អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ត្រី​អ្នក​មុខ អ្នក​ការ​ជិត​៤​ម៉ឺន​នាក់​ នឹង​ចូល​រួម​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃ​ស្អែក

មនុស្ស​ជិត​៤​ម៉ឺន​នាក់ ត្រៀម​ចូលរួម​សម្ពោធ​វិមាន​ឈ្នះឈ្នះ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ធ្នូស្អែក​នេះ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ការពារ​សន្តិសុខ​ជា​រួម​នៅ​ក្នុងព្រឹត្តការណ៍​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នេះ។ កម្លាំង​កង​រាជអាវុធហត្ថ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​មាន​ចំនួន​ជិត​២​ពាន់​នាក់​។

រូបភាព៖ វិមានឈ្នះឈ្នះ
រូបភាព៖ វិមានឈ្នះឈ្នះ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ មនុស្ស​ជិត​៤​ម៉ឺន​នាក់ ក្នុង​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល បណ្ដា​អង្គ​ទូត​នៅ​ទី​ក្រុងភ្នំពេញ រួម​នឹង​អ្នក​ពាក់​ព័ន្ធ​ឯទៀត​ដូច​ជា៖ សិស្សា​នុ​សិស្ស និង​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង ស្ថាប័ន​រដ្ឋ​ជា​ដើម ត្រៀម​ចូល​រួម​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នៅថ្ងៃសៅរ៍ ទី​២៩​ខែ​ធ្នូ​។ ក្រៅ​ពី​មន្ត្រី​អ្នកមុខ​អ្នក​ការ​ទាំង​នេះ ពិធី​សម្ពោធ​វិមាន​ឈ្នះឈ្នះ ​ក៏​មាន​ការចូលរួម​ពី​ឧត្តមសេនីយ៍​យោធា​ជាន់​ខ្ពស់​ពី​ប្រទេស​ចំនួន​ ៤ រួមមាន​ចិន វៀតណាម ឡាវ និង​ថៃ​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ រំពឹងថា មនុស្ស​ម្នា​ជា​ច្រើន​ពាន់​នាក់​នឹងចូល​រួម​ទស្សនា​វិមាន​ឈ្នះឈ្នះ ក្រោយ​កម្មវិធី​សម្ពោធ​បាន​បញ្ចប់។ ការ​ទស្សនា​របស់​ពលរដ្ឋខ្មែរ​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ធ្វើ​ឡើង​ដោយ​មាន​ការ​ពន្យល់​ពី​សាវតា​នៃ​ការ​ក​កើត​ឡើងវិមាន​ឈ្នះ​ឈ្នះ​ពី​អ្នក​ជំនាញ។ ក្រៅ​ពី​ទស្សនា​និង​ស្វែង​យល់​ពី​ប្រវត្តិ​វិមាន​ឈ្នះ​ឈ្នះ មនុស្ស​ម្នាអាច​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័ណ៍​ទំនិញ​ប្រមាណ​ជា​ជិត​៨០០​កន្លែង អម​ដោយ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ នៅលើទីតាំង​ទំហំ​ដី៨​ហិកតា​នៅ​ខាង​មុខ​កីឡដ្ឋាន​មរត​ក​តេជោ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ។ ក៏​មាន​ដែរ ការ​បាញ់​កាំ​ជ្រួច 3D តាម​លក្ខណៈ​ទំនើប ជា​រូប​ភាពផ្សេងៗ ប្រមាណ​រយៈ​ពេល​៤៥​នាទី។

ដើម្បី​រក្សា​បាន​សន្តិសុខ​ជា​រួម កម្លាំង​សមត្ថកិច្ច​ចម្រុះ​អះអាង​ពី​ការ​ធានា​រក្សា​សុវត្ថិភាព និង​​សន្តិសុខ​ជូន​ពលរដ្ឋ​ដែល​ចូល​រួម​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ។ ហើយ​ទន្ទឹម​នឹង​នេះ អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ​ក៏​ត្រៀម​បិទ​ផ្លូវ​នៅ​កំណាត់​មហាវិថី​នៃ​វិមាន​ឈ្នះ​ឈ្នះ។

បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ វិមាន​ឈ្នះ​ឈ្នះ​ដាក់​ជា​តំបន់​ទេសចរណ៍​ប្រវត្តិ​សា​ស្ត្រដែល​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី។ សម្រាប់​រដ្ឋាភិបាល​កម្ពុជា ការ​សម្ពោ​ធ​វិ​មាន​ឈ្នះឈ្នះ​ជា​ព្រឹត្ត​ការណ៍​ប្រវត្តិ​សាស្ត្រ។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាត់​ទុក​វិ​មាន​ឈ្នះ​ឈ្នះ ​គឺជា​តំ​ណាង​នៃ​ការ​បង្រួប​បង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណ​ភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​។

វិមាន​ឈ្នះឈ្នះ មាន​ឆ្លាក់​រូប​នៅ​តាម​ជញ្ជាំង​ជុំវិញ​បរិវេណ​ដែល​បរិយាយ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដូល​រំលំ​របប​ខ្មែរក្រហម ដែល​ចាប់​ផ្ដើម​តាំងពី​ថ្ងៃទី​ ២០ មិថុនា ១៩​៧៧ ។ ពេល​​នោះ ​លោក​ ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ដើម្បី​រំដោះប្រទេស​កម្ពុជា​ពី​ការគ្រប់គ្រង​របស់​ប៉ុលពត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ