ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/02 12h00 GMT
កម្ពុជា

លោក ស ខេង៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​អាច​កើន​ជាង​៣ពាន់​នាក់​នៅ​ឆ្នាំ​២០២០

media ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ @សហការី

លោក ស ខេង បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​វិធានការណ៍​ច្បាប់​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មានប្រសិទ្ធ​ភាព​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ២០២០។ បើ​តាម​លោក ស ខេង ប្រសិន​បើ​សមត្ថកិច្ច​មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទេ ចំនួន​អ្នក​ស្លាប់​អាច​កើន​ដល់​ជាង​៣ពាន់​នាក់​នៅ​ឆ្នាំ២០២០ ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​៥​នាក់ដដែល។

ការ​ក្រើន​រំឭក​របស់​លោកស ខេង ធ្វើ​ឡើង​ក្នុង​ឱកាស​បូក​សរុប​ការងារ​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​ច្បាប់​ស្ដីពីចរាចរណ៍​ផ្លូវ​គោក ក្រោយ​ច្បាប់​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ឆ្នាំ​២០១៩នេះ។ លោក ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវ​ត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​គូស​បញ្ជាក់​ថា ​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើ​គ្មាន​វិធានការ​ទប់ស្កាត់​អោយមាន​ប្រសិទ្ធភាព​ទេនោះ ចំនួន​អ្នក​ស្លាប់ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នឹង​កើន​ដល់ ៣.២០០​នាក់ នា​ឆ្នាំ​២០២០​ខាងមុ​ខ​នេះ ខណៈ​បច្ចុប្បន្ន​នេះ គ្រោះថ្នាក់ចរាចរណ៍បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ជា​ការ​ខូច​ខាត​​ដែលមាន​អត្រា​ខ្ពស់​បើ​ប្រៀបធៀប​នឹង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត​។

វិធានការណ៍​ទប់​ស្កាត់​មាន​៩​ចំណុច​ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដែល​អាច​កើន​ដល់​ជាង​៣​ពាន់​នាក់នៅ​ឆ្នាំ​២០២០​រួម​មាន៖ ជំរុញ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទូលំ​ទូលាយ​តាម​គ្រប់​រូបភាព។ រឹត​បន្តឹង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ប្រកប​ដោយ​តម្លាភាព ស្មើភាព ពិសេស​ផ្ដោត​លើម៉ូតូ រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នក​ដំណើរ​ទូទៅ និង​រថយន្ត​ដឹកទំនិញ។ ត្រួត​ពិនិត្យ​កន្លែង​បង្រៀន​បើក​បរ យានដ្ឋាន​កែ​ច្នៃ​យាន​យន្ត និង​ការ​គ្រប់​គ្រង​ទិន្នន័យ។ ចាត់​វិធានការណ៍​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ ទីប្រជុំ​ជន សាលា​រៀន និង​រៀបចំ​ចំណត​រយន្ត​ដឹក​អ្នក​ដំណើរ ដឹកទំនិញ និង​ដឹក​កម្មករ​ឲ្យ​មាន​របៀបរៀប​រយ។

ជា​ការ​កត់​សម្គាល់ ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០​១៨ បាន​ជួយ​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​ចំនួន ១៩​៣១​លើក កាត់​បន្ថយ​អ្នក​ស្លាប់ ៧០៦នាក់ និង​កាត់បន្ថយ​អ្នក​រង​របួស​បាន​ចំនួន ៤៥៣១​នាក់។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៨ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន២៦៤​លើក ខណៈ​អ្នក​ស្លាប់​ថយ​ចុះ​ចំនួន​១៩​នាក់ និង​អ្នក​របួសថយ​ចុះ​ចំនួន​៧៦៩នាក់ ។

របាយការណ៍​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹង​ថា សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​ទី​ប្រជុំជន នៅ​តែ​មាន​ការ​កកស្ទះ ដោយ​សារ​តែ​ការ​លក់​ដូរ ការ​ចត​យាន​យន្ត​​ល្មើស​ច្បាប់ ការ​ប្រើប្រាស់​ផ្លូវ​ខុសច្បាប់ និង​កំណើន​យានយន្ត​ខ្ពស់​ក្នុង​ពេល​តែ​មួយ​។ ម្យ៉ាង​ទៀត​អ្នក​ដំណើរ​នៅ​តែ​ខ្លាច​ប៉ូលីស​ជាង​ច្បាប់​ ទើបអត្រា​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​កើន​ឡើង ខណៈ​ចំនួន​យានយន្ត នៅ​ឆ្នាំ២០១៨ បាន​កើន​ដល់​ចំនួន៣០.៨៧​ភាគរ​យ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ