អានតួអត្ថបទ
កម្ពុជា

អង្គការ​បរិស្ថាន​៖​ ចិន​កំពុង​បំផ្លាញ​ឈើ​ប្រណិត​នៅ​កម្ពុជា​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេ​គង្គ​

អង្គ​ការធ្វើការងារ​ប​រិ​ស្ថាន បានចេញ​របាយ​​ការណ៍​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​​ចិន​គឺជា​មេ​ឈ្មួញ​ធំ​នៅ​ពីក្រោយ​ការបំផ្លាញ​ឈើប្រណិត​នៅ​តំបន់​ទន្លេមេគង្គ។ តំបន់​ទន្លេមេគង្គ​ដែល​រួមមាន​កម្ពុជា ឡាវ វៀត​ណាម ថៃ និង​ភូមា។ អង្គការ​នេះ​បាន​បញ្ជាក់ថា ប្រទេស​ចិន​បាន​នាំចូល​ឈើ​ប្រណិត​យ៉ាងគំហុក​ជាច្រើន​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ចុង​ក្រោយ​នេះ​ដើម្បី​កែច្នៃ។ ឈើ​ប្រណិត​នៅ​កម្ពុជា រង​ការកាប់បំផ្លាញ​យ៉ាង​សម្បើម​ណាស់​ដែ​រ​។ ​សង្គម​ស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់។

កំណាត់​ឈើ​ដែល​ជន​ល្មើស​កាប់​គរ​ទុក​បម្រុង​នាំ​ចេញ ​ត្រូវ​បាន​សហគមន៏ការ​ពារ​ព្រៃ​ឈើ ​ដុត​កម្ទេច​ចោល​កណ្តាល​ព្រៃ
កំណាត់​ឈើ​ដែល​ជន​ល្មើស​កាប់​គរ​ទុក​បម្រុង​នាំ​ចេញ ​ត្រូវ​បាន​សហគមន៏ការ​ពារ​ព្រៃ​ឈើ ​ដុត​កម្ទេច​ចោល​កណ្តាល​ព្រៃ ©ណាវីន/RFI
ផ្សាយពាណិជ្ជកម្ម

ចិន​ជា​មេ​ឈ្មួញ​ឈើ​ធំ​បំផុត​ដែល​នៅ​ពីក្រោយ​ការបំផ្លាញ​ឈើប្រណិត​នៅ​កម្ពុជា​និង​បណ្តា​ប្រទេស​ចំនួន៤ផ្សេងទៀត​នៅ​តំបន់​ទន្លេមេគង្គ។ នេះ​បើតាម​ការ​របាយការណ៍​របស់​ទីភ្នាក់​ងារ​​ស៊ើបអង្កេត​បរិស្ថាន(EIA)កាលពីដើម​សប្តាហ៍​នេះ។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ពី​ទីក្រុង​បាងកក អង្គការ​នេះ បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​គាំទ្រ​អាជីវកម្ម​គ្រឿង​កៃ​ច្នៃ ចេញពី​ឈើប្រណិត។ ឈើប្រណិត​ដែល​ចិន​បាន​ទិញ​យ៉ាងគំហុក​ចេញពី​តំបន់​ទន្លេមេគង្គ​ដែលមាន កម្ពុជា ឡាវ វៀតណាម ថៃ និង​ភូមា។

បើតាម​ការបញ្ជាក់​ពី​អង្គការ​ដដែល​នេះ ក្នុង​រយៈពេល១៣ឆ្នាំ​ពី​ឆ្នាំ២០០០ដល់​ឆ្នាំ២០១៣ ចិន​បាន​ទិញ​ឈើប្រណិត​ចំនួន៣.៥ពាន់​លាន​ម៉ែត្រគូប​ពី​ពិភពលោក។ ហើយ​ឈើប្រណិត​ប្រមាណ​ជា​ពាក់កណ្តាល​ដែលមាន​តម្លៃ​ប្រមាណ២.៤ពាន់​លាន​ដុល្លារ​សហរដ្ឋ​អារ​មេ​រិ​ក ត្រូវបាន​នាំចូល​ពី​ប្រទេស​នៅ​តំបន់​ទន្លេរ​មេគង្គ​ក្នុងនោះ ក៏មានដែរ​ពី​ព្រៃឈើ​កម្ពុជា។

ព្រៃឈើ​កម្ពុជា​ដែល​ត្រូវបាន​គេ​រិះគន់ថា​រង​ការកាប់បំផ្លាញ​យ៉ាង​អាណាធិបតេយ្យ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ។ លោក ឈឹម សាវុធ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្នុងមួយថ្ងៃៗ ឈើប្រណិត​មិនតិចជាង​ចន្លោះ​ពី១ទៅ២ពាន់​ម៉ែត្រគូប​ទេ​ដែល​ត្រូវបាន​ដឹក​ចេញ​តាម​ច្រកព្រំដែន​ទាំង​គោក និង​ដែន​ទឹក។ ហើយ​លោក​ថា ប្រទេស​ចិន​គឺជា​មេ​ឈ្មួញ​ធំ​ដែល​ទិញ​ឈើ​កម្ពុជា​ប្រមាណ​៩០​ភាគ​រយ​ពី​ប្រទេស​វៀតណាម ។ បើតាម​ប្រធាន​អង្គការ​ធនធានធម្មជាតិ​ដដែល​នេះ បច្ចុប្បន្ន​មេ​ឈ្មួញ​រកស៊ី​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​សម្រុក​កាប់​ព្រៃ​នៅ​តំបន់​កន្ទុយ​នាគ និង​នៅក្នុង​ខេត្តស្ទឹង​ត្រែង​។

ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​កំពុងបើក​យុទ្ធនាការ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​តាមរយៈ​ការបង្កើត​ច្បាប់​គ្រប់​គ្រង់​ព្រៃ​ជាដើម។ លោក​ផៃ​ ស៊ី​ផាន​បន្តថា ប្រជាពលរដ្ឋ​សាមញ្ញ​មួយចំនួន​ក៏បាន​រួមចំណែក​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ផងដែរ។ បើតាម​លោកអ្នក​នាំពាក្យ​រូបនេះ ការ​ចរាចរ​ណ៍​​​ឈើ​មួយចំនួនពី​កម្ពុជា ​គឺមាន​អាជ្ញា​បណ្ណ​អនុញ្ញាត​ពី​រដ្ឋាភិបាល។

យ៉ាងណាក៏ដោយ​ទាក់ទង​នឹង​វិនាស​កម្ម​ព្រៃឈើ​នៅ​កម្ពុជា លោក ឈឹម សាវុធ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បានលើកឡើង​ជា​សំណួរដល់​រដ្ឋាភិបាល​ថា តើ​មាន​ឆន្ទៈ និង​ចេតនា​ទប់ស្កាត់​ការកាប់​ព្រៃឈើ​នៅ​កម្ពុជា​ដែរឬទេ? ហើយ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​រូប​ដដែល​នេះ បាន​អះអាងថា បើ​គ្មាន​ការ​គាំពារ​ជាបន្ទាន់​ពី​រដ្ឋាភិបាល​ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​នៅតែ​បន្ត​យ៉ាង​គគ្លើន​នោះទេ ព្រៃឈើ​ប្រណិត​កម្ពុជា​នឹងត្រូវ​ផុត​ពូជ​នៅ​ចុងឆ្នាំ២០១៤នេះ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ