ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
កម្ពុជា

សាលារៀន ​និង​ស្ថាប័ន​រដ្ឋ​ខ្លះ​ស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

media រូបភាពៈ ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះសីសុវត្ថិ @FB

នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​នេះ គេ​សង្កេត​ឃើញ​ថា សាលា​រៀន​និង​ស្ថាប័ន​រដ្ឋ​ខ្លះ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ ដែល​រូបភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ទំនង​ជា​មន្ត្រី​រាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​មួយ​ចំនួន​ធំ​ឈប់​សម្រាក​។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​​រដ្ឋមន្ត្រី​ក្រសួងអប់រំ​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ចំពោះ​សាលារៀន​ណា ហ៊ាន​បិទ​ទ្វារ​ឈប់​សម្រាក​តាម​តែ​អំពើ​ចិត្ត។

ភាព​ស្ងប់ស្ងាត់​នៅ​តាម​សាលារៀន និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​សែនចូល​ឆ្នាំ​ចិន​ទី​១៥​កុម្ភៈ​ម្សិល​មិញ​ម្លេះ ខណៈ​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​ចាប់​ផ្ដើម​នៅថ្ងៃ​សុក្រ​នេះ រហូត​ដល់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍។ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះសិស្ស​សាលា​ខ្លះ​បាន​និយាយ​ថា ពួក​គេ​បាន​ទៅ​រៀន និង​កត់​វត្តមាន​តាម​ទម្លាប់​ធម្មតាទេ ប៉ុន្តែ​ម៉ោង​បង្រៀន​បាន​កាត់​បន្ថយ។ កាត់​បន្ថយ​ត្រង់​ថា មុខ​វិជ្ជា​ខ្លះ​គ្រូ​បង្រៀន​២ម៉ោង​បន្ថយ​មក​នៅ​១​ម៉ោង។

ចំណុចនេះ ត្រូវ​បាន​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គមមើល​ឃើញ​ថា មាន​កត្តា​គួប​ផ្សំ​ទាំង​សិស្ស និង​គ្រូ​បាន​ក្លាយ​ជា​ទម្លាប់​ឈប់​សម្រាក​ទៅហើយ​ចំពោះ​សាលា​មួយ​ចំនួន ទោះ​ជា​មិន​មែន​បុណ្យ​ជាតិ ឬ​គ្មាន​ច្បាប់​ចែង​ក៏​ដោយ។ លោក​បាន​គូស​បញ្ជាក់​ថា ករណី​ខ្លះ​លោកគ្រូ អ្នកគ្រូ មក​បង្រៀន​តែ​សិស្ស​មិន​មក​រៀន។ ​ដល់​ពេល​សិស្ស​មក​រៀន​បែរ​ជា​អវត្ត​មាន​លោកគ្រូ ឬ​អ្នក​គ្រូ​ទៅ​វិញ។ ក្រៅ​ពី​លោក សន ជ័យ អ្នក​លក់​ដូរ​នៅ​ក្រៅ​របង​សាលា​បាន​និយាយ​ថា ពួក​គេ​លក់​មិន​សូវ​ដាច់​ដូចថ្ងៃ​ធម្មតា​នោះ​ទេ ព្រោះ​សិស្ស​សាលា​ភាគ​ច្រើន​បាន​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ចិន​អស់ហើយ ។

ជា​ការ​កត់​សម្គាល់​នេះ មិន​មែន​ជា​បរិបទ​ថ្មី​ដែល​គេ​ទើប​តែ​លើក​យក​មក​និយាយ​នោះទេ​ពោល​គឺ​នៅ​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​ភាព​ស្ងប់​ស្ងាត់តែង​តែ​កើត​មាន​នៅ​តាម​សាលា​រៀន​មិន​ថា នៅ​តាម​ខេត្ត ឬ​ភ្នំពេញ​នោះ​ទេ ។ បញ្ហា​នេះនាំ​ឲ្យ​មាន​ការ​រិះគន់​ដល់​ក្រសួង​អប់រំ ថា​គ្មាន​វិធានការ​ជាក់​លាក់។ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​​នានា​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ម្សិលមិញ​នេះ សាលា​រៀន​ចំនួន​៤បាន​បិទ​ទ្វារ។

ប្រឈម​នឹង​បញ្ហា​នេះ លោក ហង់ ជួនណារ៉ុន បាន​ឲ្យ​ដឹង​ថា លោក​នឹង​មាន​វិធាន​ការលើ​ចំណុច​នេះ។ លោកថា វា​ជា​រឿង​មិន​សម​នោះ​ទេ ទាំង​គ្រូ​និង​សិស្ស​អវត្ត​មាន​នៅ​ថ្ងៃចូល​ឆ្នាំ​ចិន​នោះ។ លោក​ថ្លែង​បែប​នេះ​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ក្នុង​សិក្ខា​សាលា​នៃ​សេចក្ដី​ព្រាង​ស្ដីពី​ការ​អប់រំ។

គួរបញ្ជាក់ថា ក្រៅ​ពី​សាលា​រៀន​គេ​សង្កេត​ឃើញ​ថា បុគ្គលិក​រដ្ឋ​ខ្លះ​បាន​ធ្វើការ​មិន​ពេញ​ដៃ​ពេញ​ជើង ខណៈ​ប្រាក់​ខែ​មន្ត្រី​រាជការ​ត្រូវ​បាន​តម្លើង​ជា​បន្ត​បន្ទាប់ ស្រប​ពេល​ស្ថា​ប័ន​រដ្ឋ​ជា​ច្រើន​ទៀត​ទៅ​ជា​មាន​ភាព​ស្ងប់​ស្ងាត់​នា​ឱកាស​ចូល​ឆ្នាំ​ចិន​ទៅ​វិញ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ