ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/06 12h00 GMT
កម្ពុជា

តុល្យ​ការ​ចុង​ក្រោយ​៖​គ្មាន​មនុស្ស​ស្លាប់​ទេ​ប៉ុន្តែ​របួស​ច្រើន​នាក់ ​ករណី​នៅ​ខេត្ត​ក្រចេះ

media  
ការតវ៉ា​បិទ​កំណាត់​ផ្លូវ​ហើយ​សមត្ថកិច្ច​បំបែក​នៅឃុំ​២ធ្នូ @សហការី

ករណី​ផ្ទុះ​អាវុធ​នៅគ្រា​ដែល​បង្រ្កាប​​ការ​តវ៉ា​បិទ​​ផ្លូវ​ ដោយ​​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ ​នៅ​ឃុំ​២​ធ្នូ​ ក្នុង​ស្រុក​ស្នូល ​ខេត្តក្រចេះ ​កាល​ពី​ម្សិល​មិញ​ មក​ដល់​ថ្ងៃ​នេះ ​គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ទេ​​ប៉ុន្តែ​មាន​មនុស្ស​របួស​ច្រើន​នាក់​ រាប់​ទាំង​ពលរដ្ឋ​និង​​សមត្ថកិច្ច​។ ​នេះគឺ​ជា​តុល្យការ​​ចុង​​ក្រោយ​​ក្នុង​​របាយការណ៍​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ឆ្លើយ​តប​​ទៅ​នឹង​​​សេចក្តី​​រាយការណ៍​ភ្លាមៗ​​ដែល​ថា​ការ​បង្រ្កាប​​របស់​​ក្រុម​​កម្លាំង​​ប្រដាប់​​​អាវុធ​​ ទប់​ទល់​​នឹង​​ពលរដ្ឋ​​ដែល​​ប្រដាប់​​ ដោយ​ដំបង​​ កាំបិត​​ និង​​ពូថៅ​​ជាដើម​នោះ ​គឺ​មាន​មនុស្ស​ស្លាប់​​រហូត​​ដល់​​៦​នាក់​​។ ​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​រដ្ឋបាល​ខេត្តក្រចេះ អាជ្ញាធរបាន​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយថាមាន​ពលរដ្ឋស្លាប់៦នាក់ និងរបួស៤០នាក់នោះថាជាព័ត៌មានមិនពិត។ ផ្ទុយទៅវិញ បើតាម​អាជ្ញាធរ គឺមានតែពលរដ្ឋ២នាក់រងរបួស និង៧នាក់ត្រូវបានចាប់ខ្លួន ខណៈសមត្ថកិច្ចក៏រងរបួសចំនួន៧នាក់ផងដែរនោះ។

យោងតាម​របាយការណ៍​របស់​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ស្រុក​ស្នួលវិញ ក៏បាន​អះអាងថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋ​ចំនួន៧នាក់ គឺមានស្រីម្នាក់ ដោយ​ដក​ហូត​ម៉ូតូ​៣៦គ្រឿង កាំបិត៤៧ ពូថៅ៥៣ ស្នា៤ដើម ជំពាមកៅស៊ូ៥៤ និង​កាំភ្លើង​ច្នៃ៣ដើម។

លោក គង់ គីមនី អភិបាល​ស្រុក​ស្នួល​ បាន​ប្រាប់​វិទ្យុ​បារាំង​RFIថា មក​ដល់​ពេលនេះ អាជ្ញាធរ​រក​មិន​ឃើញថា​មានមនុស្សស្លាប់​ដូច​ការ​អះអាងរបស់​ស្រ្តី​ម្នាក់​ដែល​ផ្តល់​សំភាសន៍​​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រោយ​កើត​ហេតុភ្លាមៗនោះទេ។ ចំណែក ការ​ដោះ​ស្រាយ​​បញ្ហាដីធ្លីនេះវិញ លោក អភិបាល​ស្រុក អំពាវនាវឲ្យ​ពលរដ្ឋ​មកបំពេញឯកសារ​សុំ​កាន់​កាប់​ដីឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយមានការបញ្ជាក់ពីរដ្ឋបាលខេត្តដើមរបស់ពួកគេ នោះ​ទើប​​​អាជ្ញាធរ​អាចដោះស្រាយជូនបាន។

ជាមួយគ្នានោះ លោក សឹង សែនករុណា មន្រ្តីសិទ្ធិមនុស្ស​សមាគម​អាដហុក​ដែល​ចុះ​ទៅ​ស៊ើប​អង្កេតដល់កន្លែងកើតហេតុ ក៏បានឲ្យដឹងថា មកដល់ពេលនេះ មិនមានសេចក្តី​រាយការណ៍ថា មានមនុស្ស​ស្លាប់ដូចសេចក្តីរាយការណ៍ពីដំបូងៗនោះឡើយ។

ទោះជាយ៉ាងណា អតីតគណបក្សសង្រ្គោះជាតិ​បានចេញសេចក្តី​ថ្លែង​ការណ៍មូយ​នៅ​ថ្ងៃនេះដែរ ​ដោយ​ថ្កោលទោស​ចំពោះកង​កម្លាំង​ប្រដាប់​អាវុធ ដែលថា​បាន​បង្រ្កាប​យ៉ាង​ឃោឃៅ​ទៅ​លើ​ប្រជាជបលរដ្ឋនៅភូមិ​ជើង​ឃ្លេ ឃុំ២ធ្នូ ស្រុក​ស្នួល​ខេត្ត​ក្រចេះ​នោះ។

អតីតគណបក្សប្រឆាំង​ដ៏ធំមួយនេះ ក៏ទាមទារឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​​ដោយ​​មានការ​ចូល​រួម​ជាពីអង្គការ​សង្គម​ស៊ី​វិល​ឯករាជ្យ ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់​និង​បញ្ជា មក​ផ្តន្ទា​ទោសតាម​ច្បាប់។​ លើស​ពីនេះគណបក្ស​ដែល​នៅតែអះអាងថា ខ្លួន​ស្រប​ច្បាប់នេះ ក៏ទាម​​ទារ​ឲ្យ​​ដោះលែង​ពលរដ្ឋ​ដែល​ត្រូវបាន​ចាប់ខ្លួន និងបញ្ឈប់​ប្រើ​អំពើ​ហិង្សាព្រមទាំងដក​ហូត​ដី​សម្បទាន​​ពីក្រុម​ហ៊ុនមេមត់នោះ ​មកចែកជូនពលរដ្ឋផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ