អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​លទ្ធភាព​លើ​គម្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ទោស​សហគមន៍

ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​លទ្ធភាព លើ​គម្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ទោស​សហគមន៍ជា​លើក​ដំបូង​នៅ​កម្ពុជា។ នេះ​ជា​គម្រោង​សំខាន់​មួយ​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ខណៈ​បច្ចុប្បន្ន​នេះ ពន្ធនាគារ​នៅ​កម្ពុជា​មាន​ភាព​កកស្ទះ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទោស។ អ្វី​ទៅ​ជា​ការ​អនុវត្ត​ទោស​សហគមន៍?  

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

មែន​ទែន​ទៅ​ការ​អនុវត្ត​ទោស​សហគមន៍​នេះ​មាន​ចែង​រួច​ទៅ​ហើយ​នៅ​ក្នុង​បញ្ញត្តិ​នៃក្រម​ព្រហ្ម​ទណ្ឌ​របស់​កម្ពុជា។ ការ​អនុវត្ត​ទោស​សហគមន៍​គឺ​ស្ថិត​នៅ​ក្នុង​រូប​ភាព​មួយដែល​ទណ្ឌិត​ចេញ​មក​ធ្វើ​ការ​នៅ​សហគមន៍​ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន។

តើ​បទ​ល្មើស​ប្រភេទ​ណា​ដែល​ទណ្ឌិត​អាច​អនុវត្ត​ទោស​សហគមន៍​បាន លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​បញ្ជាក់​បាន​ទេ ព្រោះ​គម្រោង​នៅ​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង។ តែ​លោក​បង្ហើប​ថា វា​អាស្រ័យ​ទៅ​លើ​កម្រិត​វប្បធម៌​របស់​ទណ្ឌិត​គាត់​មាន​បំណង​ចង់​ចូល​រួម​ចំណែក​កសាង​សហគមន៍​ដែរ​ទេ? សំខាន់​ទៀត​នោះ គឺ​អត្តចរឹក​របស់​ទណ្ឌិត​ជា​មនុស្ស​ប្រភេទ​ណា?

ត្បិត​តែ​មិន​ទាន់​ដឹង​ថា គម្រោង​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​ទោស​សហគមន៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃណា​ក៏​ដោយ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​គូស​បញ្ជាក់​ថា គម្រោង​នេះ​គឺ​ធ្វើ​ឡើងដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ខ្លាំង​មែន​ទែន។ ហើយ​វា​ក៏​ទំនង​ជា​ប្រើ​ពេល​វេលា​យូរ​ទៀតដើម្បី​ឲ្យ​គម្រោង​នេះ​ចេញ។

ដោយឡែក បន្ថែម​ពី​លើ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ គុណ​សម្បត្តិនៃ​គម្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ទោស​សហគមន៍​គឺ អាច​ទាញ​យក​ចំណេះ​ដឹង​ពី​ទណ្ឌិតទៅ​បំរើ​ក្នុង​សហគមន៍។ នេះ​ក្នុង​ករណី​ដែល​ទណ្ឌិត​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​អាចប្រើ​ការ​បាន​នៅ​ក្នុង​សហគមន៍។​

ចំពោះ​គុណវិបត្តិ​វិញ ប្រជាពលរដ្ឋ​ទូទៅ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ជុំវិញ​ការ​អនុវត្តច្បាប់​របស់​តុលាការ និង​សមត្ថកិច្ច​ថា តើ​ហេតុ​អ្វី​ទណ្ឌិត​រូប​នោះ​ធ្វើ​ខុស​ហើយ​នៅ​ឡើយ​បណ្ដោ​យ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៀត។ ចំងល់​ដែល​គ្មាន​ការ​បក់​ស្រាយ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការសម្លាប់​មនុស្ស​​ក្រៅ​ប្រព័ន្ធ​តុលាការ​តាម​រយៈ​ការ​ញុះ​ញុង និង​អុជ​អាល។

សូមបញ្ជាក់ថា ជំហរ​នៃ​គម្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ទោស​សហគមន៍​នេះ​ក្រសួងយុត្តិធម៌​ក៏​បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៏​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់ពី លោក​ស្រី​បង្ហាញ​កង្វល់នៃ​ភាព​ចង្អៀត​ណែន​នៃ​ចំនួន​អ្នក​ទោស​នៅ​កម្ពុជា។ លោក​ស្រី​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារដែរ។

បច្ចុប្បន្ន​ដំណោះ​ស្រាយ​នៃ​ការ​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​គឺ​ពង្រីក​ទំហំ និង​កសាង​​ពន្ធនាគារ​បន្ថែម។ ឥលូវ​ពន្ធនាគារ​នៅ​កម្ពុជា​មាន​ចំនួន​មិន​ដល់​១០​ផង​ទេ​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ចំនួន​អ្នក​ទោស​នៅ​ទូទាំង​មាន​ចំនួន​ជិត​២ម៉ឺន​នាក់។ ក្នុង​ចំនួន​នេះ អ្នក​ទោស​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ចំនួន​ច្រើនជាងគេ រហូត​ជាង​៧០​ភាគរយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ