អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ អេង ឆៃអ៊ាង​៖​ខ្ញុំ​គ្មាន​ទ្រព្យ​សម្បត្តិ​ឯណា​ឲ្យ​គេ​បង្កក​ទេ​

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ នៅថ្ងៃ​អង្គារនេះ បាន​អះ​អាង​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ឯណា​ឲ្យ​គេ​បង្កក​នោះទេ។​ នេះជាការ​ឆ្លើយ​ទៅ​នឹង​របាយ​ការណ៍​របស់នគរបាល​កម្ពុជា ដែលថា​កំពុង​ប្រមូល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​​របស់​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨ រូប ដែល​តុលាការ​កំពូល​ហាម​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​សហរដ្ឋអាមេរិក លោក អេង ឆៃអ៊ាង បានហៅផែន​ការ​របស់​រដ្ឋាភិបាល​ដែល​ព្រមាន​រឹបអូស​​ទ្រព្យសម្បត្តិ​​របស់​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ចំនួន១១៨រូបនោះ​ថា លោក​មិនមានការ​ភ្ញាក់​ផ្អើល​នោះទេ។​ មិនភ្ញាក់​ផ្អើល​ដោយ​លោក អេង ឆៃអ៊ាង អះអាងថា កម្ពុជា​សព្វ​ថ្ងៃ​មិន​មានការ​គោរពសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញនោះទេ នោះក៏ព្រោះតែមានការ​រំលាយគណ​បក្ស​សង្រ្គោះ​ជាតិ​​ដែលលោកថា​មានអ្នកគាំទ្រពាក់​កណ្តាល​ប្រទេស។ បើតាម អនុប្រធានអតីត​គណបក្ស​សង្រ្គោះជាតិ​រូបនេះ លោក«គ្មានទ្រព្យសម្បត្តិឯណាឲ្យគេបង្កកទេ​»​។​

សូមបញ្ជាក់ថា របាយការណ៍​របស់នគរបាល​ជាតិ​សម្រាប់​ខែ​ធ្នូ​មាន​មួយ​ឃ្លា​បាន​សរសេរ​ថា​ខ្លួន«​បន្ត​ផ្តោត​លើ​សន្តិសុខ​ជាតិ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន ការ​វិភាគ និង​ការ​វាយ​តម្លៃ​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដែល​មាន​គោលដៅ​អវិជ្ជមាន​ចំពោះ​ប្រទេស​ជាតិ និង​រដ្ឋាភិបាល​» នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ក្រោម​សកម្មភាព​បន្ត​សម្រាប់​ខែ​មករា​ឆ្នាំ​ ២០១៨នេះ​។

បន្ថែមពីនេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍​ស្រង់​សំដីមក​ថា ការ​ស៊ើបអង្កេត​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្រាន់​តែ​ជា​ការ​បន្ត​បង្ក្រាប​ទៅ​លើ​បដិវត្តន៍​ពណ៌។

​លោក​ សុភ័គ ​បាន​ចង្អុលចំៗ​ទៅលើ​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​សមាជិក​សង្គម​ស៊ីវិល លោក ប៉ា ងួនទៀង ថា​ជា​គោលដៅ​សក្តានុពល​ដោយសារ​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​បរទេស​។

ការព្រមាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅបង្កក​ទ្រព្យសម្បត្តិ​របស់​មន្រ្តី​គណបក្ស​ប្រឆាំងនេះ ស្របពេលដែលប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស លោក Ed Royce បាន​ជួប​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ រដ្ឋ California កាលពី​ថ្ងៃទី​៥ មករា ២០១៨​ ដែលលោកស្រី មូរ សុខហួរ អះអាងថា បានពិភាក្សាគ្នាពី ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នកកាន់អំណាច​ដែល​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ ​អំពើ​ពុករលួយ និង​ការ​រំលាភ​សិទ្ធិមនុស្សនៅ​កម្ពុជា។

គួរំលឹកដែរថា មន្រ្តីជាន់ខ្ពស់​ភាគច្រើន​របស់អតីតគណបក្ស​សង្គ្រោះ​ជាតិ ​បាន​រត់​គេច​ទៅ​បរទេស​ដោយថា​បារម្ភពីការ​ធ្វើ​បាប​ពីសំណាក់​រដ្ឋាភិបាលកម្ពុជា ហើយ​ពួកគេ​មួយ​ចំនួន​កំពុង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បរទេស​ បង្កកទ្រព្យសម្បត្តិ​របស់​មន្រ្តី​កម្ពុជា​ដែលជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការរំលោភសិទ្ធិមនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ