​មករា​ឆ្នាំ​២០១៧​

media ស្រ្តីដែលពពោះជំនួសហើយសមត្ថកិច្ចចុះឃាត់ខ្លួនកន្លងមក @Camnews

លោកស្រី ​ជូ​ ប៊ុនអេង​ អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​គូស​បញ្ជាក់ថា​ ការ​ពពោះ​ជំនួស​ដោយ​លាក់​លៀម​ត្រូវ​បាន​ចាត់​ចូល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៧​។​ ការ​បញ្ជាក់​របស់​លោកស្រី​ គឺ​ដោយ​សារ​តែ​នៅពេល​ថ្មីៗ​នេះ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រីខ្មែរ​ចំនួន​១៣​នាក់​ទៀត ​ដែល​រង​ការ​ចោទថា ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​។

លោកស្រី ​ជូ ​ប៊ុនអេង​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃ​អាទិត្យ​នេះ​ថា ​កាល​ពី​មុន​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​យោគ​យល់​ដោយ​ផ្តល់​ឱកាស​ដល់​ស្រ្តី​ដែល​ពពោះ​ជំនួស មក​ធ្វើ​កិច្ច​សន្យា និង​សហការ​ជាមួយ​តុលាការ​។​ ប៉ុន្តែ​លោកស្រី​កត់​សំគាល់​ថា ​មិន​មាន​ស្រ្តី​ពពោះ​ជំនួស​មក​បង្ហាញ​ខ្លួន​ដូច​ដែល​អាជ្ញាធរ​ចង់​បាន​ទេ​តែ​ករណី​ពពោះ​ជំនួសនេះ​នៅ​តែ​កើត​មាន​ទើប​សម្ថកិច្ច​ចុះ​ឃាត់​ខ្លួន​បញ្ជួន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​នៅពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​នេះ ​កម្លាំង​នគរបាល​បានឆ្មក់​ចូល​ផ្ទះមួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ​ ហើយ​ឃាត់​ខ្លួន​ស្ត្រី​ស៊ីឈ្នួល​ ពពោះ​ជំនួស​ចំនួន​១៣នាក់​។​ លើសពីនេះទៀត​ សាលា​ដំបូង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ​ឆ្នាំ​២០១៨​ បាន​សម្រេច​ចោទ​ប្រកាន់​ស្រ្តីស៊ី​ឈ្នួល​ពពោះជំនួស​៣២នាក់​ ដោយចោទ​ពី «ការជួញដូរមនុស្សដោយឆ្លងដែន» ​តាមមាត្រា ​១៦​ នៃ​ច្បាប់​ស្តីពីការ​បង្រ្កាប​ការ​ជួញ​ដូរមនុស្ស​ និង​អំពើធ្វើ​អាជីវកម្ម​។​

លោកស្រី ​ជូ ប៊ុនអេង​ អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា បានឲ្យដឹងថា អ្នកដែលជួលឲ្យស្រ្តីខ្មែរពពោះជំនួសនោះ គឺសុទ្ធតែជាជនបរទេសដែលត្រូវយកទារក​ឆ្លងដែន ហើយ​ក្នុងនោះក៏មានជនជាតិចិនផងដែរ។

លោកស្រី ចាត់ទុកករណីនេះថា មានធាតុផ្សំ​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់ថា​ នាំមនុស្ស​ឆ្លង​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់​ស្តីពីការបង្រ្កាបការជួញដូរមនុស្ស​​​ និងអំពើធ្វើអាជីវកម្ម បន្ទាប់​មានការពពោះដោយ​លាក់​លៀម ខណៈ​ច្បាប់​ស្តីពី​ការ​ពពោះជំនួស​កំពុង​តែ​ព្រាង​នៅឡើយ។

នៅពេលសួរថា​តើទារក​នៅក្នុង​ផ្ទៃរបស់​ស្រ្តី​ខ្មែរ​ដែលពពោះជំនួសនោះ ជាកូន​របស់​ភាគីដែល​ជួល​ឬយ៉ាងណា លោកស្រី ជូ ប៊ុនអេង ក៏មិន​ដឹង​ច្បាស់​ដែរ​ ដោយ​គ្រាន់​តែ​ដឹងថា ទារកដែល​គេ​ចាត់​ទុកថាជាជនរងគ្រោះ គឺបង្ក​កំណើត​តាម​បែប​វិទ្យាសាស្ត្រ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ