អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

អគ្គ​នាយក​៣​រូប​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ខណៈ​នាយ​ឧត្តម​សេនីយ៍​១០​រូប​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​

រដ្ឋា​ភិបាល​​កម្ពុជា​​ បាន​​ធ្វើ​​​ការ​​​ផ្លាស់​​​ប្តូរ​​ក្បាល​​ម៉ាស៊ីន​​ដឹក​​នាំ​​នៃ​​អគ្គ​នាយក​ដ្ឋាន​​សំខាន់ៗ​​ ចំនួន​​៣​​កន្លែង​​​​ដែល​​​ចំណុះ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​ ខណៈ​​ឧត្តម​​សេនីយ៍​​ផ្កាយ​​៤​​ចំនួន​​​១០​​រូប​​ ត្រូវ​​បាន​​ដាក់​​ឲ្យ​​ចូល​​និវត្តន៍​​។​​ ការ​​​ដាក់​​​ឲ្យ​​​ចូល​​​និវត្តន៍​​ដំណាល​ៗ​​គ្នា​​នៅ​​ពេល​​នេះ​ ​រាប់​​​បញ្ចូល​​ទាំង​​មេ​ប៉ូលីស​​​ក្រុង​​ភ្នំពេញ​​ គឺ​​លោក​​នាយ​ឧត្តម​​សេនីយ៍​​ ជួន​​ សុវណ្ណ​ ​ផង​​ដែរ​​។​

អគ្គនាយកថ្មី៣រូបដែលត្រូវបានស្នើតែងតាំង
អគ្គនាយកថ្មី៣រូបដែលត្រូវបានស្នើតែងតាំង @សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​មួយ​ច្បាប់​​របស់​​ប្រមុខ​​រដ្ឋាភិបាល​ ទូល​ថ្វាយ​ព្រះ​​មហា​​ក្សត្រ ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​លោក​ ហ៊ុន​ សែន​ បាន​ស្នើ​​ផ្ទេរ​ភារ​កិច្ច​ និង​តែង​តាំង​​ នាយ​​ឧត្តម​​សេនីយ៍​ផ្កាយ​៤​ចំនួន២​រូប​ និងអគ្គនាយករងម្នាក់ ឲ្យ​ទៅ​​កាន់​​មុខ​​តំណែង​​ថ្មី​​។​ មុខ​​តំណែង​ថ្មី​​របស់​​ឧត្តម​សេនីយ៍​គ្រាក់ៗ​ទាំង​នោះ​ គឺ ​នាយ​​ឧត្តម​សេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ជា​អគ្គស្នង​ការ​រង​​នគរបាល​ជាតិ ​ត្រូវ​បាន​​តែង​តាំង​​ជា​អគ្គនាយក​​នៃអគ្គ​នាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​ ជំនួស​ នាយ​​ឧត្តម​សេនីយ៍ ​សុខ​ ផល​ ដែល​ត្រូវ​​ដាក់​​ឲ្យ​​ចូល​​និវត្តន៍​។

​ជាមួយ​គ្នានោះ ​នាយក​​ឧត្តម​​សេនីយ៍​ កង​ សុខន​ អគ្គ​ស្នង​ការ​រង​​នគរបាល​ជាតិ​ដែរ​ ត្រូវ​បាន​​តែង​តាំង​ទៅជា​អគ្គនាយក​​នៃ​អគ្គនាយក​ដ្ឋាន​​អត្តសញ្ញាណ​កម្ម​ ជំនួយ​​នាយឧត្តម​​សេនីយ៍​ ម៉ៅ ច័ន្ទតារា​ ដែល​ត្រូវ​​ចូល​និវត្តន៍​។ ​ចំណែក ​លោក​ សេង​ យូអ៊ាន់ ​ជា​អគ្គនាយ​រង​ ត្រូវ​បាន​តែង​តាំង​ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​​ នៃ​ក្រសួង​​មហាផ្ទៃ​ ជំនួយ ​នាយ​ឧត្តម​​សេនីយ៍​ ម៉ៅ ​ប៊ុនណារិន​ ដែល​​ត្រូវ​បាន​ដាក់​​ឲ្យ​​ចូល​​និវត្តន៍​ ត្រឹម​ថ្ងៃ​ទី​៣១​ខែ​សីហា​។

​លើស​ពី​នេះទៀត​ នៅ​មាន​ឧត្តមសេនីយ៍​គ្រាក់ៗ​មួយ​ចំនួន​ទៀត​​ដែល​​ត្រូវ​បាន​​ឲ្យ​​ចូល​​និវត្តន៍​ដំណាល​​ៗ​គ្នា​នោះ ​រួមមាន​ នាយ​ឧត្តម​សេនីយ៍​ ជួន​ សុវណ្ណ​ ស្នង​ការ​នគរបាល​​រាជធានី​ភ្នំពេញ នាយ​ឧត្តម​សេនីយ៍​ សួស ​អង្គារ៍ ​នាយ​ឧត្តម​សេនីយ៍​ ឯម​ សំណាង​ នាយ​ឧត្តម​សេនីយ៍​ ថោង សំអាត​ នាយឧត្តម​សេនីយ៍ ​ផាន ​ពៅ ​នាយ​ឧត្តម​សេនីយ៍ ​មួន ​សារ៉ន ​និងនាយ​ឧត្តម​សេនី​យ៍ លី ​គឹមឡុង​។

សូមបញ្ជាក់​ការដាក់​ឲ្យ​​ឧត្តម​សេនីយ៍ទាំង​នេះ​ចូល​និវត្តន៍ គឺ​ដោយ​សារ​ដល់​អាយុ​កំណត់​ត្រូវ​ចូល​និវត្តន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ