អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហ​រដ្ឋ​​អា​មេ​រិក​​អំពាវ​​នាវ​​ឲ្យ​​ទម្លាក់​​ការ​​ចោទ​​ប្រកាន់​​ទៅ​​លើ​អ្នក​​នយោ​បាយ​​ទាំង​​អស់​​នៅ​​កម្ពុជា​​

នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ធ្នូ ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា​។​ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​តាម​​ទំព័រ​​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅថ្ងៃ​ចន្ទ​នេះ​។ 

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

ដោយ​ភ្ជាប់នឹង​រូបថត​ លោក កឹម សុខា​ មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ផង​នោះ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ទោសនយោបាយ​ទាំង​អស់​នៅ​កម្ពុជា​។

ស្ថាន​ទូត​អាមេរិក​ក្នុង​សារ​ខ្លី​របស់​ខ្លួន​បាន​លើក​ឡើង​ផង​ដែរ​ថា ​«អយុត្តិធម៌​គ្រប់​ទី​កន្លែង​ គឺ​ជាការ​គំរាម​កំហែង​គ្រប់​ទី​កន្លែង​» គឺ​ជា​សម្រង់​សម្តី​របស់​លោក​ Martin ​Luther’s ​King ​Jr ​អប​អរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ លោក​គឺជា ​សកម្មជន​ដែល​បាន​ក្លាយ​ជាអ្នក​នាំពាក្យ​និង​ជាមេ​ដឹក​នាំ​ចលនា​សិទ្ធិ​ស៊ីវិល​ ពី​ឆ្នាំ ​១៩៥៤ដល់​ឆ្នាំ​១៩៦៨​ ។

សូម​បញ្ជាក់​ថា​ អ្នក​នយោបាយ​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​កម្ពុជា ​គឺ​ លោក​ កឹម​ សុខា និង​ លោក ​សម​ រង្ស៊ី​ ដែល​ជា​មេដឹក​នាំ​គណបក្ស​សង្រ្គោះជាតិ​ ខណៈ​អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​គណ​បក្ស​នេះ​ចំនួន​១១៦​រូប​ទៀត​ ជាប់​បំរាម​ការ​ធ្វើ​នយោបាយ​៥ឆ្នាំ។

ទោះជា​យ៉ាង​ក៏ដោយ ​នៅថ្ងៃទី​១១ខែ​ធ្នូ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា ​គ្រោង​ដាក់​បញ្ចូល​របៀប​វារៈ​នៃការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយទៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គ ​ដើម្បី​បើក​ផ្លូវ​ឲ្យ អ្នក​នយោបាយ​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​នោះ អាច​ធ្វើ​នយោបាយ​ឡើងវិញ។

សូមរំឭកដែរថា ការដែល​សហរដ្ឋអេមរិកអំពាវ​នាវ​ឲ្យ​ដោះលែង ឬទម្លាក់​បទ​ចោទ​លើ​អ្នក​នយោបាយ​នៅកម្ពុជានេះ​មិនមែនជាលើកទី១ទេ។ កាលពីចុង​ខែ​វិច្ឆិកា​ថ្មីៗនេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក វីលៀម ហៃ (Willleim A. Heidt) ក៏បានទទូចឲ្យ ​ពង្រឹងការផ្សះផ្សារជាតិតាមរយៈការ ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​។ ជាលើកឡើង​នៅចំពោះ​មុខ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពេល​មន្រ្តី​ទូត​រូប​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ