អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​កំពុង​រៀប​ចំ​ដោះ​ដូរ​តំណាង​រាស្ត្រ​ដើម្បី​ឲ្យ​លោក​មាជ ​សុវណ្ណារ៉ា​គេច​ផុត​ពី​ពន្ធនាគារ​

គណបក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​​ពន្យល់​​បញ្ចុះ​បញ្ចូល​​ដល់​​តំណាង​រាស្ត្រ​​របស់​ខ្លួន ​ដើម្បី​​បរិច្ចាគ​តំណែង​​ជា​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​ក្នុង​​រដ្ឋ​សភា​​ដល់​​លោក​មា​ជ ​សុវណ្ណារ៉ា​​ក្នុង​ការ​​ឲ្យ​​លោក​​អាច​​គេច​​ផុត​ពី​​ការ​ជាប់​​ពន្ធនាគារ​។ ​នេះ​​បើ​តាម​​លោក​​សម ​រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​បាន​​ថ្លែង​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​។​

លោក​មាជ ​សុវណ្ណារ៉ា ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ពេល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ​ព្រៃសរ​
លោក​មាជ ​សុវណ្ណារ៉ា ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ពេល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ​ព្រៃសរ​ @Meach Sovannara CNRP
ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ដំណើរការ​ដោះដូរ​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់ខ្លួន ជាមួយ​លោក​មាជ សុវណ្ណារ៉ា ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​លោក​អាច​ដើរ​ចេញពី​ពន្ធនាគារ​បាន។ លោក​សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពន្យល់​ដល់​តំណាងរាស្ត្រ​របស់ខ្លួន​ឲ្យ​លះបង់​តំណែង​ ដើម្បី​ជួយ​ដល់​លោក​មាជ សុវណ្ណារ៉ា។

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពន្យល់​ដល់​តំណាងរាស្ត្រ​របស់ខ្លួន​ឲ្យ​លះបង់​តំណែង​ ដើម្បី​ជួយ​ដល់​លោក​មាជ សុវណ្ណារ៉ា។

ប្រសាសន៍​របស់​​លោកសម រង្ស៊ី

លោក​សម រង្ស៊ី មានប្រសាសន៍ថា “ យើង​កំពុងតែ​ពន្យល់ បញ្ចុះបញ្ចូល​អ្នកពាក់ព័ន្ធ​ទាំងអស់​ឲ្យ​សហកា​ជាមួយ​គណបក្ស​ទាំងមូល ដើម្បី​ជួយ​គ្នា​យើង​ដែល​កំពុងតែ​មានរឿង​កំពុងតែ​រងគ្រោះ។ ដូច្នេះម្នាក់ៗត្រូវតែ​លះបង់​ដល់​វិភាគទាន​ចូលរួម រួមចំណែក​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​អ្នក​ដែល​ជាប់​ឃុំឃាំង​ដូចជា​លោកមាជ សុវណ្ណារ៉ា​បានទទួល​សេរីភាព​របស់គាត់​ឡើងវិញ"។

ថ្វី​ដ្បិត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​ឈ្មោះ​តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ជាមួយ​លោកមាជ សុវណ្ណារ៉ា ក៏ពិតមែន ក៏ប៉ុន្តែ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ពីររូប​របស់​គណបក្ស​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​ក្លាយជា​ជម្រើស​នៃការ​ដោះដូរ​នេះ។ នោះ គឺ​លោក​ឡុង រី និង លោក​យន្ត ថា​រ៉ូ ដែលជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​ប្រចាំខេត្ត​បន្ទាយមានជ័យ។ មូលហេតុ​ព្រោះថា លោកមា​ជ សុវណ្ណារ៉ា គឺជា​បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់ឆ្នោត​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ។ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងពីរ​នាក់​នេះ មិនអាច​ទាក់ទង​សូម​ការ​បញ្ជាក់បន្ថែម​បាន​នោះទេ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី បាន​គូសបញ្ជាក់ថា ការដោះដូរ​នឹងត្រូវ​ធ្វើឡើង​ដោយ​ការយោគយល់​គ្នា និង ស្ម័​គ្រ​ចិត្ត ហើយ​តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ចេញ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​តួនាទី​សមស្រប​មួយ​ផ្សេងទៀត​សម្រាប់​ពួកគេ។

តា​មគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ​ជាប់ឆ្នោត​គឺអាច​ធ្វើទៅបាន។ លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ព​ន្យ​ល់​ថា បេក្ខជន​ដែលមាន​បំណង​ចង់​ផ្លាស់ប្តូរ​នោះ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ជាមុនសិន ហើយ​បន្ទាប់មក​ត្រូវ​ជូនដំណឹង​មកកាន់​គ.ជ.ប ដើម្បី​ឲ្យ​គ.ជ.ប បញ្ចូល​ឈ្មោះ​បេក្ខជន​នោះ​ជំនួស​តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្លាស់ចេញ។

លោក​សម រង្ស៊ី បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជូនដំណឹង​នៃ​ដោះដូរ​តំណាងរាស្ត្រ​នេះ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពី​បញ្ចប់​ការព្រមព្រៀង​គ្នា​នៅក្នុង​គណបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ