អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​ជំនាញ ​អ.ស.ប ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​វិល​មក​ដើរ​លើ​មាគ៌ា​សិទ្ធិ​មនុស្ស​ជា​ថ្មី​

ប្រទេស​​កម្ពុជា​​បាន​មក​​ដល់​​ផ្លូវ​បំបែក​​ហើយ​។ ​នេះ​​គឺ​ជា​​សេចក្តី​ថ្លែងការណ៍​​របស់​​ការិយាល័យ​​ឧ​ត្ត​ម​​ស្នងការ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​ផ្នែក​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា​។ ​សេចក្តី​ថ្លែងការណ៍​​នេះ ​បាន​​ធ្លា​ក់​មក ​បន្ទាប់​ពី​​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​សហប្រជាជាតិ​​លោកស្រី ​រ៉ូ​ណា​ស្មី​ត ​(Rohna Smith) ​បាន​បញ្ចប់​​ដំណើរ​​ទស្សន​កិច្ច​​ជា​​លើក​​ទី​៥​នៅ​​កម្ពុជា​​នៅ​​ល្ងាច​​ថ្ងៃទី ​១៤ ​មីនា​​នេះ​។ ​ជុំវិញ​​ស្ថានភាព​​សិទ្ធិ​មនុស្ស ​និង​​សិទ្ធិ​​នយោបាយ​​នៅ​​កម្ពុជា ​អ្នក​ជំនាញ ​អ.ស.ប ​បាន​​អំពាវ​នាវ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា ​វិល​​មក​​ដើរ​​លើ​​មាគ៌ា​​សិទ្ធិ​មនុស្ស​​ឡើង​វិញ​។

លោកស្រី​ រ៉ូ ​ណាស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​ក្នុង​សន្និសីទ​កាសែត ​មុន​បិទ​បញ្ចប់​ទស្សនកិច្ច​ជា​លើក​ទី​៥​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃទី ​១៤ ​មីនា​ ឆ្នាំ ​២០១៨​។
លោកស្រី​ រ៉ូ ​ណាស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​ក្នុង​សន្និសីទ​កាសែត ​មុន​បិទ​បញ្ចប់​ទស្សនកិច្ច​ជា​លើក​ទី​៥​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃទី ​១៤ ​មីនា​ ឆ្នាំ ​២០១៨​។ @RFI
ផ្សាយពាណិជ្ជកម្ម

“ប្រទេស​កម្ពុជា​បានមក​ដល់​ផ្លូវបំបែក​ដ៏​សំខាន់​មួយ ហើយ​ត្រូវតែ​ចាប់យក​សិទ្ធិមនុស្ស​ដែល​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុងការ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ និង​សន្តិភាព ដែល​រកបាន​ដោយ​ពិបាក។ នេះ​បើតាម​ប្រសាសន៍​របស់លោក​ស្រី រ៉ូ ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅក្នុង​សន្និសីទ​កាសែត​នៅ​គ្រា​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី៥នៅ​កម្ពុជា នា​ល្ងាច​ថ្ងៃទី ១៤ មីនា នេះ។

នៅក្នុង​សន្និសីទកាសែត​នេះ អ្នកជំនាញ អ.ស.ប រូបនេះ បាន​សំដែង​កង្វល់​យ៉ាងខ្លាំង អំពី​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ នៅមុន​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​ដើរ​តាម​មាគ៌ា​សិទ្ធិមនុស្ស​ឡើងវិញ។ អ្នកជំនាញ​រូបនេះ បាន​រិះគន់​ទៅលើ​ការអនុម័ត​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នាពេលថ្មីៗនេះ​ថា មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ​នោះទេ។

គួរ​ជំរាបជូន​ថា លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានមក​ទស្សនកិច្ចរ​យៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី ៥ មីនា​មក ដោយបាន​ជួប​ជាមួយ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួនទៀត តួយ៉ាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ប្រធាន គ.ជ.ប លោក ស៊ិ​ក ប៊ុន​ហុក និង​ចុង​ក្រោយនេះ គឺ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​មួយចំនួនទៀត ដែល​អ្នករាយការណ៍​រូបនេះ បាន​លើកសរសើរ​ថា លោកស្រី​មាន​បុព្វសិទ្ធិ​ច្រើនជាងពេលមុន។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បាន​សំដែង​ការសោកស្តាយ ដែល​លោកស្រី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួប​ជាមួយ​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នោះទេ ខណៈដែល​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅក្នុង​ពន្ធនាគារ PJ ជួប​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួមទាំង​ជួប​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ផង។

ជាទូទៅ​អ្នករាយការណ៍​ពិសេស​ដែល​តំណាង​ដោយ​អាណត្តិ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​​​រូបនេះ បានលើកឡើង​ពី​ដំណើរការ​វិវត្តន៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នាពេលថ្មីៗនេះ រាប់​ទាំង​​ការ​បិទ​ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​មួយចំនួន និង​កាសែត​ក្នុងស្រុក​មួយ ការរំលាយ​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា និង​ការបែងចែក​អាសនៈ​របស់​គណបក្ស​នេះ ការចាប់​បដិបក្ខ​នយោបាយ​ដាក់ពន្ធនាគារ និង​សកម្មជន​សិទ្ធិមនុស្ស រួមទាំង​ការធ្វើ​វិសោធនកម្ម​ច្បាប់ថ្មីៗ ដើម្បី​កាត់បន្ថយ​សេរីភាព និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​សកម្មភាព​របស់​សង្គម​ស៊ីវិល​ជាដើម។

ប្រឈមមុខ​នឹង​ស្ថានការណ៍​បែបនេះ លោកស្រី រ៉ូ​ណា​ស្មី​ត បាន​អំពាវនាវ​ឡើងវិញ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តារ​លំហ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប អាចអនុវត្ត​សិទ្ធ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ពិចារណា​ដក​បំ​រាម​លើ​អ្នកនយោបាយ​បក្សប្រឆាំង​ទាំង១១៨រូប ទម្លាក់ចោល​ការចោទប្រកាន់​លើ​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​អាដ​ហុក រួមទាំង​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌​បង្កើត​សេចក្តីណែនាំ​ឲ្យ​បានច្បាស់លាស់ ស្តីពី បទដ្ឋាន​សមស្រប​និង​ការវាយតម្លៃ​លើ​ភស្តុតាង បន្ទាប់ពី​តុលាការ​បាន​ប្រើប្រាស់​ភស្តុតាង​មួយចំនួន ឬ​ដូចគ្នា ដើម្បី​ចោទប្រកាន់​ទៅលើ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី៥នៅ​កម្ពុជា​នៅថ្ងៃនេះ លោកស្រី រ៉ូ​ណា​ស្មី​ត នឹង​សរសេរ​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ដាក់​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​អំឡុង​ខែកញ្ញា​ខាងមុខនេះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នករាយការណ៍​រូបនេះ​បាន​អះអាងថា លោកស្រី​មិនមាន​សិទ្ធិ​ក្នុងការ​ចាប់បង្ខំ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​អនុវត្តតាម​អនុសាសន៍​នេះ​ទេ ត្បិត​ថា កម្ពុជា គឺជា​រដ្ឋ​អធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ