អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការ ចេញ​ដីកា​ឃុំ​ខ្លួន​ស្ត្រី​ខ្មែរ​៣៣​នាក់ ពាក់​ព័ន្ធ​សំណុំ​រឿង​ស៊ី​ឈ្នួល​ពពោះ​ជំនួស

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ស្រ្តី​ខ្មែរ ៣៣ នាក់​ជា​បណ្តោះអាសន្ន ជុំវិញ​សំណុំ​រឿង​ពពោះ​ជំនួស​។ ការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​ខ្មែរ​ទាំង ៣៣ នាក់ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិបត្តិការ​ចុះ​បង្រ្កាប​ទីតាំង ជួល​ស្រ្តី​ខ្មែរ​ពពោះ​ជំនួស កាល​ពី​ថ្ងៃ​ទី ២១ ខែមិថុនា កន្លង​ទៅ។  

A eight months pregnant teenager in Bangkok
A eight months pregnant teenager in Bangkok Reuters/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

លោក កោ វណ្ឌី អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅ​ក្រម​ស៊ើបសួរ កាល​ពី​ថ្ងៃទី ៥ ខែកក្កដា បាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​ស្រ្តី​ខ្មែរ​ចំនួន ៣៣នាក់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​មន្ទីរទេព្យ ក្នុងរាជ​ធានី​ភ្នំពេញ ដើម្បី​តាម​ដាន និង​ពិនិត្យ​សុខភាព​។

លោក កោ វណ្ឌី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្រ្តី​ខ្មែរ​ទាំង ៣៣នាក់ នេះ ត្រូវ​បាន​សម្រេច​ឃុំខ្លួន ពីបទ «ជួញ​ដូរ​មនុស្ស​ដោយ​ឆ្លង​ដែន» និងបទ «អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ» យោង​តាម​មាត្រា​១៦​នៃ​ច្បាប់ ស្តី​ពី​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោង​តាម​មាត្រា​៣៣២​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ទាក់​ទង​នឹង​សំណុំ​រឿង​ពពោះ​ជំនួស​នេះ​ដែរ កាល​ពី​ថ្ងៃទី២៨ ខែមិថុនា​កន្លង​ទៅ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​លើ​ក្រុម​ជន​សង្ស័យ​ចំនួន​៥​នាក់​ដែលពាក់​ព័ន្ធ​បទ​ល្មើស​ជួល​ស្រ្តី​ខ្មែរ​ឱ្យ​ពពោះ​ជំនួស។

ជន​សង្ស័យ​ទាំង​៥នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ម្នាក់ផង​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពី​បទ «ការ​ជួញ​ដូរ​មនុស្ស​ដោយ​ឆ្លងដែន និង​បទអន្តរការី​ជាមួយ​ស្រ្តី​ពពោះ» ត្រង់​មាត្រា​១៦ នៃ​ច្បាប់​ស្តី​ពី​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស និងការពារ​អនីតិជន និង​មាត្រា​៣៣២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

សម្រាប់​លោក​ស្រីជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ការ​ប្រើប្រាស់​នូវ​វិធានការ​ច្បាប់​នេះ​ គឺ​ដើម្បី​ការពារ​កិត្តិយស​កម្ពុជា ការពារ​សីលធម៌​នៃ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ ជា​ពិសេស​នោះ គឺ​ដើម្បី​ទប់​ស្កាត់កុំ​ឱ្យ​មាន​ការ​យក​តម្រាប់​ធ្វើ​តាម​ត​ទៅ​ទៀត។

លោកស្រីជូ ប៊ុនអេង បាន​បង្ហើប​ឱ្យ​ដឹង​ថា កន្លង​មក អាជ្ញាធរ​បាន​រក​ឃើញ​ថា ករណី​ពពោះ​ជំនួស​នេះ​ធ្វើ​ឡើង​ដោយ​ស្រ្តី​ខ្លះ​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ ហើយ​ក៏​មាន​ការ​យក​តម្រាប់​ផង​ដែរ​។ នេះ​ធ្វើ​ឱ្យ​លោកស្រីជូ ប៊ុនអេង សង្កត់​ធ្ងន់​ថា វិធានការ​ច្បាប់ គឺ​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ករណី​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ