អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទម្លាប់​​អាក្រក់​​មួយ​ចំនួន​​ដែល​​ធ្វើ​​ឲ្យ​​ខ្មែរ​​ខ្វះ​​ភាព​«​ស៊ី​​វិ​ល័យ​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​​ប្រទេស​មួយ​ រដ្ឋាភិបាល​​ជា​​អ្នក​​កាច់​​ច​ង្គូ​ត​​នាវា​ ចំណែក​​ពលរដ្ឋ​​គ្រប់​គ្នា​​គឺ​ជា​​អ្នក​​ជួយ​​ចូក​ចែវ​​ឲ្យ​​នាវា​​នោះ​​ធ្វើ​ដំណើរ​​លឿន​​ទៅ​មុខ​។ ​ប៉ុន្តែ​ ទម្លាប់​​អាក្រក់​​របស់​​មន្ត្រី​​និង​​ពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​​កំពុង​​ធ្វើ​​ឲ្យ​​ប្រទេស​ជាតិ​​បាត់​បង់​​សណ្តាប់​ធ្នាប់​ និង​​ធ្វើ​​ឲ្យ​​នាវា​​កម្ពុជា​​ពិបាក​​តាម​​ទាន់​​គេ​​ក្នុង​​តំបន់​។ ​ដោយ​​គ្រាន់​តែ​​សង្កេត​មើល​​ចរាចរណ៍​​តាម​​ដង​ផ្លូវ ​និង​​ការ​បោះ​​សំរាម​​តាម​​ទី​សាធារ​ណៈ​​ក្នុង​អំឡុង​ពេល​បុណ្យ​អុំទូក​​នេះ​ គេ​​អាច​​យល់​បាន​​អំពី​​បញ្ហា​​នេះ​។ ​ដូច្នេះ​ ដល់​ពេល​​ហើយ​​ដែល ​ខ្មែរ​​គួរ​​ភ្ញាក់​រលឹក​​កែ​ប្រែ​ទម្លាប់​​មិន​ល្អ​​ទាំង​ឡាយ​​ដើម្បី​​រៀប​ចំ​​ប្រទេស​ជាតិ​​ឲ្យ​​មាន​​សណ្តាប់​ធ្នាប់​​និង​​ស្គាល់​​ភាព​«​ស៊ី​​វិ​ល័យ​»​។​

ការ​​ចោល​​សំរាម​​មិន​​បាន​​ត្រឹម​​ត្រូវ​​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​​ត្រូវ​តែ​បោះ​បង់​ចោល​
ការ​​ចោល​​សំរាម​​មិន​​បាន​​ត្រឹម​​ត្រូវ​​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​​ត្រូវ​តែ​បោះ​បង់​ចោល​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សណ្តាប់ធ្នាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ ក៏ដូចជា​របៀបរៀបរយ​នៅតាម​ទីសាធារណៈផ្សេងៗដែរ​នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​ឈឺក្បាល​ដដែល។ អ្នកបើកបរ​ជាច្រើន​នៅតែ​មិន​ខ្ចី​រវល់​នឹង​ច្បាប់​ចរាចរណ៍។ ការបើកបរ​ឆ្លងកាត់​ភ្លើង​ក្រហម ឈប់​លើ​គំនូស​ផ្លូវ​ដែល​អ្នក​ថ្មើ​ជើង​ឆ្លងកាត់ បើកបរ​ឆ្លង​គំនូស​ទ្រូងផ្លូវ​ឬ​បើក​ចំ​កណ្តាល​គំនូស​ពណ៌​ស​ដោយ​មិន​ខ្វល់​ពី​អ្នក​នៅ​ពីក្រោយ។ អ្នកខ្លះ​ឈប់​ចាំ​បត់​ឆ្វេង​នៅ​ចំ​ផ្លូវ​ដែល​ត្រូវ​ទៅមុខ​ត្រង់ ឬ​អ្នក​ខ្លះទៀត​ចូលក្នុង​ជួរ​ដែល​ត្រូវ​បត់​ឆ្វេង​ខណៈដែល​ខ្លួន​ត្រូវ​ទៅ​ត្រង់​សោះ...។

នៅតាម​ទីសាធារណៈ​វិញ សំរាម​នៅតែ​ត្រូវគេ​បោះចោល​ដោយ​គ្មាន​របៀបរៀបរយ។ ដប​ទឹក​ឬ​កាកសំណល់​ចំណីអាហារផ្សេងៗត្រូវបាន​អ្នកធ្វើដំណើរ​តាម​រថយន្ត​ខ្លះ​បោះចោល​ទៅលើ​ដងផ្លូវ​យ៉ាង​ងាយ។ នៅតាម​សួនច្បារ​សាធារណៈ​ក៏​សម្បូរ​សំរាម​ណាស់ដែរ​ទោះបី​ជាមាន​ធុងសំរាម​នៅ​ទីនោះ​ក៏ដោយ។ ងាក​ទៅ​មើល​ទីជនបទ​ឯណោះ​វិញ អ្នកខ្លះ​ចូលចិត្ត​បបួលគ្នា​ជួបជុំ​ផឹកស្រា​ស្រវឹង​អួទីនួ រួចហើយ​ឈ្លោះប្រកែក​គ្នា មកដល់​ផ្ទះ​រករឿង​វាយ​ប្រពន្ធ​កូន។

អ្នកខ្លះ​ទៀត​ជក់​នឹង​ល្បែងស៊ីសង បៀរ អាប៉ោង កន្ទុយលេខ ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់កាស​និង​ពេលវេលា​ឥតប្រយោជន៍។ នៅឯ​ទីក្រុង​ក៏​មិន​ណ​យ​ដែរ៖ ស្រី ស្រា ល្បែង នៅតែ​ជា​ត្រីមុខ​របស់​មនុស្ស​ជាច្រើន។ ទាំងអស់នេះ​សុទ្ធសឹង​ជា​ទម្លាប់​មិនល្អ​ដែល​ត្រូវតែ​កែ​ប្រែជា​ចាំបាច់​ពីព្រោះ​ទម្លាប់​ទាំងនេះ​ជា​ប្រភព​នៃ​ភាពក្រីក្រ​ផង ជា​ប្រភព​នៃ​បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​ផង និង​ក៏​ជា​ឧបសគ្គ​រារាំង​សង្គម​មិនអាច​ក្លាយជា​ប្រទេស«ស៊ី​វិ​ល័យ»និង​នីតិរដ្ឋ​បានឡើយ។

ជាការ​ពិតណាស់ ប្រទេសមួយ​ដែល​អាច​ជឿនលឿន​ទៅមុខ​បាន​ឆាប់រហ័ស​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ អាស្រ័យ​ដោយ​កត្តា​សំខាន់​ពីរ​រួមផ្សំ​គ្នា​មិនអាច​ខ្វះ​បាន៖ទី១គឺ​ដោយសារ​មាន​អ្នកដឹកនាំ​ល្អ​គឺ​អ្នកដឹកនាំ​ដែលមាន​គុណធម៌ ព្រហ្ម​វិហារធម៌​ចំពោះ​ប្រជារាស្ត្រ​និង​វៀងវៃ​ក្នុងការ​កាច់ចង្កូត​ប្រទេស​ឆ្ពោះទៅកាន់​ផ្លូវត្រូវ។ និង​ទី២ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ល្អ​ពោល​គឺជា​ប្រជាពលរដ្ឋ​ដែលមាន​កម្រិត​ចេះដឹង​ខ្ពស់ ឧស្សាហ៍​ព្យាយាម និង​ចេះ​គោរព​ច្បាប់ទម្លាប់ផ្សេងៗរបស់​ប្រទេស​បានល្អ។ វា​មិន​ខុស​អ្វី​ពី​គ្រួសារ​មួយ​ដែល​មានកូន​ល្អ​ប្រប​កដោយ​គន្លង​ធម៌​ហើយ​អាចជួយ​លើកមុខ​មាត់​កិត្តិយស​គ្រួសារ​បាន​នោះទេ។ នៅក្នុង​ប្រទេសមួយ​ក៏​ដូចគ្នា​ដែរ ពលរដ្ឋ​ល្អ​អាចជួយ​លើកមុខ​មាត់​ប្រទេសជាតិ​បាន។ បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រទេសជាតិ យ៉ាងហោចណាស់​បើ​គ្រាន់តែ​កុំ​បង្កបញ្ហា​ដល់​សង្គម​ក៏​ចាត់ទុកជា​រឿង​ល្អ​មួយ​ទៅហើយ។

ប៉ុន្តែ​បច្ចុប្បន្ន ទាំង​រដ្ឋាភិបាល​ដែល​កំពុង​កាច់ចង្កូត​ប្រទេស ទាំង​អ្នកនយោបាយ និង​ក៏ដូចជា ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែរ នៅមាន​ទម្លាប់​ដឹកនាំ ទម្លាប់​ធ្វើ​នយោបាយ និង​ទម្លាប់​នៃ​ការប្រព្រឹត្ត​ខុសឆ្គង​ជាច្រើន។ មាន​មូលហេតុ​ច្រើនយ៉ាង​ណាស់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​សភាព​បែបនេះ។ មូលហេតុ​សំខាន់​ជាងគេ​មួយ​គឺ​សង្គ្រាម​ដែល​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​និង​ធ្វើ​ឲ្យ​មាន​ភាពក្រីក្រ។ ភាពក្រីក្រ​និង​ការបាក់​ស្បាត​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្មាន​ពេល​រៀនសូត្រ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឡើយ។ មួយថ្ងៃៗ ពួកគេ​គិតតែ​ពី​បញ្ហា​ក្រពះ ដោយ​ទុក​បញ្ហា​សីលធម៌​និង​សុជីវធម៌​មួយអន្លើ។

ចុងក្រោយ​នេះ ប្រទេសជាតិ​បាន​ស្គាល់​សន្តិភាព ប្រជាជន​ក៏មាន​ជីវភាព​ប្រសើរ​ជាបណ្តើរៗ ប៉ុន្តែ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​នៅតែ​បន្ត​កើតមាន​នៅឡើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ពិបាក​នឹង​ចាក​ចេញពី​ភាពក្រីក្រ​ឬ​អ្នកខ្លះ​ធ្លាក់ខ្លួន​ក្រ​វិញ​បន្ទាប់ពី​ទទួលរង​ការបណ្តេញ​ចេញពីផ្ទះ​សម្បែង​ឬ​ដីធ្លី​របស់​ពួកគេ​ជាដើម។ ម្យ៉ាងទៀត គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ដែល​កាន់តែ​រីកធំឡើង​ជា​លំដាប់​នោះ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​មាន​អារម្មណ៍​ថា​ខ្លួន​នៅតែ​ក្រ​ដដែល​បើទោះជា​ជីវភាព​របស់​ពួកគេ​ប្រសើរ​ជាង​មុន​ខ្លះ​ក្តី​ពីព្រោះ​ពួកគេ​តាម​មិនទាន់​អ្នកមាន។

ចំណែកឯ​អ្នកមាន​ប្រាក់​និង​មានអំណាច​ខ្លះ​ក៏​បែរជា​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ខុស​ទំនង​ហើយ​ធ្វើខ្លួន​ជា​មនុស្ស​ទំនើង​មិន​គោរព​ច្បាប់​និង​ខ្វះ​សីលធម៌​ទៅវិញ។ ហេតុផល​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​ប្រកាន់​ឥរិយាបថ​មិនល្អ​រហូតដល់​សព្វថ្ងៃ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​កែ​ទម្លាប់​អាង​ក្រក់​ទាំងនោះ​ហើយ​ងាក​ធ្វើជា​ពលរដ្ឋ​ល្អ​របស់​សង្គម​វិញ។ អ្នក​ដែល​ត្រូវ​ផ្តើម​មុនគេ​គឺ«លោកធំ»ដែល​ត្រូវធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ គឺ​គំរូ​ទាំង​សីលធម៌ សុជីវធម៌ និង​ការគោរព​ច្បាប់ ដើម្បី​ឲ្យ​សមជា​ខ្មែរ​ពូជ​អ្នក​សាង​អង្គរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ