អានតួអត្ថបទ
កម្ពុជា-ច្បាប់

៥​ខែ​ក្នុង​ឆ្នាំ​២០១៨៖ រដ្ឋាភិបាល​បើក​ប្រាក់​៦លាន២សែន​ដុល្លារជូន​កម្មករ​ក្រោយ​ថៅកែ​បិទទ្វា​រ​រោងចក្រ

៥​ខែ​ក្នុង​ឆ្នាំ​២០១៨នេះ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​បុរេ​ប្រទាន​៦​លាន​២​សែន​ដុល្លារ សម្រា​ប់​​បើក​ជូន​កម្មករ និយោជិក ៥៨៩១នាក់ បំរើ​ការងារ​ក្នុងរោង​ចក្រ​ចំនួន​១២ បន្ទាប់​ពី​ថៅ​កែ​បាន​​បិទ​ទ្វារ​រោងចក្រ។ ក្នុង​នោះក្រសួង​ការងារ​បាន​ផ្ដល់​ថវិកា​ដល់​កម្មករ​និយោជិត​បាន​​ចំនួន​ជាង​២៥០០​នាក់​។ ហើយ​នៅ​សល់​ជាង​៣០០០នាក់​ទៀត ក្រសួង​កំពុង​ញាប់​ដៃ​ញាប់​ជើង​​ទូ​ទាត់​ជូន​ពួក​គេ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១០​មិថុនា។

​លោក​ហ៊ុន សែន ​​រាំ​លេង​ជាមួយ​កម្មករ កម្មាករនី ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
​លោក​ហ៊ុន សែន ​​រាំ​លេង​ជាមួយ​កម្មករ កម្មាករនី ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​វិទ្យុ​បារាំង​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​អាទិត្យ​នេះថា ទឹក​ប្រាក់​៦លាន​២​សែនដុល្លារ​នេះ នឹង​ធ្វើ​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ប្រាក់​បំណាច់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំដែល​នៅ​សល់ និង​ប្រាក់​ខែ​ចុង​ក្រោយ ដល់​កម្មករ​និយោជិត​ចំនួន ៥៨៩១នាក់ ជាពិសេស​ដល់​កម្មករ​និយោជិត ដែល​មាន​កិច្ច​សន្យា​គ្មាន​ថិរវេលា​កំណត់ ឬ​កិច្ច​សន្យា​រយៈ​ពេល​វែង។ តាមរយៈ​ថវិកា​បុរេ​ប្រទាន​៦​លាន​២​សែន​ដុល្លារ​នេះ ក្រសួង​ការងារ​បាន​ផ្ដល់​ជូន​កម្មករ​និយោជិក​ជាង​២៥០០​នាក់​រួច​ហើយ ដែល​​ពួក​គេ​បំរើការ​នៅ​ក្នុង​រោ​ង​ចក្រ​ចំនួន​៤ មាន​ទីតាំង​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្ដាល ខណៈ​​កម្មករ​ជាង​៣​ពាន់​នាក់ បំរើ​ការងារ​ក្នុង​រោងចក្រ​៨កន្លែង​ផ្សេង​ទៀត ក្រ​សួ​ង​កំពុង​ទូ​ទាត់​​បញ្ចប់​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១០​មិថុនា។ នេះ​បើ​តាម​លោក ហេង សួរ។

សូមបញ្ជាក់ថា ការ​បញ្ចេញ​ថវិកា​៦​លាន​២​សែន របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រោងចក្រ​ចំនួន១២ បាន​បិទ​ទ្វារ​រត់​ចោល​កម្មករ​ដោយ​សារ​តែ​ការ​ក្ស័យធន​របស់​ថៅកែ។​ ប្រឈម​បញ្ហា​នេះ ក្រសួង​ការងារ​បាន រឹប​អូស​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​យក​ទៅ​លក់​ឡាយឡុង ដើម្បី​យក​ប្រាក់​បើក​ជូន​កម្មករ​​។ ចំណែក​ករណី​ខ្លះ​ទៀត ក្រសួង​បន្ត​តាម​ទារ​បំណុល​រោងចក្រ​ទាំង​នោះ​ដល់​ក្រៅ​ប្រទេស។

បើតាម លោក ហេង សួរ ប្រាក់​អតីត​ភាព​គឺជា​ផ្នែក​មួយ​សំខាន់​ធ្វើ​ឲ្យ​ថៅកែ​បិទ​ទ្វារ​រោង​ចក្រ​​រត់​ចោល​កម្មករ។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះ​អាង​ថា បញ្ហា​ថៅកែ​រត់​ចោល​រោងចក្រ ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​មួយធ្លាក់​មក​លើ​រាជរដ្ឋាភិបាល ដែល​បញ្ហា​នេះ​បាន​កើត​មាន និង​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ពន្យល់​ថា ករណី​ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ​នឹង​លែង​ក្លាយ​ជាបញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ហើយ ​នៅ​ពេល​វិសោធនកម្ម​មាត្រា​ចំនួន​៨​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការងារ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋសភា​នា​ដើម​ខែ​មិថុនា​នេះ​។ លែង​ព្រួយ​បារម្ភ​ដោយ​តែ​ប្រាក់​អតីតភាព​ការងារ​កម្មករ​នឹង​ត្រូវ​ផ្ដល់ជូន​ពួក​គេ​មួយ​ឆ្នាំ​ពីរ​ដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ