អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​ព័ត៌​មាន ប្រកាស​​រៀប​ចំ​​មហោ​​ស្រព​​ប្រឡង​​តន្ត្រី​ និង​​ចម្រៀង​​សម័យ​​ថ្នាក់​​ជាតិ ​ឆ្នាំ​២០១៥​

មហោស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ឆ្នាំ​២០១៥ ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​ព័ត៌មាន នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី១ ក្នុង​ខែកក្កដា និង​បញ្ចប់​នៅ​សប្តាហ៍​ចុងក្រោយ ក្នុង​ខែ​សីហា។ ជា​មហោ​ស្រព ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ លើក​ទី​៣​ហើយ ដែល​តម្រូវ​ឲ្យ​បេក្ខជន និង​ក្រុម​តន្ត្រី​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី ដោយ​មិន​មាន​ការ​លួច​ចម្លង ពិសេស​មិន​ចម្លង​តាម​បរទេស​ឡើយ។

មហោស្រពប្រឡងតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំ២០១៥ Battle of the Bands 2015
មហោស្រពប្រឡងតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំ២០១៥ Battle of the Bands 2015 @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មហោស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ឆ្នាំ​២០១៥ Battle of the Bands 2015 ត្រូវបាន​ក្រសួង​ព័ត៌មាន ប្រកាស​ទទួល​ពាក្យ​បេក្ខជន ចូលរួម​ប្រកួត​ប្រជែង ចាប់​ពី​ថ្ងៃនេះ​តទៅ។ រីឯ​កម្មវិធី​បើក​មហោស្រព នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ទី​១ ក្នុង​ខែ​កក្កដា។ កម្មវិធី​ប្រកួត នឹង​ធ្វើ​ឡើង​រាល់​ថ្ងៃ​អាទិត្យ។ មហោ​ស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ឆ្នាំ​២០១៥ របស់​ក្រសួង​ព័ត៌មាន នឹង​បញ្ចប់ នៅ​សប្តាហ៍​ចុង​ក្រោយ ក្នុង​ខែ​សីហា។

មហោ​ស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ជា​កម្មវិធី និង​ស្មារតី​រួមគ្នា ក្នុង​ការ​កាត់​បន្ថយ​ការ​ចម្លង​បទ​ចម្រៀង​របស់​បរទេស​ជា​បណ្តើរ​ៗ និង​រួមគ្នា បង្កើត​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី ដោយ​មិន​ចម្លង​តាម​បរទេស។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣​មីនា គណៈ​កម្មការ​រៀប​ចំ​មហោ​ស្រព បានប្រកាស​ថា បេក្ខជន អាច​ច្រៀង​ទោល ឬ​ឆ្លើយ​ឆ្លង ហើយ​ក្រុម​តន្ត្រី ត្រូវ​មាន​សមាជិក មិន​លើស​ពី ១០ រូប។ រាល់​តន្ត្រី និង​ចម្រៀង​នោះ ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី ដោយ​មិន​ចម្លង​តាម​បទ​ភ្លេង ឬ​បទ​ចម្រៀង​ចាស់ ពិសេស​មិន​ត្រូវ​ចម្លង​តាម​បរទេស​ទេ។

ជ័យលាភី​លេខ​១ ទទួល​បាន​ថវិកា ចំនួន ៤០០០ ដុល្លារ និង​ពាន​មួយ។ ជ័យលាភី​លេខ២ ទទួល​បាន​ថវិកា​ចំនួន ៣០០០ ដុល្លារ និង​ប្រកាស​នីយបត្រ និង​ជ័យ​លាភី​លេខ៣ ទទួល​បាន​ថវិកា​ចំនួន ២០០០ ដុល្លារ និង​ប្រកាស​នីយបត្រ។

ថវិកា​ដែល​ត្រូវ​រៀបចំ​មហោ​ស្រព​តន្ត្រី និង​ចម្រៀង​សម័យ​នោះ មិន​មែន​ប្រើ​ថវិកា​រដ្ឋ​នោះទេ គឺ​បាន​មក​ពី​សប្បុរស​ជន និង​ក្រុម​ហ៊ុន​ឯកជន​នានា។ តែ​លោក​ខៀវ​កាញា​រីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​ចូល​ឧបត្ថម្ភ ១​ម៉ឺន​ដុល្លារ សម្រាប់​រៀប​ចំ​មហា​ស្រព​តន្ត្រី​ចម្រៀង​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ បាន​ប្រកាស​ថា ក្រសួង​ព័ត៌មាន មិន​ទទួល​យក​ការឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​បារី និង​គ្រឿង​ស្រវឹង​នោះ​ទេ​។

ជាមួយ​គ្នា​នោះ លោក​រដ្ឋ​មន្ត្រី ក៏​បាន​ប្រកាស ហាម​ជា​មុន មិន​ឲ្យ​បេក្ខជន លើក​យក​បទ​ចម្រៀង​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ យក​មក​ប្រលង​ប្រជែង​ឡើយ។ ក្នុង​នោះ លោក​រដ្ឋ​មន្ត្រី ក៏​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន ចូលរួម​បង្ហាញ​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី តាម​ស្ទីល​យុវវ័យ ក្នុង​សត្សវត្សរ៍​ថ្មី​នេះ ព្រោះ​ថា មហោ​ស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ ពីរ​លើក​កន្លង​មក ភាគ​ច្រើន​មាន​បទ​ចម្រៀង​ក្នុង​រង្វង់​អ្នក​ចម្រៀង ជំនាន់​លោក​ស៊ីន​ស៊ី​សាមុត ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ