អានតួអត្ថបទ
កម្ពុជា-សង្គម

«​ផ្លែ​ក្រូច​ថ្លុង​កោះ​ទ្រង់​» ​របស់​កម្ពុជា ​ត្រូវ​បាន​ចុះ​បញ្ជី​កម្ម​សិទ្ធិ​បញ្ញា​នៃ​ពិភពលោក​

ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ ២៥ ខែមិថុនា បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​​សម្គាល់​​ភូមិ​សាស្ត្រ​​ទំនិញ ​«ក្រូចថ្លុង​កោះ​ទ្រង់» ដើម្បី​រួមចំណែក​ការពារ​អត្ត​សញ្ញាណ​​ផលិត​ផល​​ប្រពៃណី ​សំដៅ​​ធ្វើ​​ឲ្យ​​មាន​​កំណើន​​សេដ្ឋកិច្ច​ជាតិ​។ ​ផ្លែ​​ក្រូចថ្លុង​កោះ​ទ្រង់ ​ត្រូវបាន​ចាត់ទុកថា ជា​ផ្លែឈើ​ធម្មជាតិ​ដ៏​ពេញនិយម មានឱជារស​ឆ្ងាញ់ និង​កេរ្តិ៍ឈ្មោះ​​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ។ 

«ផ្លែក្រូចថ្លុងកោះទ្រង់» របស់​កម្ពុជា​នៅ​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ចុះ​ប​ញ្ជី​កម្ម​សិទ្ធិ​បញ្ញា​នៃ​ពិភពលោក​។
«ផ្លែក្រូចថ្លុងកោះទ្រង់» របស់​កម្ពុជា​នៅ​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ចុះ​ប​ញ្ជី​កម្ម​សិទ្ធិ​បញ្ញា​នៃ​ពិភពលោក​។ @សហការី
ផ្សាយពាណិជ្ជកម្ម

ពិធី​ប្រកាស​និង​ទទួលស្គាល់ «ក្រូចថ្លុង​កោះ​ទ្រង់» ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ប្រចាំខេត្ត​ក្រចេះ​នេះ ត្រូវបាន​រៀបចំឡើង​នៅលើ​ទឹកដី កោះ​ទ្រង់ ក្នុង​ខេត្ត​នេះ កាលពី​ព្រឹក​ថ្ងៃ ២៥ ខែមិថុនា។ ពិធី​នេះ មានការ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន ព្រមទាំង​តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ពាណិជ្ជករ និង​សិស្ស-និស្សិត​ប្រមាណ​២០០​នាក់​។ នេះ​គឺ ជា​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​មួយទៀត ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្នុង​បញ្ជី​កម្មសិទ្ធិបញ្ញា​ពិភព​លោក។ ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ចាត់ទុកជា​ផ្លែឈើ​ហូប​ធម្មជាតិ​ដ៏​ពេញនិយម មាន​ឱជា​រស​ឆ្ងាញ់​​ពិសារ ​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម។

លោកស្រី អេ​ឡិច​សាន់​ត្រា ហ្គ្រា​ស្យូ​លី (Alexandra Grazioli) តំណាង​អង្គការ​កម្មសិទ្ធិ​បញ្ញា​​ពិភពលោក (WIPO) បានចាត់ទុក​ការចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «ក្រូចថ្លុង​កោះ​​ទ្រង់​» ​នេះ​ថា ជា​ជោគជ័យ​មួយទៀត សម្រាប់​ក្រសួងពាណិជ្ជកម្ម និង​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុងការ​ប្រើប្រាស់ វិស័យ​កម្មសិទ្ធិបញ្ញា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការផ្សាភ្ជាប់​ផលិតផល​ប្រពៃណី​ទៅនឹង​ការគោរព​បរិស្ថាន សម្រាប់​ទុកជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម។

គួរ​ជំរាបជូន​ថា នៅលើ​កោះ​ទ្រង់ ក្នុង​ទឹកដី​ខេត្តក្រចេះ បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូច​ថ្លុង សរុប៣៣១គ្រួសារ ដែល​ក្នុងនោះ ១៥៥ គ្រួសារ ទើបតែ​បាន​ចូល​ជា​សមាជិក​សមាគម​​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់។ ក្រូចថ្លុង​សរុប​មាន ១៣,៧៩០ ដើម ដោយ​មួយ​ដើម​អាចមាន​ផ្លែ​យ៉ាងតិច១០០ផ្លែ​ក្នុង​មួយឆ្នាំ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​ពី​អត្ថប្រយោជន៍​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ​ថា ជា​ឧបករណ៍​ទីផ្សា​ដ៏​មាន​សក្តានុពល និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ហើយ​ការដាក់​ឲ្យ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «ក្រូចថ្លុង​កោះ​ទ្រង់» នេះ នឹង​ជួយ​បង្កើន​ឱកាស​ការងារ និង​ប្រាក់​ចំណូល​​ជូន​ប្រជាជន​មូលដ្ឋាន ព្រមទាំង​លើកកម្ពស់ វិស័យ​ទេសចរណ៍​ជាតិ ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ