អានតួអត្ថបទ
កម្ពុជា-នយោបាយ

Comfrel រក​ឃើញ​ភាព​អវិជ្ជមាន​មួយ​ចំនួន​របស់​រដ្ឋសភា​កម្ពុជា ឆ្នាំទី៣ នៃ​នីតិកាល​ទី​៥ ​

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ Comfrel បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អះ​អាង​ថា រក​ឃើញ​ភាព​អវិជ្ជមាន​មួយ​ចំនួន​របស់​រដ្ឋសភា​កម្ពុជា​ នៅ​ឆ្នាំ​ទី​៣​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ កន្លង​ទៅ​។ ភាពអវិជ្ជមាន​ទាំង​នោះ​រួម​មាន៖ ការ​អនុម័ត្ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​ បក្ស​កាន់​អំណាច ការ​បើក​ផ្លូវ​របស់​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​ឲ្យ​អាជ្ញាធរ​ចោទ​ ប្រកាន់​ ចាប់​ខ្លួន ឃាត់ខ្លួន និង ឃុំ​ខ្លួន តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង រួម​ទាំង​ការ​ថយ​ចុះ​ចំនួន​តំណាង​រាស្រ្ត​បញ្ចេញ​មតិ​ក្នុង​ការ​ពិភាក្សា អនុម័ត​ច្បាប់ និង បរិមាណ​នៃការ​បញ្ចេញ​មតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋសភា ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋសភា អះអាង​ថា រដ្ឋសភា នៃ​នីតិកាលទី៥ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​។

សេចក្តីប្រកាសព័ត៌មាន  ស្តីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី៣ នៃនីតិកាលទី៥ របស់អង្គការខុមហ្រ្វែល។​
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី៣ នៃនីតិកាលទី៥ របស់អង្គការខុមហ្រ្វែល។​ @FB/Comfrel
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​សង្កេត​រដ្ឋសភា និង តំណាងរាស្រ្ត​ឆ្នាំ​ទី​៣ នៃ​នីតិ​កាល​​ទី​៥ របស់ ខុម​ហ្វ្រែល បញ្ជាក់​ថា ប្រសិទ្ធិភាព​របស់​រដ្ឋសភា ត្រូវ​បាន​ទម្លាក់ ពិសេស​ក្រុម​មតិ​ភាគ​ច្រើន ដែល​កាន់​អំណាច​បាន​បំពាន​ដក​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្រ្ត​បក្ស​ប្រឆាំង និង បន្ថយ​តួនាទី​របស់តំណាងរាស្រ្ត គណបក្ស​ប្រឆាំង ព្រម​ទាំង​ការ​លុប​ចោល​ថ្នាក់​ដឹក​នាំ​តំណាង​រាស្រ្ត និង ប្រធាន​ក្រុម​មតិភាគ​តិច។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ខុម​ហ្រ្វែល​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល រក​ឃើញ​ទៀត​ថា បន្ទាប់ពី​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ ក្នុង​រដ្ឋសភា​ពី​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៦ គឺ​ក្រោយ​ការ​វាយ​ដំ​អ្នក​តំណាងរាស្រ្ត​ខ្លួន ២ រូប នៅ​មុខ​រដ្ឋសភា ការ​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់នានា​ គឺ មិន​មាន​ការ​ពិភាក្សា​សួរ​ដេញ​ដោល​ផុស​ផុល​ ដូច​ពេល​មា​ន​ការ​ចូល​រួម​ប្រជុំ​ពី​តំណាង​រាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ នោះ​ទេ​។

 
យ៉ាង​ណា​ក៏​ដោយ លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា​ វិញ​បាន​លើក​ឡើង​ថា រដ្ឋ​សភា នៅ​នីតិកាល​ទី ៥ បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​គណបក្ស​សង្រ្គោះជាតិ​ឯណោះ​វិញ​ទេ ដែល​បោះ​បង់​យន្តការ រដ្ឋសភា តាមរយៈ​ការ​មិន​ចូល​ប្រជុំ​សភា ជា​ដើម​។

របាយការណ៍​របស់​ខុម​ហ្វ្រែល​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ បញ្ជាក់​ទៀត​ថា សកម្មភាព​របស់​គណៈកម្មាការជំនាញ​របស់​រដ្ឋសភា នៅ​ក្នុង​ឆ្នាំ​ទី ៣ នេះ មាន​ការ​ថយ​ចុះបើ​ធៀប​នឹងឆ្នាំ ២០១៥។ ​កាល​ពី​ឆ្នាំ ២០១៥ គណៈ​កម្មាការ​ជំនាញ​នៃ​រដ្ឋសភា បាន​ធ្វើ​សកម្ម​ភាព​សរុប​ចំនួន ១០៥ លើក ក៏ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ ២០១៦ មាន​តែ​ ១០០ លើក​តែ​ប៉ុណ្ណោះ​។

ព្រម​ជាមួយ​គ្នា​នេះ ចំនួន​សន្ទនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្រ្គោះ​ជាតិ ក៏​ត្រូវ​បាន អង្គការ​ខុម​ហ្រ្វែល​រក​ឃើញ​ទៀត​ថា មាន​ការ​ធ្លាក់​ចុះ​ ខណៈ​ដែល​ការ​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​នៅក្នុង​រដ្ឋសភា​ក៏​មិន​បាន​ពេញលេញ​ដូច​គ្នា។ នេះ​បើ​តាម​អង្គការ​ខុម​ហ្រ្វែល​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សកម្មភាព​ចុះ​មូលដ្ឋាន​របស់​តំណាង​រាស្រ្ត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្រ្គោះជាតិ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ការ​បោះឆ្នោត​ កំពុង​ខិតជិត​មក​ដល់។ នៅ​ក្នុង​នោះ មាន​តំណាង​រាស្រ្ត​ ១០ រូប ដែល​សកម្ម​ជាងគេ ដោយ តំណាង​រាស្រ្ត ចំនួន ៧ រូប ​មក​ពី​គណបក្ស​សង្រ្គោះ និង ៣ រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។

បើ​ទោះ​បី​ជា​សកម្មភាព​សរុប​របស់​អ្នក​តំណាងរាស្រ្ត​ទៅ​មូល​ដ្ឋាន​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ការ​ប្រើប្រាស់​ច្បាប់ និង ការ​កែ​បទ​បញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា ដើម្បី​បង្រ្កាប កៀបសង្កត់ និង សិទ្ធិ​ចំពោះ​អ្នកតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​នាំ​មក​នូវ​ការ​ធ្លាក់​ចុះ​ប្រសិទ្ធិភាព​របស់ រដ្ឋសភា និង ទម្លាក់​ការ​អនុវត្ត​គោល​នយោបាយ គោលការណ៍​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង នីតិ​រដ្ឋ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ