អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ព្រះសីហនុ ​ពន្លិច​កុងតឺន័រ​ចូល​បាត​សមុទ្រជាលើកដំបូង​ដើម្បី​ការ​ពារ​ជីវៈ​ចម្រុះ

ម្សិលមិញ អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត បាន​ពន្លិច​កុងតឺន័រ​ចាស់ៗ​ចំនួន​ពីរ​គ្រឿង​ជា​លើក​ដំបូង ក្នុង​បាត​សមុទ្រ​ដើម្បី ជា​របាំង​ការពារ​ជីវៈ​ចម្រុះ និង​ផ្កាថ្ម ក្នុង​តំបន់​កោះរ៉ុង ដែល​ជា​តំបន់​អភិរក្ស។

រូបថតៈនេះគឺជាកុងតឺន័រដែលបានទម្លាក់ចូលបាតសមុទ្រជាលើកដំបូង
រូបថតៈនេះគឺជាកុងតឺន័រដែលបានទម្លាក់ចូលបាតសមុទ្រជាលើកដំបូង @dap
ផ្សាយពាណិជ្ជកម្ម

លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យនេះ​ថា ការ​ពន្លិច​កុងតឺន័រ​ចូល​ទៅ​បាត​សមុទ្រ​ ប្រៀប​បាន​នឹង​ការ​បង្កើត​ថ្ម ឬ​ជម្រក​សម្បនិម្មិត​ដើម្បី​ឲ្យ​ពួក​មច្ចា​សមុទ្រ​ពួន​ជ្រក។ ព្រោះ​តំបន់​ដែល​មាន​ថ្ម ត្រី​ងាយ​ស្រួល​នៅ​ក្នុងការ​ភ្ញាស់​កូន។

អត្ថ​ប្រយោជន៍​មួយ​ទៀត ដែល​ទទួល​បាន​ការ​ពន្លិច​កុង​តឺន័រ​ក៏​ជាឧបសគ្គ​មួយ​សម្រាប់​ក្រុម​នេសាទ​ល្មើស​ច្បាប់​ដែរ ព្រោះ​បើ​កាល​ណា​ចូល​មក​នេសាទនឹង​ធ្វើ​ឲ្យ​កើ​ទូក​ទៅ​មុខ​មិន​រួច។

បើ​តាម​លោក យន្ត មីន តាម​រយៈ​សកម្មភាព​នេះ​ក៏​ជា​ការ​បំផុស​ទៅ​ប្រជានេសាទ​ឲ្យចូល​រួម​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​បាត​សមុទ្រ​ដែរ​មាន​ស្រាប់។ ក្រៅ​ពី​អត្ថប្រយោជន៍ លោក យន្ត មីន អះអាង​ថា ការ​ពន្លិច​កុងតឺន័រ​ចូល​បាត​សមុទ្រ មិន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ធ្ងនធ្ងរ​ទេ។

នេះ​ជា​លើក​ដំបូង​ដែល​អាជ្ញាធរ​ពន្លិច​កុងតឺន័រ​ចូល​បាត​សមុទ្រ។ ប៉ុន្តែ​កន្លង​មក​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​បាត​សមុទ្រ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ក៏​ធ្លាប់​ទម្លាក់​លូ​ធ្វើ​ពី​ស៊ីម៉ង់ ឬ​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ទៀត​ដែល​អាច​ជា​ជំរក​របស់​ត្រី។  បើ​តាម​គម្រោង​អាជ្ញាធរ​នឹង​ពន្លិច​កុងតឺន័រ​នៅ​តំបន់​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ក្រៅ​ពី​កោះ​រ៉ុង​នេះ។

លោក យន្ត មីន បាន​ថ្លែង​ការពារ​ថា តំបន់​ដែល​ពន្លិច​កុងតឺន័រ​នេះ​មិន​មែន​ជា​តំបន់​អនា​ធិប​តេ​យ្យ ឬ​គ្រប់​គ្រង​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​ជា​ជំហរ​របស់​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួម​គ្នា​អភិរក្ស​ធនធាន​ក្នុង​បាត​សមុទ្រ។ លោក​មើល​ឃើញ​ថា ប្រសិន​បើ​គ្មាន​ការ​អភិរក្ស​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​ការ​ចិញ្ចឹមបន្ថែម​នូវ​ប្រភេទត្រី មឹក បង្គារ​ទេ នោះ​នឹង​ខ្វះខាត​នៅ​ពេល​ខាង​មុខ។

ទន្ទឹម​នឹង​នេះ លោក​ឧត្តម​នាវាឯក ទៀ សុខា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក និង​ជា​មេបញ្ជា​ការ​​ជួរ​មុខ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំងថា កុងតឺន័រ​ពីរ​គ្រឿង​ដែល​ទម្លាក់​ចូល​សមុទ្រ​គឺ​ជា​ប្រភេទ​កុង​តឺន័រចាស់ៗ​យក​ចេញ​ពីកំពុង​ផែ​ខេត្ត​ព្រះ​សីហនុ។

បើ​តាម​លោក ទៀ សុខា វា​អាច​ជា​រឿង​ចម្លែក និង​ជា​លើកដំបូង​សម្រាប់ កម្ពុជា​ពន្លិច​កុង​តឺន័រ​ចូល​បាត​សមុទ្រ​ដើម្បី​ធ្វើ​ជា​ជំរក​ត្រី ប៉ុន្តែ​វា​មិន​ចំលែក​ទេ​សម្រាប់​ប្រទេស​គេ​នោះ។មុន​ពន្លិច​កុងតឺន័រនេះ លោក ទៀ សុខា គូស​បញ្ជាក់​ថា បាន​សិក្សា​រយៈ​ពេល​៦​ខែ​មុន​មក​ហើយ​ជាមួយ​មន្រ្តី​ជំនាញ​មក​ពី​បរទេស៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ