អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​ការពារ​អ្នក​កាសែត​មួយ ​ស្តី​បន្ទោស​កម្ពុជា ​ចំពោះ​ការ​រឹត​បណ្តឹង​ព័ត៌មាន​ក្នុង​ពេល​បោះ​ឆ្នោត​

គណៈកម្មាធិការ​​ការពា​រ​​អ្នក​កាសែត ​(CPJ) ​ដែល​មាន​​មូលដ្ឋាន​​នៅ​​ទីក្រុង​​ហុងកុង ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ ​កាល​ពី​​ថ្ងៃទី ​៤ ​មិថុនា ​ដោយ​បាន​​ស្តីបន្ទោស​​មក​លើ​​អាជ្ញាធរ​​កម្ពុជា ​ចំពោះ​​វិធានការ​​រឹត​បណ្តឹង​​ការ​ផ្សព្វផ្សាយ​​​ព័ត៌​មាន​​​នៅ​​ក្នុង​​​អំឡុង​​ពេល​​​នៃ​​​ការ​​បោះ​ឆ្នោត​​​ជាតិ​​ខាង​​មុខ​​នេះ​​។ ​​​សេចក្តីថ្លែង​ការណ៍ ​បាន​​អំពាវ​នាវ​​ឲ្យ​​កម្ពុជា ​អនុញ្ញាត​​ឲ្យ​​មាន​ការ​​រាយការណ៍​​ព័ត៌មាន​​ដោយ​​សេរី ​និង​​គ្មាន​​ការ​ភ័យ​ខ្លាច​។ 

លោក សិក ប៊ុនហុក​ ​ក្នុង​ពេល​​ផ្តល់​​សម្ភាស​ដល់​​អ្នក​សារព័ត៌មាន​នៅ​វិទ្យាល័យ​​​វត្តភ្នំ​​​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​២០១៧​។។
លោក សិក ប៊ុនហុក​ ​ក្នុង​ពេល​​ផ្តល់​​សម្ភាស​ដល់​​អ្នក​សារព័ត៌មាន​នៅ​វិទ្យាល័យ​​​វត្តភ្នំ​​​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​២០១៧​។។ @អ៊ឹង ប៊ុនថន
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​ហុងកុង អង្គការ​ការពារ​អ្នកកាសែត CPJ ឬ គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត (Committee to Protect Journalists) បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើកទូលាយ​ឡើងវិញ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​សេចក្តីរាយការណ៍​ដោយ​សេរី និង គ្មាន​ការភ័យខ្លាច នៅក្នុង​អំឡុងពេល​នៃ​ការបោះឆ្នោតជាតិ។ ការ​អំពាវ​នាវ​​បែបនេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ​កាលពី​ថ្ងៃទី ២៤ ឧសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបាន​រំឭក​ដល់​អ្នកកាសែត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​សេចក្តីរាយការណ៍​របស់​ខ្លួន ជុំវិញ​ដំណើរការ​បោះឆ្នោត។ ការបោះឆ្នោតជាតិ ដែល​នឹង​ឈានចូល​មកដល់ នៅ​ចុងខែ​កក្កដា​​ខាង​មុខនេះ។ សេចក្តីថ្លែងការណ៍​បានចាត់ទុក​ការ​រំឭក​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​នោះ​ថា គឺជា​រារាំង​ឬ​ការ​ទាញ​អ្នកកាសែត​ឲ្យ​ចាក​ឆ្ងាយ​ពី​សេរីភាព​របស់​ខ្លួន។

សេចក្តីប្រកាស​ព័ត៌មាន​របស់ គជប កាលពី​ថ្ងៃទី ២៤ ឧសភា បានដាក់​បំរាម​មួយចំនួន​ដល់​អ្នកកាសែត ដោយ​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត, ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សំអាង​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន​ដែល​ពុំមាន​ភស្តុតាង​បញ្ជាក់, ការប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយប្រហារ​ដែល​អាច​បង្ក​ភាព​គ្មាន​សណ្តាប់ធ្នាប់​ឬ​អាច​ឲ្យ​មាន​អំពើហិង្សា, ការ​បោះ​ពុម្ព​ផ្សាយ​ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ​​និង​សង្គម, ការបញ្ចេញ​បញ្ចូល​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន ឬក៏​ធ្វើ​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍​​កំពុង​កើតមាន ដែល​ខ្លួន​ធ្វើ​សេចក្តីរាយការណ៍, ការជ្រៀតជ្រែក ឬ​រំខាន​ដល់​ការងារ​ចុះឈ្មោះ​បោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត, ការផ្សព្វផ្សាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត និង​ការធ្វើ​បទសម្ភាសន៍​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ជាដើម។ ប្រសិនបើ​ល្មើ​សនឹង​ការព្រមាន​ខាងលើនេះ អ្នកកាសែត​នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​ប្រាក់​ពី៥លាន​រៀល រហូតដល់ ៣០លាន​រៀល។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ពី​ទោសទណ្ឌផ្សេងៗទៀត​នៅឡើយ។

សូម​ជំរាបជូន​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៅ​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ដោយមាន​គណបក្សនយោបាយ​ចំនួន២០ចូលរួម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ចំនួន៣ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មាន ទើបតែ​បានចេញ​ប្រកាស​រួមគ្នា​មួយ ស្តីពី ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ​និង​សន្តិសុខ​ជាតិ។ ជា​អ្វីដែល​អង្គការ​ការពារ​​អ្នកកាសែត CPJ បាន​កត់សំគាល់ថា គឺជា​ការ​បង្រួម​លំហ​សេរីភាព​សារព័ត៌​មាន​នៅ​​កម្ពុជា​​កាន់តែខ្លាំង​ឡើង នៅមុន​ការបោះឆ្នោតជាតិ​មកដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ