អានតួអត្ថបទ
កម្ពុជា

អាដហុក​បារម្ភ​​ពី​​ការ​កើន​ឡើង​នៃ​​ការ​ប្រើ​​អំពើ​ហិង្សា​និង​​ការ​ចោទ​ប្រកាន់​​សកម្មជន​​ការពារ​​ធនធាន​ធម្មជាតិ

សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​អាដហុក​បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​​​ជា​ខ្លាំង​លើ​​ភាព​អយុត្តិធម៌​ដែល​​ភ្នាក់ងារ​​សមត្ថកិច្ច​កំពុង​​ធ្វើ​​លើ​​ក្រុម​​ជនជាតិ​ដើម​​ភាគតិច​ដែលជា​​សកម្មជន​​ការពារ​​ធនធាន​ធម្មជាតិ​។​​ សកម្មជន​​ការពារ​​ព្រៃឈើ​ជាង​១០០​នាក់​ត្រូវ​​ទទួល​រង​​នូវ​​អំពើ​ហិង្សា​​ការ​​គំរាម​កំហែង​និង​​ការចោទ​ប្រកាន់​នៅ​​ខណៈ​ពេល​ដែល​​ពួកគេ​ចូល​​ល្បាត​​ព្រៃ​​សហគមន៍​ដើម្បី​​ទប់ស្កាត់​​បទល្មើស​​ព្រៃ​ឈើ​ឬ​​ទប់​ស្កាត់​​ការ​រំលោភ​បំពាន​​ដី​ធ្លី​។

ជនជាតិដើមភាគតិចធ្វើស្និសីទកាសែត។
ជនជាតិដើមភាគតិចធ្វើស្និសីទកាសែត។ RFI/Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ក៏មាន​សកម្មជន​ការពារ​ធនធានធម្មជាតិដែលជា​ជនជាតិដើម​ភាគតិច​ចំនួន​១១០នាក់បាន​ទទួលរង​នូវ​អំពើហិង្សាការគំរាមកំហែង ការចោទប្រកាន់ និង​​​ការចាប់​ដាក់​ពន្ធនាគារ។ នេះ​បើតាម​ការកត់សម្គាល់រ​បស់​អាដហុក។

អាដហុកបានចាត់ទុក​សកម្មភាព​បែបនេះថា ​ជាការ​រើសអើង និង​មានការ​រំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋានហាក់​មានការ​រៀបចំ​ទុកជា​ប្រព័ន្ធក្នុងការ​បំផ្លាញ​សិទ្ធិ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា។ អាដហុកក៏បាន​កត់សម្គាល់ថាលំនៅដ្ឋាន​ស្រែចំការ​វប្បធម៌​ប្រពៃណីរបស់​ជនជាតិ​ដើម​​ភាគតិចត្រូវបាន​ហ៊ុំព័ទ្ធ​ ដោយ​ក្រុមហ៊ុនដែល​ទទួលបាន​សម្បទា​ន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។​ អ្នកខ្លះទទួលរង​ដោយ​អំពើហិង្សា​ពី​សមត្ថកិច្ចនិង​សន្តិសុខ​ក្រុមហ៊ុន និង​ខ្លះទៀត​ត្រូវ​បាន​ចោទប្រកាន់​តាមផ្លូវ​តុលាការ ខ្លះទៀតទទួលរង​ការកោះហៅ​ពី​អាជ្ញាធរ​សមត្ថកិច្ច​ដើម្បី​សាកសួរនិង​គំរាមកំហែង​ខាង​ផ្នែក​ស្មារតី​ជុំវិញ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ។

 
ក្នុង​សន្និសីទកាសែតនា​ព្រឹក​ថ្ងៃ​អង្គារ​នេះលោក ​នី​ ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្សនិង​ច្បាប់នៃ​សមាគម​អាដហុក បាន​លើកឡើងថាអាជ្ញាធរ​មូលដ្ឋានមិនដែល​បានធ្វើការ​ស៊ើបអង្កេតរ​ក​ដំណោះស្រាយ​ជូន​ប្រជា​សហគមន៍ ហើយក៏​មិន​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ឡើយ។អាជ្ញាធរ​មូលដ្ឋាននិង​ប៉ូលិសបែរជា​ហៅ​ប្រជា​សហគមន៍ទៅ​សាកសួរនិង​គំរាមកំហែង​ទៅ​វិញ។

ក្នុង​សន្និសីទកាសែតអាដហុកបានបង្ហាញ​ប្រជា​សហគមន៍​ជនជាតិភាគតិចការពារ​ព្រៃឈើ​ចំនួន​៨នាក់ដែល​រស់នៅ​ភូមិ​ឡៅ​កាសង្កាត់​សុខដុមក្រុង​សែន​មនោ​រម្យខេត្តមណ្ឌលគិរី។ ក្រុម​ប្រជា​សហគមន៍​ជនជាតិភាគតិច​ព្នងជាង២០០គ្រួសារតែង​ប្រកប​របរ​អាស្រ័យ​ផល​ពី​ព្រៃឈើ​ដង​ជ័រ រក​ឃ្មុំ និង​កាប់​ផ្តៅជាដើម។ ប៉ុន្តែ​ពេលនេះនៅ​តំបន់​សហគមន៍​ជនជាតិដើម​ទាំងនោះ​ត្រូវបាន​​​ក្រុមហ៊ុនវីឡាឌី​វៀ​ឡុ​ប​មិនចូល​កាប់​ឈើក្រោមរូបភាព​អភិវឌ្ឍន៍លើដី​សម្បទាន​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ២០១០។

តំណាង​ប្រជា​សហគមន៍បាន​ដើរល្បាតហើយ​រារាំង​សកម្មភាព​កាប់​ឈើនិង​បាន​ចាប់​វត្ថុតាង​មាន​ឡានឈើនិង​រណាជាដើមប្រគល់​ឲ្យ​អាជ្ញាធរមន្ត្រី​បរិស្ថាន។ ប៉ុន្តែ​ប្រជា​សហគមន៍​បាន​លើក​​ឡើងថាអាជ្ញាធរ​មូលដ្ឋានរាប់ទាំង​ថ្នាក់ភូមិរហូតដល់​ថ្នាក់​ខេត្តនិង​មន្ត្រី​បរិស្ថានមិនបាន​ជួយ​ទប់ស្កាត់​ទេតែ​បែរជា​គំរាមនិង​ចោទ​អ្នកភូមិថា​រាំងស្ទះ​ដំណើរការ​អភិវឌ្ឍន៍របស់​ក្រុមហ៊ុន​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ