អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រោយ​មាន​បទ​បញ្ជា​៖ ​ក្រសួង​យុត្តិធម៌​ផ្តើម​ស្រង់​ស្ថិតិ​ទណ្ឌិត​ជា​ស្ត្រី​ដែល​មាន​កូន​តូច​ក្នុង​ពន្ធនាគារ​

អ្នក​នាំ​ពាក្យ​បាន​អះអាង​ថា ​ក្រសួង​​យុត្តិធម៌​​បាន​​ផ្តើម​​ស្រង់​ស្ថិតិ​ទណ្ឌិត​ជា​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ក្នុង​ពន្ធនាគារ​ហើយ ​ក្រោយ​ពី​មាន​បទបញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​។ ​លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ កាល​ពី​ថ្ងៃទី ​១៨ ​កុម្ភៈ ​បាន​ជំរុញ​ឲ្យ​ក្រ​សួង​​យុត្តិធម៌ ​និង​ក្រសួង​កិច្ចការនារី ​ពិនិត្យ​លើ​សំណុំ​រឿង​របស់​ស្ត្រី​នៅ​ក្នុង​ពន្ធ​នា​គារ​​ដែល​​កំពុង​មាន​ផ្ទៃ​ពោះ ​ឬ​មាន​កូន​តូច​នៅ​ក្នុង​​ពន្ធនាគារ ​ដើម្បី​​ពន្លឿន​នីតិ​វិធី​កាត់​ទោស ​​ហើយ​ឈាន​ទៅ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស ​ឬ​លើក​លែង​ទោស ​ជា​អ្វី​ដែល​លោក​នា​យក​រ​ដ្ឋ​មន្ត្រី​បាន​ចាត់​ទុក​ថា ​ជា​ការ​ធ្វើ​ឡើង​ក្នុ​ង​លក្ខណៈ​យោគយល់ ​និង​ក្តី​មេត្តា​ករុណា ​​ដោយ​មិ​​ន​ចាំ​បា​ច់មាន​ពិធី​បុណ្យ​ជាតិ​នោះ​ទេ​។ 

អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស។​
អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស។​ PRI
ផ្សាយពាណិជ្ជកម្ម

គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ អ្ន​ក​នាំ​​ពាក្យ​​ក្រសួង​​យុត្តិធម៌ ​លោក ​គឹម ​សន្តិភាព ​បាន​អះអាង​ថា ​ក្រសួង​​បាន​ចាប់​​ផ្តើម​​ស្រង់​​ស្ថិតិ​​លើ​​ស្ត្រី​​ដែល​​មាន​កូន​តូច​នៅ​ក្នុង​ពន្ធនាគារ​នោះ​ហើ​យ​។ ​បើ​តាម​លោក ​គឹម ​សន្តិភាព​ ក្រសួង​​នឹង​​ពិនិត្យ​មើល​លើ​ករណី​រ​បស់​ស្ត្រី​ដែល​មាន​កូន​តូច​និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​ដែល​​ពួក​គេ​​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​។ ​ការ​ពិនិត្យ​មើល ​នឹង​ធ្វើ​​ឡើង​​នៅ​ក្នុង​​ពន្ធនាគារ​​ទាំង​​អស់​​នៅ​ទូទាំង​ប្រទេស ​និង​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​ ​បច្ចុប្បន្ន​នេះ ​មាន​​ស្ត្រី​ប្រមាណ​ជា​២៥០០​នាក់ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ ហើយ​​ក្នុង​​នោះ​មាន​ស្ត្រី​ដែល​មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​១៦៦​នាក់​ និង​​ស្ត្រី​​ដែល​​មាន​​ផ្ទៃ​ពោះ​ចំ​នួន​​៥១​​នាក់​​។​​

គួរ​រំលឹក​ជូន​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់ ​«​​ក្រុម​​ប្រឹក្សា​​ជាតិ​​កម្ពុជា​​ដើម្បី​​ស្ត្រី​​» ​​កាល​​ពី​ថ្ងៃទី ​១៨ ​កុម្ភៈ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​​ជំរុញ​​ឲ្យ​​ក្រសួង​​ចំនួន​​ពីរ ​គឺ​ក្រសួង​យុត្តិធម៌​និង​ក្រសួង​កិច្ចការ​នារី ​ពិ​និត្យ​​មើល​​សំណុំ​​រឿង​​របស់​ទណ្ឌិត​ជា​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ក្នុង​ពន្ធនាគារ ​និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​ត្រូវ​ពន្លឿន​នីតិវិធី​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ការ​កាត់​ទោស​ និង​បន្ធូ​បន្ថយ​ទោស ​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​ខែ​មេសា​ខាង​មុខ​នេះ។​ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ​ការ​ពិនិត្យ​សម្រួល​ព្យួ​រ​ទោស​នេះ ​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​យោគ​យល់ ​និង​អធ្យាស្រ័យ​ដល់​ស្ត្រី​ទាំ​​ង​នោះ ​ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​និង​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ​

ប្រទេស​កម្ពុជា ​មាន​ពិធី​បន្ធូរ​បន្ថយ​ ឬ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ជា​ផ្លូវ​ការ​តែ​៣​ប៉ុណ្ណោះ ​គឺ​នៅ​ក្នុង​​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្តង​ ពិធី​បុណ្យ​វិសាខ​បូជា​ម្តង​ និង​ពិធី​បុណ្យ​អុំទូក​ម្តង​ទៀត​។ ​ប៉ុន្តែ​កាល​ពី​ឆ្នាំ ​២០១៨​ កន្លង​ទៅ ​ក្រសួង​បាន​បន្ថែម​យន្តការ​នៃ​ការ​លើក​លែង​និង​បន្ធូបន្ថយ​ទោស ​ដល់​ទណ្ឌិត​បន្ថែម​ទៀត ​គឺ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​និង​ទិវា​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃទី​២៩​ធ្នូ​ជា​ដើ​ម​។ ​

គួរ​កត់​សំគាល់​ដែរ​ថា ​បទ​បញ្ជា​របស់​លោ​ក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃទី ​១៨ ​កុម្ភៈ ​បា​ន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ថា ​ពន្ធនាគារ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ភាព​ចង្អៀត​ណែន ​ដោយ​សារ​តែ​កំណើន​អ្នក​ទោស​បា​ន​កើន​ឡើង​។ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​នោះ ​គឺ​ភាគ​ច្រើន ​ជា​ប​ន្ទប់​ឃុំ​ឃាំង​របស់​បុរស​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ