អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​លួច​ចូល​កាប់​ឈើ​ខុស​ច្បាប់​របស់​ជន​ជាតិ​វៀតណាម​នៅ​ខេត្ត​រតនគិរី​

សង្គម​​ស៊ីវិល ​និង ​ប្រជា​​សហគមន៍ ​បាន​​សម្តែង​​ការ​​ព្រួយ​​បារ​ម្ភ​​យ៉ាង​ខ្លាំង​​ពី​​វត្តមាន​​ជន​ជាតិ​​វៀតណាម​​ដែល​​បាន​​លួច​​ចូល​​កាប់​​ឈើ​​ខុស​ច្បាប់​​យ៉ាង​​អាណា​ធិបតេយ្យ​​នៅ​ក្នុង​​ស្រុក​​អូរ​​យ៉ា​​ដាវ​ ខេត្ត​រតនគិរី ​។ ​ប្រជា​​សហគមន៍ ​និង ​សង្គម​​ស៊ីវិល ​បាន​​លើក​ឡើង​ថា ​អាជ្ញាធរ​​បាន​​បណ្តែត​បណ្តោយ ​និង​ មិន​មាន​​វិធាន​​ទប់​ស្កាត់​​ជនជា​តិ​​វៀតណាម​​ទាំង​អស់​នោះ​​នៅ​ឡើយ​​ទេ។​  

ប្រជា​សហគមន៍​រួម​គ្នា​ទប់​ស្កាត់​សកម្មភាព​លួច​ចូល​កាប់​ឈើខុ​ស​ច្បាប់​របស់​ជនជាតិ​វៀតណាម​
ប្រជា​សហគមន៍​រួម​គ្នា​ទប់​ស្កាត់​សកម្មភាព​លួច​ចូល​កាប់​ឈើខុ​ស​ច្បាប់​របស់​ជនជាតិ​វៀតណាម​ @ Chhay Thi
ផ្សាយពាណិជ្ជកម្ម

ប្រជា​សហគមន៍​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី លោក រ​ចំ ខាំ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ ទី ២៤ សីហា ថា លោក​បារ​ម្ភ​យ៉ាងខ្លាំង​ពី​ការ​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​នៅក្នុង​សហគមន៍​របស់លោក។ លោក បន្តថា អាជ្ញាធរ​មិនបាន​ទប់ស្កាត់​ជនជាតិ​វៀតណាម​ទាំង​នោះទេ ហើយ​ថា បើ​បែបនេះ​តទៅទៀត ព្រៃឈើ​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ នឹងត្រូវ​ហិនហោច​ជាមិនខាន។

លោក ឆាយ ធី មន្ត្រី​សម្របសម្រួល​របស់​សមា​គម​អាដហុក​ប្រចាំ​នៅ​ខេត្តរតនគិរី បាន​ប្រាប់​វិទ្យុ​បារាំង​បន្ថែមថា ជនជាតិ​វៀតណាម​ទាំងនោះ​បាន​លួច​ចូលមក​កាប់​ឈើ​ខ្មែរ​តាម​ច្រក​របៀង​​អូរ​ថ្ម។ លោក បន្តថា កន្លងមក លោក រួម​នឹង​ប្រជា​សហគមន៍​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ​បាន​តាមដាន និង បាន​ចាប់​ជនជាតិ​វៀតណាម​ទាំងនោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជាច្រើនលើក​មកហើយ។

លោក ឆាយ ធី បាន​កត់សម្គាល់ថា ការ​លួច​ចូល​កាប់​ខុសច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ ហើយ​មកដល់ពេលនេះ​សកម្មភាព​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ។ មន្ត្រី​សម្របសម្រួល​រូបនេះ ចោទថា មន្ត្រី​ដែល​យាមកាម​នៅ​ច្រករបៀង​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​បាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​ទើប​បង្ក​ឲ្យ​សកម្មភាព​បែបនេះ​កើតឡើង។

មន្ត្រី​យាមកាម​នៅ​ច្រកព្រំដែន​កម្ពុជា-វៀតណាម មិនអាច​ស្វែងរក​ការទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃអាទិត្យ​ទី ២៤ សីហា ។ ចំណែក លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ក៏​មិនបាន​អត្ថាធិប្បាយ​អ្វី​ដែរ ដោយ​លោក​អះអាងថា កំពុង​បើកបរ។

ក៏ប៉ុន្តែ លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សមត្ថកិច្ច​របស់លោក​ធ្លាប់បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​បង្ក្រាប​ករណី​ជនជាតិ​វៀតណាម​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​បាន​មួយចំនួន​ហើយ​កាលពីពេល​កន្លងមក។ លោក បន្ថែមថា នៅពេលនេះ​សមត្ថកិច្ច​មិនទាន់មាន​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ទប់ស្កាត់​ការ​លួច​ចូល​កាប់​ឈើ​នេះ​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ លោក ឆាយ ធី បានស្នើ​ឲ្យ​មន្ត្រី​ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ឲ្យ​រឹតបន្តឹង និង ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​ចូលមក​កាប់​ឈើ​នៅ​ទឹកដី​កម្ពុ​ជាត​ទៅទៀត។

សូមបញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​នេះ លោក ឆាយ ធី រួម​នឹង​ប្រជា​សហគមន៍​ផ្សេងទៀត​កំពុង​ដើរល្បាត​នៅក្នុង​ព្រៃ ដើម្បី​ឃ្លាំមើល និង ត្រៀមចាប់​ជនជាតិ​វៀតណាម​ដែល​គ្រោង​លូច​ចូលមក​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ