អានតួអត្ថបទ
កម្ពុជា-ច្បាប់

កូន​ស្រី​សាស្ត្រាចារ្យ​រង​អំពើ​ហិង្សា​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ជាង​៣០​ម៉ឺន​ដុល្លារ​ពី​ក្រុម​ជនបង្ក​

នៅ​ទី​បំផុត​​ទៅ ​មេធាវី​​តំណាង​​ឲ្យ​​អាណត្តិ​​របស់ ​លោក ស៊ុយ សារ៉េត ​សាស្ត្រាចារ្យ​​មហា​វិទ្យាល័យ ​និង​​កូនស្រី ​បាន​ដាក់​​ពាក្យ​បណ្តឹង​​ជា​​ផ្លូវការ​​ទៅ​កាន់​​ស្នងការ​​នគរបាល​​រាជធានី​​ភ្នំពេញ ​នៅ​ថ្ងៃទី ​១៣ ​មីនា​​នេះ ​ដើម្បី​​ស្វែង​រក​​ចាប់​ខ្លួន​​ជន​​មួយ​ក្រុម ​ដែល​​បង្ក​​អំពើ​ហិង្សា ​កាល​ពី​ថ្ងៃទី ​១១ ​មីនា​។ ​នៅ​ក្នុង​​ពាក្យ​បណ្តឹង​ ជនរងគ្រោះ​បានទាមទារ​សំណង​ជា​ប្រា​ក់​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក។  

រូបភាព​បង្ហាញ​ពី​ជន​ដៃដល់បា​នឡើង​ជាន់​រថយន្ត​របស់​លោក ​ស៊ុយ សារ៉េត ​ខណៈ​ជន​ដៃដល់​ជា​ច្រើន​ទៀត​បាន​វាយ​តំ​លោក​នៅ​ក្នុង​រថយន្ត​ កាល​ពី​ថ្ងៃទី​ ១១ ​មីនា ​ឆ្នាំ ២០១៨។​
រូបភាព​បង្ហាញ​ពី​ជន​ដៃដល់បា​នឡើង​ជាន់​រថយន្ត​របស់​លោក ​ស៊ុយ សារ៉េត ​ខណៈ​ជន​ដៃដល់​ជា​ច្រើន​ទៀត​បាន​វាយ​តំ​លោក​នៅ​ក្នុង​រថយន្ត​ កាល​ពី​ថ្ងៃទី​ ១១ ​មីនា ​ឆ្នាំ ២០១៨។​ @Facebook
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​នេះ គឺ​ប្តឹង​ក្រុម​ជនបង្ក​មួយក្រុម ប៉ុន្តែ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជន​ដែល​ត្រូវ​ចោទប្រកាន់​នោះទេ ខណៈដែល​អាជ្ញាធរ​បាន​អះអាងថា គេ​បាន​កំណត់​​មុខសញ្ញា​ជនបង្ក​បានខ្លះៗហើយ។ ពាក្យបណ្តឹង​នេះ បានដាក់​ទៅកាន់​ស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៣ មីនា នេះ តាមរយៈ​មេធាវី​លោក ឈី ​សម្បត្តិ ដែល​ទទួល​អាណត្តិ​ពី​កូនស្រី​របស់លោក ស៊ុយ សារ៉េត គឺ​កញ្ញា សារ៉េត សុ​ផា​ធិ​តា​ពេជ្រ។

បើ​យោងតាម​ពាក្យបណ្តឹង​នេះ មេធាវី​តំណាង​អាណត្តិ បានទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​អំពី​សាវតា​របស់​ក្រុម​ជនបង្ក ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ឲ្យ​មក​ទទួលខុសត្រូវ​ស្របតាម​ច្បាប់ព្រហ្មទណ្ឌរ​បស់​កម្ពុជា និង​ទាមទារ​សំណង​ជួសជុល​ការខូចខាត ថ្លៃ​ថ្នាំ​ព្យាបាល ការខាតបង់​ពេលវេលា និង​សំណង​ជំងឺ​ចិត្ត ដែល​សរុប​ជា​ប្រាក់​ប្រមាណ​ជា១ពាន់២រយ​លាន​រៀល ឬ​ប្រហាក់​ប្រហែលជា៣០ម៉ឺន​ដុល្លារ​អាមេរិក។ តាមរយៈ​ពាក្យបណ្តឹង​ដដែល​នេះ មេធាវី​តំណាង​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា ពេល​ជន​ជនរងគ្រោះ​ឈ្មោះ ស៊ុយ សារ៉េត កំពុង​បើកបរ​រថយន្ត​កាលពី​រសៀល​ថ្ងៃទី ១១មីនា ស្រាប់​តែមាន​បុរស​ម្នាក់ ដែល​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង បាន​ដួល​ម៉ូតូ​ក្បែរ​រថយន្ត​របស់គាត់ ហើយ​ពេលនោះ ក៏មាន​ក្រុម​ជនបង្ក​មួយក្រុម នាំគ្នា​ស្រែក​ឆោ​រ​ឡោ រួច​បើក​ដេញតាម និង​បង្ក​ជា​អំពើហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​ជនរងគ្រោះ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់​ស្ទើ​បាត់​បង់ជីវិត។ ជាងនេះទៅទៀត រថយន្ត​របស់​ជនរ​ង​គ្រោះ ក៏ត្រូវ​បាន​រង​ការខូចខាត​ទាំងស្រុង ខណៈ​ទ្រព្យសម្បត្តិផ្សេងៗទៀត ដូចជា ទូរ​សព្ទ​ដៃ និង​កាបូប​លុយ​ដែលមាន​ប្រាក់​ជិត៣ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ក៏បាន​បាត់បង់​ទៅ​ដែរ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន បាន​អះអាងថា លោក ស៊ុយ សារ៉េត បាន​បើករថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួច​បើក​រត់គេច​ចាប់ពី​ម្តុំ​ទួល​សង្កែ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​ទៅមុខ​លែងរួច ក៏ត្រូវ​បាន​មហាជន​វាយតំ​តែម្តង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅក្នុង​ករណីនេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានចេញ​មុខមក​អំពា​វ​នាវ​ឲ្យ​សាធារណជន​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​អំពើហិង្សា ទៅលើ​អ្នកបើកបរ​រថយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ច្បាប់ ត្រូវអនុវត្ត​លើ​អ្នកបើកបរ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយរ​ត់​គេច​ពី​កន្លែងកើតហេតុ។ ប៉ុន្តែ​លោក​បញ្ជាក់ថា អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ