ស្ថានទូតអាមេរិករំឭកពីការឃុំខ្លួន លោក កឹម សុខា ដោយអយុត្តិធម៌
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរំឭកជាថ្មីទៀត ពីការឃុំខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ជាការជាប់ឃុំនៅក្នុងផ្ទះរបស់លោក បន្ទាប់ពីផ្ទេរពីពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម ដែលសរុបមកទល់ពេលនេះ គឺមានរយៈពេលជិត១៨ហើយ។ ការជាប់ឃុំឃាំងដោយមិនទាន់កាត់ទោសបែបនេះត្រូវបានស្ថានទូតអាមេរិក ចាត់ទុកថា ជាការឃុំខ្លួនដោយអយុត្តិធម៌។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
«តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ»។ នេះជាការលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីម្សិលមិញ។
ស្ថានទូតអាមេរិក បានចាត់ទុក លោក កឹម សុខា ថា«ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ»។« គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។ នេះជាគូសបញ្ជាក់បន្ថែមរបស់ស្ថានទូតអាមេរិកដដែល។
ការរំឭករបស់ស្ថានទូតអាមេរិកបែបនេះ គឺខណៈពេលដែលការពន្យាពេលឃុំខ្លួនបណ្តោះអាសន្ន រហូតដល់១៨ខែ នោះ នឹងត្រូវផុតនៅថ្ងៃទី៣ ខែមីនាខាងមុខនេះ។
យ៉ាងណាក៏ដោយ មេធាវីម្នាក់ដែលការពារក្តីឲ្យលោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃសៅរ៍ដោយចោទជាសំណួរថា តើខ្មែរគួរនាំគ្នាបង្ករបង្កើតបញ្ហាបន្ថែមឬគួររួមគ្នាស្វែងរកដំណោះស្រាយ? បើតាម មេធាវី ដដែល លោក កឹម សុខា មិនគាំទ្រការបង្ករបង្កើតបញ្ហាបន្ថែមឥតឈប់ឈរនោះទេ។ ខ្មែរត្រូវតែនាំគ្នាងាកមកស្វែងរកដំណោះស្រាយវិញ ដោយចាប់ផ្តើមរួមគ្នាស្រាយនូវបញ្ហាណា ដែលបះពាល់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរជាអាទិភាព ដើម្បីមានឱកាសឈានទៅកសាងអនាគតយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយឲ្យប្រសើរឡើង។ នេះជាការអះអាងរបស់ លោក ចាន់ ចេន។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ប៉ុន្តែមកទល់ពេលនេះតុលាការនៅមិនទាន់កំណត់ពេលបើកសវនាការនៅឡើយ ខណៈសហគមន៍អន្តរជាតិខាងលោកសេរីនៅបន្តទាមទារឲ្យដោះលែង លោក កឹម សុខា ឲ្យមានសេរីភាពពេញឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ