ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

បក្ស​ធំ​ពីរ នឹងបើកវគ្គ​បណ្ដុះ​បណ្ដាល​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន

media  
រូបថតៈ ពលរដ្ឋចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន

មួយ​សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត គណបក្ស​សង្គ្រោះជាតិ បាន​បង្កើត​គណៈកម្មការពិសេស​មួយ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដឹក​នាំ​ដោយ​លោក សុន ឆៃ ដែល​នឹង​ផ្ដើម​ការងារ នៅ​ថ្ងៃ​ទី​១៣​មិថុនា​ទៅ។ ចំណែក​គណបក្ស​ប្រជាជន​ ក៏​នឹង​ពង្រឹងគោល​ជំហរ ការងារ​ចំពោះ​មន្ត្រី ឃុំ សង្កាត់ របស់ខ្លួនដែរ នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ ។

ពង្រឹង​សេវាសាធារណៈ​កុំ​ឲ្យ​មាន​ការ​ថ្នាង​ថ្នាក់​ពី​ប្រជាជជន នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះសំឡេង​គាំទ្រ គឺ​ជា​សារ​ការ​ដាស់​តឿន​រាល់​ថ្ងៃ​របស់​គណបក្ស​ប្រជាជន​ទៅ​កាន់​មន្ត្រី​ឃុំសង្កាត់​របស់​ខ្លួន។  នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក សុខ ឥសាន អ្នក​នាំ​ពាក្យគណបក្ស​ប្រជាជន។  លោក សុខ ឥសាន បន្ថែមថា មន្ត្រី​ឃុំ​សង្កាត់​របស់​គណបក្សប្រជាជន​មិន​បាន​ជាប់​ឆ្នោត​ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​គណបក្ស​ដែរ​។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បន្ថែម​ពី​លើ​ការ​បង្កើត​គណៈកម្មការ ពង្រឹង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហើយ គណបក្ស​នឹង​បង្កើត​គណៈកម្មការ​ចំណុះ​នៅ​តាមបណ្ដាល​ខេត្ត​ដែល​មាន​មេឃុំ​ចៅសង្កាត់​សង្គ្រោះជាតិ​ជាប់​ឆ្នោត។ លោក សុន ឆៃ ប្រធាន​គណៈកម្មការ​ថ្មី​នេះ បាន​គូស​បញ្ជាក់​ថា ការ​ពង្រឹង​សមត្ថភាព​មន្ត្រី ឃុំ​សង្កាត់​ធ្វើឡើង​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ច្បាប់ ការ​ដោះ​ស្រាយ​បញ្ហា និង​គំនិត​នៃ​ការ​អភិវឌ្ឍ។
 
មួយ​ផ្នែក​នៃ​ការ​បណ្ដុះ​បណ្ដាល​មន្ត្រី​របស់​ខ្លួន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដាល​មក​ពី​មន្ត្រី ក្រុម​ប្រឹក្សា​ឃុំ​របស់​ខ្លួន​ខ្លះ មិន​ធ្លាប់​ចូល​ប្រឡូក​ការ​ងារ​ជា​មេឃុំ ឬ​ចៅ​សង្កាត់​ពីមុន​មក​ទើប​ចាំ​បាច់​ត្រូវ​តែ​បង្រៀន​ពី​របៀប​ផ្ដល់​សេវាសាធារណៈ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាជន​ពេញ​ចិត្ត​។ បើ​តាម​លោក សុន ឆៃ គណបក្ស​សង្គ្រោះជាតិ​ក៏​ចង់​ពង្រឹង​សមត្ថភាពជំទប់​ទី១ ទី២ មក​ពី​គណបក្ស​ប្រជាជន​ដែរ ដើម្បី​ឲ្យ​ប្រជាជន​មើល​ឃើញ​ពី​សមត្ថភាពធ្វើ​ការ​គ្រប់​សមាជិក​បក្ស​ដែល​ជាប់​ឆ្នោត​ទាំង​អស់។
 
ប៉ុន្តែ លោក សុខ ឥសាន បាន​អះ​អាង​ថា មន្ត្រី​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​មានបទ​ពិសោធន៍​ការងារ​ស្រាប់ និង​តែង​តែ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​រៀង​រាល់​ថ្ងៃហើយ។តាម​លទ្ធផល​បឋម​របស់​គ.ជ.ប. គណ​បក្ស​ប្រជាជន​ ឈ្នះ​ការ​គាំទ្រ នៅ​ឃុំ សង្កាត់​ចំនួន ជាង​១១៥០​។ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ នៅ​ឃុំ សង្កាត់​ជាង ៤៨០។
 
សូមបញ្ជាក់ថា ក្រៅ​ពី​គណបក្ស​ធំ​ទាំង​ពីរគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឯណេះវិញ​ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​គណបក្ស​នយោ​បាយ​ដែល​ឈ្នះ ទទួល​បាន​តំណែងមេឃុំ និង​ចៅ​សង្កាត់ គួរ​ណែនាំ​ទៅ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​របស់​ខ្លួន​ឲ្យ​សម្របសម្រួល ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេភូមិ​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ មិន​ប្រកាន់និន្នាការ​នយោ​បាយ។ តែ​ផ្ទុយ​ទៅ​វិញ​មេភូមិ​ទាំង​នោះបែរ​ជា​ដើរ​តាម​ដាន​ប្រជាពលរដ្ឋ ហើយ​បម្រើ​ការងារ​ដោយ​រើស​អើង​និន្នាការ​នយោបាយ​ និង​គំរាម​កំហែង​បំភិត​បំភ័យប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ទៅវិញ។ បន្ថែម​ពី​លើ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​ដល់​រដ្ឋាភិបាល​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​ជាតិ​ពង្រឹង​សមត្ថភាព​មេឃុំ មេ​ភូមិ ដើម្បី​ប្រជាពលរដ្ឋ​គ្រប់​រូប​៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ