ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

ក្រុមហ៊ុន​​កម្ពុជា​​និង​​ចិន​​ចុះ​​ហត្ថលេខា​​សាងសង់​​រោងចក្រ​​ចម្រាញ់​​ប្រេងកាត​​តម្លៃ​​២៣០០​​លាន​​ដុល្លារ​​

media  
លោក​ឧប​នាយករដ្ឋមន្ត្រី​សុខអាន​និង​តំណាងក្រុមហ៊ុន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ក្នុងពិធី​ចុះហត្ថលេខា​នៅព្រឹកថ្ងៃទី​២៨ធ្នូឆ្នាំ​២០១២។​ RFI/Siv Channa

រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទុន​វិនិយោគ​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចុះ​ហត្ថលេខា​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨​ខែ​ធ្នូ​នេះ។ ក្រុមហ៊ុន​កម្ពុជា​របស់​អ្នក​ឧកញ៉ា ស៊ី គង់​ទ្រីវ បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ចិន​ដើម្បី​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​នោះ នឹង​បើក​ដំណើរការ នៅ​ចុង​ឆ្នាំ​២០១៥។

​ពិធី​ចុះហត្ថលេខា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​មិញ ធ្វើឡើង​ចំនួន​ពីរ​។

ទី​១-​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ ស្ដីពី ការសាងសង់ និង​ប្រតិបត្តិការ​រោង​ចក្រ​​ចម្រាញ់​ប្រេងកាត ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ជាមួយនឹង​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd.,​។

ចំណែក​ពិធី​ចុះហត្ថលេខា​មួយ​ទៀត លើ​កិច្ចសន្យា ស្តីពី វិស្វកម្ម ការផ្គត់ផ្គង់​សម្ភារៈ និង​ការ​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd. ជាមួយ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery industry Corp. Ltd.,​។

 

​លោក Zhang Sugang នាយក ​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery​ industry Corp. Ltd., បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ មាន​តម្លៃ​​វិនិយោគ​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ ហើយ​នឹងដា​ក់ឲ្យប្រតិបត្តិការ នៅ​ចុងឆ្នាំ​២០១៥​។

តាម​តំណាង​ក្រុមហ៊ុន ក្នុង ១​ឆ្នាំ រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ អាច​នឹង​ផលិត​ប្រេង​បាន ៥ លាន​តោន ហើយ​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ៤.០០០ នាក់​។ ចំណែក​កាក​សំណល់​ពី​ការ​ចម្រាញ់​ប្រេងកាត​នោះ ក៏​នឹង​ត្រូវ​កែច្នៃ ជា​ផលិតផល​ប្រើប្រាស់ ដូចជា បំពង់​ទីប​ទឹក និង​ជី​កសិក​កម្ម ជាដើម ដែល​នឹង​ទទួល​ចំណូល​ប្រមាណ ១៥.០០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

​ចំណែក​លោក សុខ អាន បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​អាច​នឹង​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ នៅ​ព្រំដែន​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ នឹង​អាច​បម្រើ​ឲ្យ​​តម្រូវការ​ប្រេង​នៅ​កម្ពុជាដែល​មាន​ចំនួន១លាន​តោន​ក្នុង​មួយ​ឆ្នាំដោយ​លក់​ក្នុង​តម្លៃ ​សម​រម្យ​​ ហើយ​គុណភាព​ក៏​ស្ថិត​ក្នុង​ស្តង់ដារ​ប្រេង​នៅ​អឺរ៉ុប ហើយ​នៅសល់​ប៉ុន្មាន ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន នឹង​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រីសុខ អានសង្ឃឹមថា ការចុះហត្ថលេខា​ថ្ងៃនេះនឹង​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយដល់​វិនិយោគិន​ទាំង​ក្នុងនិង​ក្រៅប្រទេស ឱ្យ​ចូលរួម​វិនិយោគ​ក្នុង​វិស័យប្រេង​ដ៏​មាន​សក្តា​នុពល​​​នេះ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សំដៅ​លើកកម្ពស់​សុខមាល​​ភាព និង​វឌ្ឍនភាព​សង្គម​។

​តាម​តំណាង​ក្រុមហ៊ុន​ នៅ​ឆ្នាំ​១៩៦៨ កម្ពុជា​ធ្លាប់​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ សាង​សង់​ឡើងដោយ​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បារាំង​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​សង្គ្រាម​។

​សូម​រម្លឹកថា រោងចក្រ​ចម្រាញ់​ប្រេងកាតដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​បង្កើត​នៅ​ពេល​នេះ​ ចំ​ពេល​ដែល​ប្រេងកាត​នៅ​បាតសមុទ្រ​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិក Chevron បានសម្រេច​ពន្យារពេល​ទាញ​យក​ប្រេង​ដំបូងបង្អស់ នៅ​តំបន់ A កាលពី​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ហើយ​កាលបរិច្ឆេទ​ថ្មី នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ