អានតួអត្ថបទ
កម្ពុជា-អាស៊ាន

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យមេដឹកនាំអាស៊ានជំរុញពាណិជ្ជកម្មបន្ថែមនៅក្នុងតំបន់

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ស្នើ​ដល់​អង្គ​ប្រជុំ​អាស៊ាន​ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ឲ្យ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​នៅ​ឯក្រុង​បាងកក​ប្រទេស​ថៃ កាល​ពីថ្ងៃទី​២២ ខែ​មិថុនា​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាននៅឥណ្ឌូនេស៊ី ឆ្នាំ២០១៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាននៅឥណ្ឌូនេស៊ី ឆ្នាំ២០១៨ fbCPM
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​ស្នើ​ដល់​អង្គ​ប្រជុំ​អាស៊ាន​ឲ្យ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​ដើម្បី​ការ​អភិវឌ្ឍ និង​ភាព​រីក​ចម្រើន​របស់​អាស៊ាន​ទាំង​មូល​។

លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យ​សភា បាន​លើក​ឡើង​ថា​ទំហំ​ពាណិជ្ជកម្ម​ក្នុង​អាស៊ាន​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀបធៀប​អាស៊ាន​ជា​មួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត ដូច​ជា​អាស៊ាន​ចិន អាស៊ាន​សហភាព​អឺរ៉ុប និង​អាស៊ាន​សហរដ្ឋ​អាមេរិក​។​

លោក​បញ្ជាក់​ថា បើ​គេ​និយាយ​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាក់​ស្តែង​ដូច​ជា​កម្ពុជា​ជា​មួយ​សហភាព​អឺរ៉ុប កម្ពុជា​ជា​មួយ​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ជា​មួយ​ចិន គឺ​ទំហំ​ពាណិជ្ជកម្ម​នេះ​ធំ​ជាង​ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ធ្វើ​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​។​ លោក​អះអាង​ថា​ ប្រសិន​បើគេ​ជំរុញ​លើ​កម្ពស់​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង​ខ្លួន​ឯង នោះ​ភាព​អាស្រ័យ​លើ​ទីផ្សារ​ខាង​ក្រៅ​នឹង​មិន​សូវ​ធ្ងន់ធ្ងរ​ពេកទេ​។

ជា​ការ​កត់​សម្គាល់​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​ខណៈ​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ(EBA)​ពី​សហភាព​អឺរ៉ុប​នា​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា​កិច្ច​ប្រជុំ​អាស៊ាន​លើកទី​៣៤​នេះ ធ្វើ​ឡើង​នៅ​ក្រោម​ប្រធាន​បទ​ធំ​ស្តីពី ការ​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​និរន្តរភាព​។ ថៃ​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ចង់​ឃើញ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និត​នៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សាមគ្គីភាព​ក្នុង​តំបន់​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បាង​កកប៉ុស្តិ៍​។

បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅក្នុង​ប្រទេស​ភូមា និង​ការ​បំពុល​បរិស្ថាន​សមុទ្រ ក៏​ត្រូវ​បាន​លើក​មក​ជជែក​ពិភាក្សា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​។​ ប៉ុន្តែ​បញ្ហា​ពាណិជ្ជកម្ម​គឺ​ប្រធាន​បទ​ក្តៅមួយ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ