អានតួអត្ថបទ
កម្ពុជា-អប់រំ

ទិវាអំណាន៖ រដ្ឋមន្ត្រី​អប់រំ​បន្ត​ជំរុញ​ការ​អាន​ឲ្យ​កាន់​តែផុស​ផុល​នៅ​ទូទាំង​ប្រទេស

ក្រសួង​អប់រំ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​រៀបចំ​ទិវា​អំណាន​លើក​ទី៣​ក្រោម​ប្រធាន​ប​ទ«​អំណាន​​គឺ​ជា​កំណប់​វិជ្ជា​មហាសាល»នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាសនេះ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​អាន​ឲ្យ​កាន់​តែផុស​ផុល​នៅ​ទូទាំង​ប្រទេស។ ការ​បន្ត​ជំរុញ​ដោយ​សារ​ក្រសួង​មើល​ឃើញ​ថា ការ​អាននៅ​មិន​ឆ្លើយ​តាម​ការ​ចង់​បាន។

រូបភាពៈ គណៈ​ប្រតិភូ​ចូល​រួម​ទិវា​អំណាន​នៅ​ថ្ងៃ​ទី​១១​មីនា​ឆ្នាំ​២០១៨
រូបភាពៈ គណៈ​ប្រតិភូ​ចូល​រួម​ទិវា​អំណាន​នៅ​ថ្ងៃ​ទី​១១​មីនា​ឆ្នាំ​២០១៨ @ក្រសួងអប់រំ
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួងអប់រំ​លោក ហង់ ជួនណារ៉ុន បាន​គូស​បញ្ជាក់​ថា ក្រសួង​នឹង​ជំរុញ​ទៅ​ពល​រដ្ឋ​ខ្មែរ ជា​ពិសេស​សិស្សានុសិស្ស ឲ្យ​បង្កើត​ឲ្យ​មាន​វប្បធម៌​នៃ​ការ​អាន​នៅ​ទូទាំងប្រទេស​ព្រោះ​ថា អំណាន​គឺជា​កំណប់​វិជ្ជា​មហាសាល។ ក្នុង​ន័យ​នេះ លោក​មើល​ឃើញថា ការ​អាន​នៅ​មិន​ទាន់​ឆ្លើយ​តប​ការ​ចង់​បាន​នៅ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ។

ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្ដ្រី​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ក្រសួង​អប់រំ​រៀបចំ​កម្មវិធី​អបអរ​សាទរ​ទិវា​អំណាន​ជាតិ នា​ថ្ងៃ​អាទិត្យ​នេះ ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​។ លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏​បាន​ទទួល​ស្គាល់​ថា​ ប្រទេស​មួយ​រីក​ចំរើន​ទៅបាន​គឺ​អាស្រ័យ​ទៅ​លើ​ការ​លើក​តម្កើង​ស្នាដៃ​អ្នក​និពន្ធ។ ចំណែក​លោក​ស្រី ម៉ែន សំអន រដ្ឋ​មន្ត្រី​ទំនាក់​ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​ជា​តំណាង​លោកនាយករដ្ឋ ហ៊ុន សែន បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​នាំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្លេច​ការ​អាន។

ជា​ការ​កត់​សម្គាល់ ទិវា​អំណាន​លើក​ទី៣​នេះ រៀបចំ​ឡើង​មួយ​ថ្ងៃ​ពេញ​នៅ​វិទ្យា​បច្ចេក​វិទ្យា​កម្ពុជា ឬ​សាលា​តិច​ណូ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​៤ពាន់​នាក់។ ក្នុង​នោះ​មាន​ការ​ចូលរួម​ពី​អ្នក​និពន្ធ​មក​ធ្វើ​ជា​វា​គ្មិន​នៅ​ក្នុង​បទ​បឋក​ថា​នានា។ ហើយ​នៅ​ខាងក្រៅ​មាន​ស្តង់​តាំង​ពិព័ណ៌​សៀវភៅ​ផង​ដែរ។ ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការប្រកួត​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ។ ម្ចាស់​ជ័យ​លាភី​ចំនួន​៩រូប​ដែល​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ បាន​បង្ហាញ​សមត្ថភាព​ទៅ​តាម​ជំនាញរបស់​ពួក​គេ​រៀង​ខ្លួន​ជូន​ដល់​អ្នក​ចូល​រួម​នៅ​ក្នុង​ឱកាស​នេះ​ដែរ។

បើ​តាម​គម្រោង​ទិវា​អំណាន​នៅ​ឆ្នាំ​ក្រោយ​នឹង​រៀប​ចំ​ឡើង​នៅ​ខេត្តសៀម​រាប​ដើម្បី​ឧទ្ទិស​ដឹង​គុណ​ដល់​បុព្វបុរស់​ខ្មែរ​ដែល​បន្សល់​ទុក​ភាសា​ជាតិ។ សូម​បញ្ជាក់​ថា មូល​ហេតុដែល​រដ្ឋាភិបាល​សម្រេច​ជ្រើស​យក​ថ្ងៃ​ទី​១១​មីនា​ប្រារព្ធ​ទិវា​អំណាន​ជាតិ​នៅ​រៀង​រាល់​ឆ្នាំនោះ​ដោយ​សារ​តែ​ថ្ងៃ​១១​មីនា​ជា​ថ្ងៃ​កំណើត​សម្ដេច​ព្រះសង្ឃ​រាជ្យ​ជួន​ណាត ដើម្បី​រំលឹកវីរៈ​ភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ការ​ចង់​ក្រង​ភាសា​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ