អានតួអត្ថបទ
កម្ពុជា-ច្បាប់

ទិ​វា​រដ្ឋ​ធម្ម​នុញ្ញ​៖ ​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាំង​៩​រូប​ធានា​មិន​ឲ្យ​មាន​ការ​រំ​លោភ​បំពាន​បាន​ឡើយ​

ថ្ងៃ​ទី​២៤​កញ្ញា​នេះ​គឺ​ជា​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្ម​នុញ្ញ​របស់​កម្ពុជា​។​ ច្បាប់​កំពូល​មួយ​នេះ ​ត្រូវ​បាន​ធ្វើ​​វិសោធ​​ន​​កម្ម​​ចំនួន​ ៩​លើក​មក​ហើយ​ ចាប់​តាំង​ពី​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ រហូត​ដល់​ឆ្នាំ​២០១៨​នេះ​។​ ការ​ធ្វើ​​វិសោ​ធន​កម្ម​ច្រើន​លើក​នេះ​ បាន​ធ្វើ​​ឲ្យ​មាន​មតិ​ខ្លះ​រិះ​គន់​ថា ​មាន​ការ​រំលោភ​ខ្លឹម​សារ​​ដើម​នៃ​ច្បាប់​កំពូល​នេះ​។​ ប៉ុន្តែ​​ខាង​រដ្ឋាភិ​បាល​ អះ​អាង​ថា ​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ កាល​ណោះ ​គឺ​ធ្វើ​ឡើង​ឲ្យ​ស្រប​នឹង​សភាព​ការណ៍​ជាក់​ស្តែង​។ ​

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ @សហការី
ផ្សាយពាណិជ្ជកម្ម

ខ្លឹម​សារ​សំខាន់​នៃរដ្ឋ​ធម្មនុញ្ញ​ គឺជា​បន្ទាត់​ក្រឹត្យ​មួយ​ ដែល​បាន​បែង​ចែក​អំណាច​ទាំង​៣​របស់​ជាតិ​​ឲ្យ​​នៅ​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិ​ប្រតិបត្តិ​ ឬ​រដ្ឋាភិបាល​ អំណាច​នីតិ​បញ្ញត្តិ​ ឬ​រដ្ឋសភា​ និង​អំណាច​តុលាការ​។​ លើស​ពី​នេះទៀត​ រាល់​ឯក​សារ​ច្បាប់​ទាំង​ឡាយ ​ដែល​ត្រូវ​បាន​តាក់​តែង​ឡើង​ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ បើ​ពុំដូច​នោះទេ​ ច្បាប់​ និង​ឯក​សារ​គតិយុត្តិ​ទាំង​នោះ ​នឹង​ត្រូវ​ចាត់​ទុក​ថា ​អធម្ម​នុញ្ញ​ភាព​ ពោល​មិន​អាច​យក​ជា​ការ​បាន​ឡើយ។​

​បច្ចុប្បន្ន​នេះ ​រដ្ឋធម្មនុញ្ញ​ ដែល​កម្ពុជា​កំពុងប្រើ​ប្រាស់​ គឺ​បាន​កើត​ឡើង​ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ២៣​ តុលា ​១៩៩១​ ដែល​នាំ​ឲ្យ​មាន​សភា​ធម្មនុញ្ញ​។​

តែ​ក្រោយ​ចប់​សភា​ធម្មនុញ្ញ​ ​កម្ពុជា​​ក៏​បាន​​បង្កើត​រដ្ឋ​ធម្មនុញ្ញ​​ឡើង​​នៅ​​ក្នុង​ឆ្នាំ​​១៩៩៣ ​ដោយ​​មាន​ការ​ឯកភាព​​ពី​​សំណាក់​​គណ​បក្ស​ចំនួន​បួនគឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា របស់​លោកតា សឺន សាន និង គណបក្សម៉ូលីណាកា។ ​ខ្លឹមសារ​សំខាន់ៗ​នៃ​រដ្ឋធម្មនុញ្ញ​ បាន​យក​មូលដ្ឋាន​គ្រឹះ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្ដី​ពី​បញ្ហា​កម្ពុជា​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១។ ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន ៩លើកមកហើយ ចាប់តាំងពីបង្កើតរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨។ ការកែ​ប្រែ​រដ្ឋ​ធម្មនុញ្ញកាលណោះ គឺធ្វើឡើងឲ្យស្របនឹងសភាពការណ៍ និងការ​បង្កើតរដ្ឋាភិបាលថ្មី។

ការធ្វើវិសោធនកម្មលើកទី១ នៅខែកក្កដាឆ្នាំ១៩៩៤ លើកទី២នៅខែមីនាឆ្នាំ១៩៩៩ លើកទី៣ ខែកក្កដាឆ្នាំ២០០១ លើកទី៤ខែកក្កដាឆ្នាំ២០០៤ លើក​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០០៥​ លើកទី៦ខែមីនាឆ្នាំ២០០៦ លើកទី៧ខែមករា ឆ្នាំ២០០៨លើកទី៨ គឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ និងលើកទី៩នៅខែកុម្ភៈឆ្នាំ២០១៨នេះ។

ស្របពេលនៃការរំឮកទិវាប្រកាសរដ្ឋធម្មនុញ្ញឆ្នាំ២០១៨នេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានលើកឡើងថា «ព្រះរាជាណាចក្រទី២ មានអាយុ២៥ឆ្នាំហើយ គួរឲ្យ​​អរសប្បាយ​ដែរ ព្រោះប្រទេសមានមហាក្សត្រឡើងវិញ ហើយសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានឡើងសោយរាជ្យជាថ្មី ដូចដែលបានស្នើនៅឆ្នាំ១៩៩០។ តែលោកថា​​ខ្វះ​កិច្ចសហការជួយព្រះអង្គ ព្រះមហាក្សត្រទាំងពីរអង្គ ព្រះបិតានិងព្រះរាជបុត្រ មិន​អាច​បំពេញតួនាទី និងប្រើប្រាស់សិទ្ធិអំណាច ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញបាន»។ នេះ​បើ​តាមលោក ឡៅ ម៉ុងហៃ។

ក៏ប៉ុន្តែ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានអះអាងថា សមាជិកទាំង៩រូប​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មានការយក​ចិត្តទុកដាក់ខ្ពស់ ក្នុងការធានាថា ច្បាប់​កំពូល​មួយ​នេះ​មិន​ត្រូវ​បាន​រំលោភ​បំពានដូចមជ្ឈដ្ឋានមួយចំនួនលើក​ឡើងនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ