ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

ក្រុម​សង្គម​ស៊ីវិល ប្រជុំ​គ្នា​ ពន្យល់​បង្ហាញ​​ពី​​​របាយការណ៍​សិទ្ធិ​មនុស្ស ​សម្រាប់​កម្ពុជា

media  
វាគ្មិន​បើក​សន្និសីទ​ស្ដី​ពី ការ​ពិនិត្យ​មើល​របាយការណ៍​ជា​សាកល តាម​កាល​កំណត់ លើក​ទី​២​សម្រាប់​កម្ពុជា ថ្ងៃ​ទី​២៥​វិច្ឆិកា ឆ្នាំ​២០១៣ RFI/Im Rachna

សន្និសីទ​​មួយ ស្ដី​ពី «ការ​ដាក់​របាយការណ៍ ទៅ​ក្នុង​ដំណើរ​ការ​ នៃ​ការ​ពិនិត្យ​មើល​ជា​សាកល តាម​កាល​កំណត់ លើក​ទី​ពីរ​សម្រាប់​កម្ពុជា» បាន​បើក​ធ្វើ​ឡើង​នៅ​ភ្នំពេញ រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ចន្ទ ទី​២៥​វិច្ឆិកា​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ព្រម​ទាំង​តំណាង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ បាន​ជួប​ប្រជុំ​គ្នា ពន្យល់​បង្ហាញ និង​បញ្ចេញ​ទស្សនៈ ជុំ​វិញ​​​របាយការណ៍​សិទ្ធិ​មនុស្ស​សម្រាប់​កម្ពុជា។ ជា​របាយការណ៍​ដែល​នឹង​ត្រូវ​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំ​ក្រោយ។

កម្រង​របាយការណ៍​ជា​ភាសា​អង់គ្លេស កម្រាស់​ជិត​២០០​ទំព័រ របស់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ចន្ទ ទី​២៥​វិច្ឆិកា​នេះ នៅ​ក្នុង​សន្និសីទ​មួយ​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ប្រព្រឹត្តកម្ម នៃ​អង្គការ សមាគម ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC។ ជា​កម្រង​របាយការណ៍​ដែល ត្រូវ​​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១៨ នៃ​ការ​ពិនិត្យ​មើល​របាយការណ៍​ជា​សាកល តាម​កាល​កំណត់ លើក​ទី​ពីរ​សម្រាប់​កម្ពុជា។

 

លោក​សុក សំអឿន ប្រធាន​សម្រប​សម្រួល​អង្គការ CHRAC បាន​គូស​បញ្ជាក់ថា ការ​ពិនិត្យ​មើល​របាយការណ៍​ជា​សាកល តាម​កាល​កំណត់ ហៅ​កាត់​ថា UPR ជា​យន្តការ​របស់​​អង្គការ​សហប្រជាជាតិ មាន​ភារកិច្ចត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​ អង្គការ​សហប្រជាជាតិ​ទាំង​១៩៣​ប្រទេស​ នៅ​រៀងរាល់​៤ឆ្នាំ​កន្លះ​ម្តង។

បើ​តាម​លោក​សុក សំអឿន របាយការណ៍ ​ជាទូ​ទៅ ត្រូវ​ចេញ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ​ ក៏​បានលើក​ទឹក​ចិត្ត​​ដល់​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ដាក់​របាយការណ៍​ចូល​រួម​ផង​ដែរ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោម​ក្រសែ​ភ្នែក​របស់​សង្គម​ស៊ីវិល។

គួរ​ជម្រាប​ជូន​ថា កម្ពុជា​បាន​បញ្ជូន​របាយការណ៍​នេះ​ លើក​ទី​មួយ​ នៅ​ឆ្នាំ​២០០៩។ បន្ទាប់​ពីបាន​ដាក់​របាយការណ៍​នោះ​ហើយ ប្រទេស​សមាជិកនានា​បាន​ផ្តល់​អនុសាសន៍​ចំនួន​៩១​ចំណុច ស្តីពី​ការ​កែលំអ​ វិស័យ​សិទ្ធិមនុស្ស​ អោយ​កម្ពុជា​អនុវត្ត។ តំណាងក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ លោក​ស្រី Wan Hea Lee អះអាង​នៅ​ក្នុង​សន្និសីទ​ថា ក្នុង​ចំណោម​អនុសាសន៍​ទាំង​៩១នោះ រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​នូវ​អនុសាសន៍​មួយ​ចំនួន​ដែរ​ ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។

ដោយ​ចំពោះ​របាយការណ៍​រៀប​ចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នេះ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ នឹង​យក​ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​របាយការណ៍​របស់​រដ្ឋាភិបាល ថា​តើ​មាន​ចំណុច​ដូច​គ្នា​និង​ខុស​គ្នា​យ៉ាង​ណា​ខ្លះ មុន​នឹង​ក្រុម​ប្រឹក្សា​នេះ ចេញ​អនុសាសន៍​ឲ្យ​មក​រដ្ឋាភិបាល ដើម្បី​ពង្រឹង និង​អនុវត្ត​បន្ថែម។ នេះ​បើ​តាម​លោក​ស្រី Wan Hea Lee។

លោក ឈិត សំអាត នាយក​ប្រតិបត្ត​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​កម្ពុជា បាន​បញ្ជាក់​ថា របាយការណ៍​ឆ្នាំ​នេះ មាន​លក្ខណៈ​លម្អិត ជាក់​លាក់ និង​ច្បាស់​លាស់​ជាង​របាយការណ៍​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ។ ដោយ​ក្នុង​នោះ សង្គម​ស៊ីវិល​បាន​លើក​ឡើងពី​ស្ថានភាព បញ្ហា​ប្រឈម និង​អនុសាសន៍​នានា​ជូន​រដ្ឋាភិបាល។  ប៉ុន្តែ​លោក បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ចូល​រួម​ថែម​ទៀត ​ពី​សំណាក់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​របាយការណ៍​នៅ​អាណត្តិ​ក្រោយ កាន់​តែ​មាន​លក្ខណៈ​ទូលំទូលាយ គ្រប​ដណ្ដប់​លើ​គ្រប់​វិស័យ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ