អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ស ​ខេង ​​ការ​ពារ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​ក្នុង​ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រ​ឆាំង​

លោក ស ខេង នៅថ្ងៃ​សៅរ៍​នេះ បាន​ចេញ​ការ​ពារ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បាន​និង​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក​នេះ​ថា​ជា «​វិធាន​ការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំង​ឡាយណា​ដែល​ប៉ុន​ប៉ង​បំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា ចលនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ជាតិ ឈាន​ទៅ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល គឺ​ពុំមែន​ជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​នោះ​ឡើយ​»​។​ ការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បែប​នេះ​គឺ​ជា​ការ​ឆ្លើយតបនឹង​ការ​រិះគន់​ពី​មជ្ឈដ្ឋានខ្លះ​ចំពោះការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដែល​គាំទ្រ​ការ​វិល​ត្រឡប់​របស់ ​លោក សម រង្ស៊ី ​នៅថ្ងៃ​ទី​៩​ ខែវិច្ឆិកា​។​

លោក ស ខេង
លោក ស ខេង @RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទំព័រ​ហ្វេសប៊ុក លោក ស ខេង បាន​ហៅផែន​ការ​វិល​ចូល​កម្ពុជា​វិញ​របស់​លោក «សម រង្ស៊ី និងបក្ស​ពួកថា​ជាគំរោង​នៃ​ចលនា​ឧទ្ទាមសុទ្ធ​សាធ ហើយដែល​នឹង​នាំ​ទៅ​ដល់ការ​បំផ្លាញ​សុខ​សន្តិភាព​និងការ​បំបែក​បំបាក់​ជាតិ​ដែល​អាច​បង្ក​នូវ​គ្រោះមហន្តរាយ​ធ្ងន់​ធ្ងរ​មិន​អាច​ប៉ាន់ស្មាន​បាន​ចំពោះជាតិ​និង​ប្រជាជន​កម្ពុជា​យើង»​។
បើតាម​​រដ្ឋមន្ត្រី​មហាផ្ទៃរូបនេះ ការវិលត្រឡប់របស់ លោក សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការវិលត្រឡប់របស់ លោក សម រង្សីកាលពីឆ្នាំ២០១៣។ ខុសគ្នាព្រោះពេលនោះ លោក សម រង្ស៊ី ជាប្រ​ធានគ​ណបក្ស​នយោបា​យស្រប​ច្បាប់ និង ទទួល​បានការ​ប្រោសព្រះរាជ​ទាន​លើក​លែង​ទោសពី​ព្រះមហា​ក្សត្រ ហើយការ​វិល​ត្រឡប់​របស់​គាត់​នៅ​ពេល​នោះគឺ​ដើម្បី​មក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស​។ ​ហេតុដូច្នេះ​ហើយ​នៅពេលនោះ​អ្នក​ដែល​មាន​សមាន​ចិត្ត​អាច​មាន​សិទ្ធិ​ចូល​រួម​ហែរហម​គាត់​គឺ​ ពុំមែន​ជាស​កម្មភាព​ខុស​ច្បាប់​នោះឡើយ​។ប៉ុ​ន្តែការ​វិល​ត្រឡប់​មកកម្ពុជានាពេលនេះគឺ លោក សម រង្ស៊ី ស្ថិតក្នុងភាពជាទណ្ឌិត ហើយ ជាអ្នកដឹកនាំគំរោង​ចលនាឧទ្ទាម​ក្រៅច្បាប់​ថែម​ទៀតផង​។​នេះជាការ​អះអាង​របស់​លោក ស ខេង​។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តី​ថ្លែងការណ៍​ផ្ទាល់​មាត់ លោក សម រង្ស៊ី បានអំពាវនាវឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​តែ​នៅក្រៅ​ប្រទេស​នោះ វិលមកអមដំណើរ​លោក​មកកម្ពុជាវិញ​នៅថ្ងៃ៩វិច្ឆិកា ដើម្បី​«ដណ្តើម​កម្ពុជា​មកប្រគល់សង​ប្រជាជនខ្មែរ​ជាម្ចាស់វិញ»។

ប៉ុន្តែ​នៅពេល​ថ្មីៗ​អាជ្ញាធរ​បានហាមឃាត់​មិន​ឲ្យ​លោកស្រី មូរ សុខហួរ ប្រធាន គណៈកម្មការមាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ចូលទៅ​ប្រទេស​ថៃឡើយ ខណៈមាន​បំរាមហាម​ឃាត់​ពី​រដ្ឋាភិបាល​កម្ពុជា។

គិតត្រឹម​ថ្ងៃទី២៦​តុលា​គឺមានសកម្មជន​បក្សប្រឆាំងចំនួន៥៥នាក់​ត្រូវបាន​សមត្ថកិច្ចចាប់​ឃុំខ្លួន និង​ជិត​២០០នាក់ទៀត​រងការចេញ​ដីកាកោះហៅ បន្ទាប់ពីពួកគេ​ប្រកាស​គាំទ្រ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ