ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/07 12h00 GMT
Cambodia

កម្ពុជា​នឹង​ចុះ​MOU​ព្រម​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ

media  
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ពេល​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​កន្លងទៅ។ @rfi/ siv channa

ក្រសួង​ការ​បរទេស​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​ទី​២៤ ​កញ្ញា​នេះ ​បាន​ជូន​ដំណឹង​ថា​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ​និង​កម្ពុជា​ នឹង​ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការតាំង​ទី​លំ​នៅ​នៃ​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ។

នៅ​បំផុត​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​ហត្ថ​លេខា​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ជា​ផ្លូវ​ការណ៍​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២៦​កញ្ញា​ចុង​សប្តាហ៍​នេះ។​ ជា​ការ​កិច្ច​ព្រម​ព្រៀង​ដែល​ទាំង​ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​រិះ​គន់។ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ​លោក ​ស ខេង​ និង​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្ត្រាលី ​លោក ​ស្កុត​ ម៉ូរីសុន​ (Scott MORRISON) ​គឺ​ជា​អ្នក​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​លើ​ទឹក​ដី​អូស្ត្រាលី​មក​កាន់​កម្ពុជា​នេះ។

សូម​រំលឹក​បន្តិច​ថា​ សំណើរ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​នេះ​ គឺ​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​មក​កាន់​កម្ពុជា​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី ​លោក​ស្រី ​ជូលៀ បីស៊ប​ (Julie Bishop) កាល​ពី​ចុង​ខែ​កុម្ភៈ ​ដើម​ឆ្នាំ​២០១៤​នេះ។​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា ​តើ​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី​ទាំង​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ នឹង​ត្រូវ​បញ្ជូន​មក​កាន់​កម្ពុជា​នៅ​ពេល​ណា ហើយ​នឹង​ត្រូវ​ទៅ​រស់​នៅ​តំបន់​ណា​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​សារព័ត៌មាន​អូស្ត្រាលី ​ធ្លាប់​បាន​ចេញ​ផ្សាយ​ថា ​ជន​ភៀស​ខ្លួន​ទាំង​គឺ​ប្រមាណ​ជា​១​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​របស់​អូស្ត្រាលី។
 
​ដោយ​ឡែក​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធ​មនុស្ស​កម្ពុជា ​អះ​អាង​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​កាល​ពី​ខែ​សីហា​ថា ​ជន​ភៀស​ខ្លួន​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​រស់​លើ​កោះ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ។   
 
អង្គការ​សហ​ប្រជាជាតិ​ទទួល​បាន​បន្ទុក​សិទ្ធ​មនុស្ស ​បាន​រិះគន់​ប្រទេស​អូស្ត្រាលី​ថា ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ​គឺ​រឿង​អាម៉ាស​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ព្រោះ​ថា​ កម្ពុជា​ជា​ប្រទេស​នៅ​ក្រី​ក្រ​នៅ​ឡើយ ​និង​ជា​ការ​រំលោភ​សិទ្ធ​ដល់​អ្នក​សុំ​សិទ្ធ​ជ្រក​កោណ​ទាំង​នោះ។ ​ដោយ​ឡែក​ លោក​ សួន ​ប៉ុនសក្តិ​អគ្គលេខា ​គណៈ​កម្មាធិការ​ការពារ​សិទ្ធ​មនុស្ស​កម្ពុជា ​បាន​រិះគន់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចូល​រួម​រំលោភ​សិទ្ធ​អ្នក​សុំ​សិទ្ធ​ជ្រក​កោណ​ជាមួយ​នឹង​អូស្ត្រាលី​ដែរ។ ​ហើយ​ថា​ការទទួល​ជន​ភៀស​ខ្លួន​នេះ ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា។
 
ក្រសួង​ការ​បរទេស​កម្ពុជា ​តាម​រយៈ​លោក​កុង​ គួង​អ្នក​នាំ​ពាក្យ​ បាន​អះ​អាង​ថា​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើ​គឺ​បាន​ពិចារណា​អស់​ហើយ​ថា ​មិន​បាន​ប៉ះពាល់​ដល់​សង្គម​ជាតិ​កម្ពុជា​នោះ​ទេ​។​ ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​របស់​រដ្ឋសភា​ លោក ​ឈាង​ វុន​ បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទទួល​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ