អានតួអត្ថបទ
កម្ពុជា-អប់រំ

សាលា​ហ្សាម៉ាន់ ​ប្ដូរ​ឈ្មោះ ក្រោយ​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន នៅ​តួកគី

នៅ​ទី​បំផុត​សាលា​អន្តរជាតិ និង​សកល​វិទ្យាល័យ​ហ្សាម៉ាន់ ត្រូវ​បាន​ដូរ​ឈ្មោះ​ដោយ​ប្ដូរ​មក​ដាក់​ថា សាលា​អន្តរជាតិ និង​សកលវិទ្យា ផារ៉ាហ្គន កម្ពុជាវិញ។ គួរ​កត់​សម្គាល់ថា ការ​​ផ្លាស់​ប្ដូរ​ឈ្មោះ​សាលា​ហ្សាម៉ាន់នៅ​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​តួកគី​។ តួកគី ដែល​ចោទ​សាលា​ហ្សាម៉ាន់ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​សម្រាប់ គណៈ​គ្រប់​គ្រង​សាលា​បាន​លើក​មូល​ហេតុ​ផ្សេង​ពី​ការ​ប្ដូរ​ឈ្មោះសាលា។

រូបថតៈលោក អៀង សុផ្លលែត ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨
រូបថតៈលោក អៀង សុផ្លលែត ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨ @RFI
ផ្សាយពាណិជ្ជកម្ម

គ្មាន​ទៀត​ឡើយ សាលា​អន្តរជាតិ និង​សាកល​វិទ្យាល័យ​ហ្សាម៉ាន់ នៅ​កម្ពុជា។ ឈ្មោះ​ចាស់​​ត្រូវ​បាន​លុប​ចេញ ដោយ​ជំនួស​មក​វិញ​នូវ សាលា​អន្តរជាតិ និងសាកលវិទ្យា ផារ៉ាហ្គន កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណៈ​គ្រប់គ្រង​សាលា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​។ លោក អៀង សុផ្លលែត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ បាន​គូស​បញ្ជាក់​ថា ការ​ប្ដូរ​ឈ្មោះ​សាលា ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ចាំ​បាច់ ដើម្បី​ពាំនាំ​នូវ​កម្លាំង​និង​ថាមពល​ថ្មី ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​នៅ​ក្នុង​វិថី​អប់រំ​នៅ​កម្ពុជា។

ទោះ​ប្ដូរ​ឈ្មោះ​សាលា​ពី​ហ្សាម៉ាន់​ទៅ​ជា​សាលា​អន្តរជាតិ​និង​សាកល​វិទ្យាល័យ​ផារ៉ា​ហ្គន កម្ពុជា​វិញ​ក៏​ពិត​មែន តែ​កម្មវិធី​សិក្សា​របស់​សាលា​គឺ នៅ​តែ​ផ្ដល់​ការ​អប់​រំ​ពីរ​ភាសាដដែល ដោយ​សិស្ស​អាច​សិក្សា​ទាំង​កម្មវិធី​សិក្សា​ខ្មែរ​និង​អន្តរជាតិ។ ចំពោះ​សិស្ស​ថ្នាក់អន្តរ​ជាតិ ត្រូវ​ប្រឡង​តេស្តន៍​ខេម​ប៊្រីជ ខណៈ​សិស្ស​ដែល​សិក្សា​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់ជាតិ ត្រូវ​សិក្សា​តាម​កម្មវិធី​សិក្សា​ដូច​សាលារដ្ឋ។

ជា​ការ​កត់​សម្គាល់ ការ​ប្ដូរ​ឈ្មោះសាលា​ហ្សាម៉ាន់​នេះ ធ្វើ​ឡើង​ក្រោយ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា លោក ហ៊ុន សែន និង លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធាន​រដ្ឋសភា និង​ជា​អតីត​នាយករដ្ឋ​មន្រ្តី​តួកគី ក្នុង​អំឡុង​ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​បង្ហើប​ឲ្យ​ដឹង​ទេ ថា​តើ​នៅ​ក្នុង​ជំនួប​នោះ តួកគី បាន​លើក​ឡើង​ពី​ករណី​សាលា​ហ្សាម៉ាន់ ដែរ​ឬ​ក៏​អត់​។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ខែ​តុលា​កន្លង​ទៅ ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​រវាង​ប្រមុខ​ការទូត​តួកគី និង​សមភាគី​កម្ពុជា ក្នុង​ប្រទេស​តួកគី, លោក ម៉េវលុត ឆាវូស៊ូលុ (Mevlut Cavusoglu) រដ្ឋ​មន្ត្រី​ការបរទេស​តួកគី បាន​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ភាគី​កម្ពុជា​ធ្វើ​បត្យាប័ន​មនុស្ស​៣នាក់ ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អង្គការ​ភេរវកម្ម Fetullah (FETO)។

គួរ​រំឭក​ថា រដ្ឋាភិបាល​តួកគី បាន​ចោទ​ប្រកាន់​បណ្ដាញ FETO ដែល​មាន​លោក ហ្វេធូឡា ហ្គូឡិនជា​មេដឹក​នាំ និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ថា​បាន​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​តួកគី ប៉ុន្តែ​ត្រូវ​បរាជ័យ។ សម្រាប់​រដ្ឋាភិបាល​តួកគី ​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន គឺជា​អង្គការ​ភេវរកម្ម ឬ​អង្គការ​ភេរវកម្ម Fetullah​។

នៅ​​ខែ​កក្កដា​ ឆ្នាំ២០១៦ អគ្គរដ្ឋ​ទូត​តួកគីប្រចាំ​កម្ពុជា បាន​ចោទ​ប្រកាន់​ សាលា​ហ្សាម៉ាន់ នៅ​កម្ពុជា ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន និង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គាំទ្រ​គ្រប់​រូបភាព និង​ចង់​ឃើញ សាលា​ហ្សាម៉ាន់ បញ្ចប់​សកម្មភាព​គ្រប់​យ៉ាង​នៅ​កម្ពុជា។ ជា​ការ​ឆ្លើយ​តប សាលាហ្សាម៉ាន់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ចាត់​ទុកការ​ចោទ​ប្រកាន់​របស់​ឯក​អគ្គ​រដ្ឋ​ទូត​តួកគីនៅ​កម្ពុជា ​ថាធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនរបស់​ខ្លួន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ