ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

ទិវា​អំណាន​ឆ្នាំ​នេះ ក្រសួង​អប់រំ បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង អាន ស្មូតកំណាព្យ និងតែង​និពន្ធ

media  
រូបភាពៈមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចូលរួមការប្រកួតប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្ងៃទី៩មីនាឆ្នាំ២០១៨ @ក្រសួងអប់រំ

ក្រសួងអប់រំ បាន​រៀបចំប្រកួតប្រជែង អាន ស្មូតកំណាព្យ និង​​តែងនិពន្ធជាលើក​ដំបូង ដើម្បី​ចូលរួម ទិវាអំណាន​លើក​ទី៣នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​បេក្ខ​ជន​ចំនួន​៧៣​នាក់ ឡើង​មក​ប្រកួត អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ នៅ​ភ្នំពេញ​​ចាប់​ពី​ថ្ងៃ​ទី​៩​មីនា​នេះ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

 

មុន​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ​បេក្ខជន និង​បេក្ខនារី​៧៣រូប ដែល​មក​ពី​គ្រប់​រាជធានីខេត្ត​នេះ បាន​ឆ្លង​កាត់​ការ​ប្រកួត​នៅ​ថ្នាក់​ខេត្ត​រួច​ហើយ។ បើ​តាម​មន្ត្រី​ក្រសួងអប់រំ ក្នុង​ចំណោម​​បេក្ខជន និង​បេក្ខនារី​៧៣​នាក់ ដែល​ប្រកួត​លើ​វិញ្ញាសា​ចំនួន​៣រួមមានៈ អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ គណៈកម្មការ​នឹង​ជ្រើស​យក​តែ​បី​រូប​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត និង​ត្រៀម​ចូល​រួម​ទិវា​អំណាន​លើក ទី៣​នា​ថ្ងៃទី​១១ ខែ​មីនា​ ឆ្នាំ​២០១៨។ វិញ្ញាសារ​ទាំង​បី​នេះ ត្រូវ​បាន​បែង​ចែក​ជា​បី​ដំណាក់​កាល​ដោយ​រួមមាន៖ ការ​អាន​អត្ថបទ​សម្រាប់​សិស្ស​កម្រិត​ថ្នាក់​ទី៦, ស្មូត​កំណាព្យ​សម្រាប់​សិស្ស​ថ្នាក់​ទី៧​ដល់​ទី៩,ការ​តែង​និពន្ធ​សម្រាប់​សិស្ស​ថ្នាក់​ទី​១០​ដល់​ទី​១២។

លោក ណាត ប៊ុនរឿន រដ្ឋ​លេខាធិការ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​អប់រំ បាន​លើក​ឡើងថា ព្រឹត្តការណ៍​នៃ​ការ​ប្រកួត​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ​នេះ នឹង​ជួយ​លើក​ស្ទូយ​ភាសា​ជាតិ​តាមរយៈ​ការ​ស្នង​តំណែង​របស់​យុវជន​ជំនាន់​ក្រោយ។ បើ​តាម លោក ណាត ប៊ុន​រឿន ជាតិ​សាសន៍​ខ្មែរ​សំខាន់​ត្រង់​មាន​ភាសា​និយាយ​ផង និង​សសេរ​ផង ខណៈជាតិ​សា​សន៍​ដទៃ​មាន​ត្រឹម​ភាសា​និយាយ​តែ​គ្មាន​ភាសា​សរសេរ។ ដូច្នេះ ទើប​ក្រសួងអប់រំ និង​ភាគី​ពាក់ព័ន្ធ​ខិត​ខំ ពង្រឹង​វិស័យ​តែង​និពន្ធ​មក​នៅ​ត្រឹម​កម្រិត​ថ្នាក់​វិទ្យាល័យ ​បន្ត​បន្ទាប់​មក​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​បឋមសិក្សា។ នេះ​បើ​តាម​ លោក ណាត ប៊ុនរឿន។ រដ្ឋមន្ត្រី​ស្ដីទី​រូប​នេះ ក៏​មិន​ភ្លេច​រំលឹក​បេក្ខជន និង​បេក្ខនារី​មើល​គំរូ​ទៅ​លើ​ស្នាដៃតែង​និពន្ធ​ចាស់ៗ​។

សូមបញ្ជាក់ថា កម្មវិធី​ប្រកួត​ប្រជែង​ការអាន ​ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ ជា​លើក​ដំបូង​នេះ ត្រូវ​បាន​ក្រសួង​អប់រំ​រៀបចំ​ឡើង ផ្សារ​ភ្ជាប់​នឹង​ទិវា​អំណាន​ជាតិ​លើក​ទី៣​នៅថ្ងៃ​ទី​១១​មីនា​ខាង​មុខ​ក្រោម​ប្រធានបទ«អំណាន​ជា​កំណប់​វិជ្ជា​មហាសាល»។ ទិវា​ជាតិ​អំ​ណាន​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បណ្ដុះ​ទម្លាប់​អាន ដែល​សំដៅលើ​ការការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ​។ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​បង្កើត​ឲ្យ​មាន​ទិវា​ជាតិ​អំ​ណាន ដោយ​កំណត់​យក​ថ្ងៃទី ១១​ខែមីនា ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​សិស្ស និស្សិត បង្កើន​ទម្លាប់​អាន និង​ការយល់ដឹង​របស់ខ្លួន ដែលជា​ស្នូល​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​៕

 

 

 

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ