អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ចាត់​ទុក​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ថា​ជា​ការ​ចុះ​ចូល និង​ជា​រឿង​ថោកទាប

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​បន្ត​រិះគន់​និង​វាយ​ប្រហារ​ទៅ​លើ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ថា​ជា​ការ​សុំចុះ​ចូល​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រឿង​ថោក​ទាប​បំផុត។ ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី គឺ​បន្ទាប់​ពី​មាន​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​៣​រូប​បាន​ស្នើ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ និង​ស្រប​ពេល​ដែល​មាន​ប្រភព​អនាមិក​ខ្លះ​បង្ហើប​ថា នឹង​មាន​ការ​ស្នើ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ជា​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត។

លោក ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី
លោក ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

«ការ​ទៅ​សុំ​សិទ្ធិ​ពី​លោក ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​កាលៈទេសៈ ដែលលោក កឹម សុខា នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ ហើយ​គណបក្ស​សង្គ្រោះជាតិ នៅ​មិន​ទាន់​បានដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​នោះ គឺ​ជា​អ្វី​ដែ​លោក សម រង្ស៊ី បាន​ចាត់​ទុក​ថា គឺ​ការ​ចុះ​ចូលជាមួយ​លោក ហ៊ុន សែន យ៉ាង​ភ្លី​ភ្លើ និង​ថោក​ទាប​ជា​ទី​បំផុត»។ នេះ​ជា​អ្វី​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ដែល​បាន​សរសេរ​នៅ​លើ​គណ​នីយ​​ហ្វេសបុក​ផ្លូវការ​របស់លោក នៅ​ព្រឹក​ថ្ងៃ​ទី ០៩ មីនា។

ប៉ុន្តែ​លោក​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិនគាំទ្រ​ប្រសាសន៍​របស់​លោក សម រង្ស៊ី នេះទេ។ លោក​អ៊ូ ច័ន្ទរ័ត្ន​ បាន​ចាត់​ទុក​ការ​លើក​ឡើងរបស់​លោក សម រង្ស៊ី បែបនេះ ថា​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ឲ្យ​សហការី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ វា​នឹង​ជំរុញ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត។

លោក សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន បាន​រិះគន់​អ្នក​ដែល​បាន​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​នៅ​ក្នុង​កាលៈទេសៈ​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោ​បាយ​​នោះថា មិន​បាន​យក​គំរូ​តាម​លោក កឹម សុខា​ឡើយ។ គួរ​កត់​សំគាល់​ថា ការ​ចេញ​មក​អះអាង​របស់លោក សម រង្ស៊ី នៅ​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំងចំនួន​៣​រូប បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើង​វិញ។ ទន្ទឹមគ្នា​នេះ ប្រភព​អនាមឹក​ខ្លះ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ពេល​ខាង​មុខនេះ នឹង​មាន​ការ​ស្នើ​សុំ​ជា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ស្រប​ពេល​ដែល​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​អំពាវនាវ​ឲ្យ​ក្រុម កឹម សុខា និយម ចាប់​យក​ឱកាសមាស​នេះ មុន​ពេល​ទ្វារសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នឹងត្រូវបិទ នៅ​មុន​ឬ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក គង់ គាំ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ បាន​ថ្លែង​ថា អ្វី​ដែល​លោក​ធ្វើ​នេះ​ គឺ​ជាការ​គោរ​ពតាម​ច្បាប់​ប្រទេស​តែ​ប៉ុណ្ណោះ។ «ថោក​ទាប ឬ ថ្លៃថ្នូ វា​មិន​អាស្រ័យ​លើ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី នោះទេ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក គង់ គាំ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាមរយៈ​ទំព័រ​ហ្វេសបុក​របស់​ខ្លួន លោក សម រង្ស៊ី បាន​ពន្យល់​ថា «មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ស្ទើរ​តែ​១០០​ភាគរយ បាន​យក​គំរូ​តាម​លោក កឹម សុខា ហើយ​ពួកគេ​មិន​ចាញ់​បោក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ដាច់​ខាត។ ពីព្រោះ​ពួក​គេ​ដឹង​ថា ក្រោមសម្ពាធ​អន្តរ​ជាតិ ដូច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក (គឺ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដ៏​ធ្ងន់ធ្ងរ ពី​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក) របប​ទី​ក្រុង​ភ្នំពេញ នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ដោះលែង កឹម សុខា ក្នុង​ពេលឆាប់ៗ​នេះ ហើយ​អនុញ្ញាតិ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរ​ការ​ឡើង​វិញ។ មាន​ន័យ​ថា មន្ត្រីគណបក្ស​សង្គ្រោះ​ជា​តិ​ទាំង​អស់​នោះ នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជាស្វ័យ​ប្រវត្តិ ដោយ​មិន​ចាំ​បាច់​ទៅ​សុំ​សិទ្ធិ​នោះ​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ