អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រសួង​កសិកម្ម៖​ ស្រូវ​ដែល​ខូចខាត​ដោយ​ទឹក​ជំនន់​ប្រមាណជាង​៤ពាន់​ហិចតា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​​

ក្រសួង​កសិកម្ម​ បាន​ចុះ​អន្តរាគមន៍​លើបញ្ហា​ស្រូវ​ប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ នៅ​ខេត្ត​ចំនួន៨​ដែល​មានស្រូវ​ប្រមាណ​២ម៉ឺន​ហិចតា​ទទួល​ផល​ប៉ះពាល់​ តែ​មាន​ប្រមាណ​ជា៦ពាន់​ហិចតា​ប៉ុណ្ណោះ​ដែល​ទទួល​រង​ការ​ខូច​ខាត​។ ការ​ស្ដារ​ឡើង​វិញ​នេះ​គឺ​ដោយ​ប្រើ​វិធី​សាប​ ព្រួស​ស្រូវ​ថ្មី ​ជំនួស​ស្រូវ​ចាស់​ដែល​ខូចខាត ជៀស​វាង​នូវ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​កសិផល​ស្រូវ​ក្នុង​ស្រុក​។

ស្រូវ​ដែល​ខូច​ខាត​ដោយ​ទឹក​ជំនន់​ប្រមាណ​ជា​​ង​៤​ពាន់​ហិច​តា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​
ស្រូវ​ដែល​ខូច​ខាត​ដោយ​ទឹក​ជំនន់​ប្រមាណ​ជា​​ង​៤​ពាន់​ហិច​តា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ @facebook
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ ទី​ កញ្ញា ​និង​ ហេង​ ពុធីរៈ​

លោក​ ឡោ​ រស្មី​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ទី០៩​ សីហា​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ ដើម្បី​ស្ដារ​ស្រូវ​ដែល​ខូចខាត​ ក្រសួង​បាន​ចុះ​ចែក​ដោយ​ផ្ទាល់​នូវ​ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ ទៅ​ខេត្ត​គោល​ដៅ​មួយ​ចំនួន​។ លោក​បាន​បន្ថែម​ថា ​ប្រភេទ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ អាច​ច្រូត​កាត់​បាន​លឿន​ ក្នុង​រយៈ​ពេល​បី​ខែ​ប៉ុណ្ណោះ ​ហើយ​ប្រជាកសិករ​អាច​ទទួល​បាន​ផល​ស្រូវ​ក្នុង​កម្រិត​ខ្ពស់​។

ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​ រហូត​ដល់​ដើម​ខែ​សីហា​នេះ ​ជំនន់​ទឹក​ភ្លៀង​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ជា​ច្រើន​តាម​ខេត្តគោលដៅ​មួយ​ចំនួន​ ហើយ​ក្នុង​នោះ ​ខេត្ត​ព្រះ​វិហារ​ទទួល​រង​ការ​ខូច​ខាត​ស្រូវ​ច្រើន​ជាង​គេ ​រហូត​ដល់​ជាង​៦ពាន់​ហិច​តា ​ហើយ​បច្ចុប្បន្ន​ ក្រសួង​កំពុង​តែធ្វើ​ការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​។

បញ្ហា​នេះ ​ក្រសួង​កសិកម្ម​បាន​ដោះស្រាយ​ដោយ​ណែនាំ​ឲ្យ​កសិករ​ទាំង​អស់​ រក​ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​ រដូវ​ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​។ រី​ឯ​លទ្ធ​ផល​ ផ្ទៃ​ដី​ប្រមាណជា​៥៨០​ពាន់​ហិចតា​ ត្រូវ​បាន​ដាំស្រូវ​ប្រភេទ​ស្រាល​នេះ។​ បន្ថែម​ពីលើ​នេះ ​ក្រសួង​នៅតែ​បន្តចុះ​ធ្វើអន្តរាគមន៍​ជួយស្ទូង​ ព្រួស​ និង​ស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​ខូច​ខាត​ទាំងនោះ ​ឲ្យ​ទាន់​រដូវកាល​ដំាំដុះ​ នា​ចុង​រដូវ​វស្សា​នេះ​។

អ្នក​នាំ​ពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ខេត្ត​គោល​ដៅ​ទាំង​នោះ​មាន​ ខេត្តបន្ទាយ​មានជ័យ​ កំពង់ចាម​ កំពង់ធំ ​ក្រចេះ ​ព្រះវិហារ​ ស្ទឹងត្រែង​ និង​ឧត្តរមានជ័យ​ ក្នុងនោះ​ ខេត្ត​ឧត្តរមានជ័យ​ ដំណាំ​ស្រូវ​មិនមាន​ការខូច​ខាត​ឬ​ប៉ះពាល់​ឡើយ​ ព្រោះ​ជំនន់​ទឹកភ្លៀង​ស្រកលឿន​ ធ្វើ​ឲ្យ​ស្រូវដុះបាន​ល្អឡើង​វិញ​។

សូម​រំលឹក​ថា ​គិត​ត្រឹមថ្ងៃទី២​ សីហា ​ឆ្នាំ២០១៧​ ស្ថានភាព​ដំណាំ​ស្រូវ​រង​ផលប៉ះពាល់ ​ដោយគ្រោះ​ទឹកជំន​ន់ ដែល​បង្ក​ឡើង​នៅចុង​ខែកក្កដា​ លើផ្ទៃ​ដី​សរុប​ចំនួន​ជាង​២ម៉ឺនហិចតា​។ ​ផលប៉ះពាល់​ និង​ខូចខាត​ គឺកើត​ឡើង​ច្រើន​ទៅលើខេត្តចំនួន៨​ តែ​បើ​តាម​របាយការណ៍ ​ក្រសួង​ផ្ដោត​តែ​៤​ខេត្ត​ប៉ុណ្ណោះ ​គឺ ​កំពង់ធំ​ ក្រចេះ ​ស្ទឹងត្រែង​ និង​ព្រះវិហារ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ