អានតួអត្ថបទ
កម្ពុជា

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​សំណុំ​រឿង​ ឈុត​ វុទ្ធី​ ឡើង​វិញ​

ក្រុម​គ្រួសារ​​លោក ​ឈុត វុទ្ធី និង​ក្រុម​គ្រូ​សារ​លោក អ៊ិន រតនា មិនទាន់​ទទួលបាន​យុត្តិ​ធម៌​នៅ​ឡើយ​ទេ។ នេះ​ជាការ​ថ្លែង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៤ ដែលជា​ខួប​ពីរ​ឆ្នាំ នៃ​មរណភាព​របស់​សកម្ម​ជន​ការពារ​ព្រៃឈើ និង​ភ្នាក់ងារ​អាវុធ​ហត្ថ​ខាងលើ។ អង្គការ​សិទ្ធិមនុស្ស​នេះ​ស្នើឱ្យ​អាជ្ញាធរ​បើក​សំណុំ​រឿងនេះ​ឡើងវិញ និង​ធានា​នូវ​ការស៊ើប​អង្កេត​ដ៏​ពេញលេញ​មួយ ប្រកបដោយ​​តម្លា​ភាព និង​ឯករាជ្យ បន្ទាប់ពី​តុលា​ការ​ខេត្ត​កោះកុង​បាន​បិទ​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១។ 

លទ្ធផល​ស៊ើបអង្កេត​ករណី ឈុត វុទ្ធី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការនាពេលកន្លងមក។
លទ្ធផល​ស៊ើបអង្កេត​ករណី ឈុត វុទ្ធី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការនាពេលកន្លងមក។ ©បូណា
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អះអាងថា រហូតដល់​ពេលនេះ គ្មាន​ការស៊ើបអង្កេត​ណា ដែល​គួរឱ្យ​ជឿជាក់ ប្រកបដោយ​តម្លាភាព ឬ​ឯករាជ្យ ទាក់ទង​នឹង​មរណៈភាព​របស់លោក ឈុត វុទ្ធី អតីត​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា ដែលជា​ភ្នាក់ងា​អាវុធហត្ថ​ឡើយ។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោក ឈុត វុទ្ធី ដែល​ប្រឆាំងនឹង​ការបំផ្លាញ​ព្រៃឈើ​ដ៏​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រថយន្ត ខណៈ​ព្យាយាម​បើករថយន្ត​គេច​ចេញពី​កងរាជអាវុធហត្ថ និង​តំណាង​ក្រុមហ៊ុន​កាប់​ឈើ ថា​ម​ប៊ើ ហ្គ្រី​ន (Timber Green) ដែល​​រារាំង​មិនឱ្យ​គាត់ និង​អ្នកសារព័ត៌មាន​ពីរ​នាក់ ស៊ើបអង្កេត​ការកាប់​ឈើ និង​ការចាប់យក​ដី​ដោយ​ខុសច្បាប់ ក្នុង​ខេត្តកោះកុង។ ក្រោយ​ការស៊ើបអង្កេត​លើ​ករណីនេះ តុលាការ​ខេត្ត​កោះ​កុង​បានប្រកាស​បិទ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដោយ​សន្និដ្ឋានថា លោក ឈុត វុទ្ធី និង​អាវុធហត្ថ អ៊ិន រតនា បាន​បាញ់សម្លាប់​គ្នា​ទៅវិញទៅមក ដោយសារ​ជម្លោះ​រវាង​អ្នក​ទាំងពីរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​នៃ​ឃាតកម្ម​នោះ លើកឡើងថា សំណួរ​ជាច្រើន​ជុំវិញ​មរណៈភាព​នោះ​មិនទាន់​ត្រូវបាន​ឆ្លើយបំភ្លឺ​នៅឡើយ ហើយ​ការស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ផ្តល់នូវ​ភស្តុតាង​ចម្រូងចម្រាស់​ជាច្រើន។ នេះ​ជា​មូលហេតុ ដែល​ជម្រុញ​ឱ្យ​អង្គការ​នេះ​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដ៏​ពេញលេញ ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ លើ​សំណុំរឿង​ខាងលើ​ឡើងវិញ ដើម្បី​ធានា​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ហើយ​ជាពិសេស ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុងការ​បញ្ចប់​បញ្ហា​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។

ឧ​ត្ត​ម​សេនីយ៍ ខេង ទី​តូ អ្នកនាំពាក្យ​ឱ្យ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី២៦ ខែមេសា​នេះ​ថា ការអំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​សំណុំរឿង​របស់លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ឡើងវិញ ជា​សិទ្ធិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ ប៉ុន្តែ​លោក​យល់ថា អាជ្ញាធរ​ប្រហែលជា​មិន​សើរ​រើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គ​ណៈ​ក​ម្មា​ការ​ថ្នាក់ជាតិ កាលពី​ពីរ​ឆ្នាំមុន​ឡើយ​ព្រោះ​មិនមាន​ចំណុច​គួរឱ្យ​ស៊ើបអង្កេត​បន្ថែម​លើសពី​នោះទេ៕
  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ