ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
កម្ពុជា

អ្នកវិភាគ និង​អ្នក​នយោបាយ​ថា លោក ហ៊ុន សែន អនុវត្តនយោ​បាយ​ការ​បរទេស​ ទន់​ភ្លន់ តែ​មិន​ទន់​ជ្រាយ​

media  
លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវនៅព្រឹកថ្ងៃសៅរ៍ទី១២សីហាឆ្នាំ២០១៧ @Samdech Hun Sen, Cambodian Prime Minister

បន្ទាប់​ពី​ឡាវ យល់​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ថ្ងៃ​ស្អែក ក្រោយ​លោក ហ៊ុន សែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​នេះដោយ​ផ្ទាល់​ដល់​ឡាវ អ្នក​វិភាគ សង្គម​ស៊ីវិល និងអ្នក​នយោបាយ​ចាត់​ទុក​ការ​ចេញ​មុខ​របស់​លោក ហ៊ុន សែន ជា​ឥរិយាបថ​ទន់​ភ្លន់ តែមិន​ទន់​ជ្រាយ។ ហើយ​ពួក​គេ​ស្នើ​ឲ្យ លោក ហ៊ុន សែន បន្ត​អនុវត្ត​ភាព​ម៉ដ្ឋ​ចត់​បែប​នេះ លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​វៀត​ណាម ឲ្យ​ដូច​ឡាវ​ឣ៊ីចឹង​ដែរ​។

«ការ​ដោះ​ស្រាយ​បែប​ទន់​ភ្លន់​ឣ៊ីចឹង​វា​គឺ​ជា​រឿង​ល្អ ចៀស​ជាង​ការ​ហៅ​មន្ត្រី​ទូត​របស់​ឡាវ​មក​ស្ដី​ឲ្យ» នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​លោក ឆាំ ប៊ុនថេត អ្នក​វិភាគ​សង្គម និង​នយោ​បាយ​។ លោកប​ន្ថែម​ថា ឥរិយាបថ​លោក ហ៊ុន សែន គឺ​ជា​ទង្វើ​មួយ​បញ្ជាក់​ថា កម្ពុជាចូល​ចិត្ត​ប្រើ​ការ​ចរចា​ដោយ​សន្តិភាព មិន​មែន​ហិង្សា។ នេះ​មាន​ន័យ​ថា នយោបាយដោះ​ស្រាយ​​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន ជា​មួយ​ឡាវ គឺ​ទន់​ភ្លន់ តែ​មិន​ទន់ជ្រាយ​ទេ។ លោក​ហ៊ាន​ថា ដូច្នេះ​តាម​រយៈ​បទ​បញ្ជា​៦​ថ្ងៃ​ឲ្យ​ឡាវ​ដក​ទ័ព​ចេញ និង​ការចល័ត​ទ័ព​កម្ពុជា​ទៅ​កាន់​តំបន់​មាន​ជម្លោះ។

ចំណែក លោក សូរ ចន្ថា អ្នក​វិភាគ​នយោបាយ​ដែរ​នោះ មាន​យោបល់​ថា ការ​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​រក​ច្រក​ចេញ​លឿន​ប្រសើរ​​ជាង​ការ​បញ្ជូន​ត្រឹម​ថ្នាក់​មន្រ្តី​ឲ្យ​ទៅ​ដោះ​ស្រាយ។ ទន្ទឹម​នឹង​ការ​ស្វាគមន៍​លោក សូរ ចន្ថា ថា ការ​ចេញ​មុខ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទំនង​ជា​ហេតុផល​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដើម្បី​បង្ហាញ​ថា លោក​ភាព​មាន​ខ្លាំង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន។

ចំពោះ​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​បាន​ចាប់​អារម្មណ៍​ថា ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ​ពី​មុន​មក​មិន​សូវ​ជា​ស្វិត​ស្វាញ​ប៉ុន្មា​ន​ទេ ដែល​រូបភាព​នេះ​មើល​ទៅ​កម្ពុជា​ហាក់​ដូច​ជា​ចាញ់​ប្រៀប​ឡាវ។

ដោក​ឡែក លោក សាម អ៊ីន អគ្គ​លេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ថា ឥរិយា​បថ​លោក ហ៊ុន សែន គឺជា​យុទ្ធសាស្ត្រ​ល្អ​ដើម្បី​បញ្ចៀស​សង្គ្រាម​ដែល​អាច​នឹងកើត​ឡើង​នៅ​តាម​ព្រំដែន។ ហើយ​នេះ​វា​មិន​មែន​ជា​ការ​បង្ហាញ​ពី​ភាព​អន់​ខ្សោយ​របស់កម្ពុជា​ដែល​នាយករដ្ឋមន្ត្រី​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។

តែ​ផ្ទុយ​ទៅ​វិញ​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នេះ​គឺ​ជាកាតព្វ​កិច្ច​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ក្នុង​នាម​ជា​មេដឹក​នាំប្រទេស។ បើ​តាម​លោក សុន ឆ័យ អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​មិន​មែន​ទន់​ភ្លន់ចំពោះ​ឡាវ​ពេក​​ទេ តែ​ជា​ភាព​ម៉ឺងម៉ាត់​ដើម្បី​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត។ លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន គួរ​តែ​អនុវត្ត​នយោបាយ​ម៉ឺង​ម៉ាត់​បែប​នេះ ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា​នៅភាគ​ខាង​កើត​ផង។ នោះ​គឺ​ប្រទេស​វៀត​ណាម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ