លោក ហ៊ុន សែន អំពាវនាវឲ្យបក្សនយោបាយកុំប្រើពាក្យអសុរោះ នៅពេលឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៤ មិថុនា នេះ បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ កុំឲ្យប្រើប្រាស់ពាក្យពេចន៍អសុរោះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ កក្កដា ខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
«ខ្ញុំសូមអំពាវនាវឱ្យគ្រប់គណបក្សនយោបាយនិងបេក្ខជនទាំងអស់ គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះ ជេរបញ្ចោរ ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ»។ នេះ គឺជាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី ២៤ មិថុនា ដោយបានបន្តថា៖ «សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបណ្តុះបង្អាប់ គណបក្ស ឬ បេក្ខជន នៃគណបក្សដទៃឡើយ»។
ការចេញមកអំពាវនាវរបស់ប្រមុខបក្សកាន់អំណាចលោក ហ៊ុន សែន ទំនងជាបានឆ្លើយតបជាថ្មីម្តងទៀត ទៅកាន់អ្នកគាំទ្រគណបក្សនយោបាយមួយ ដែលគេស្គាល់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដោយបានប្រៀបធៀបលក្ខណៈខុសគ្នា៧ចំណុច រវាងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនលោកបណ្ឌិត យ៉ង សាំងកុមារ ទៅនឹងបេក្ខជននាយករដ្ឋមន្ត្រីគណបក្សកាន់អំណាចលោក ហ៊ុន សែន។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចាប់ផ្តើមនៅទូទាំងប្រទេស ពីថ្ងៃទី ៧ ដល់ថ្ងៃទី២៧ខែកក្កដា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម តែមិនមានអតីតគណបក្សសង្គ្រោះជាតិនោះទេ។ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨មានរយៈពេល២១ថ្ងៃ ដោយគណបក្សនយោបាយមួយ អាចហែរក្បួនឃោសនាជាទ្រង់ទ្រាយធំនៅក្នុងរាជធានី ខេត្តនីមួយៗ បានតែ៤ដងប៉ុណ្ណោះ។ បើតាមការឲ្យដឹងពី គជប នៅថ្ងៃទី ៧ ខែកក្កដា ខាងមុខ គជប នឹងចាប់ផ្តើមចាក់ផ្សាយកិច្ចពិភាក្សាតុមូលរបស់គណបក្សនយោបាយនីមួយៗរយៈពេល២នាទី នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។
តែយ៉ាងណាក៏ដោយអ្នកតាមដាននយោបាយនៅកម្ពុជា លោក ឯម សុវណ្ណរា បានកត់សំគាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៦នេះ នឹងមិនជាទីចាប់អារម្មណ៍ដូចអាណត្តិមុនៗនោះទេ។ ដ្បិតគ្មានគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម និងដោយសារតែអ្នកនយោបាយក្នុងបរិបទបច្ចុប្បន្ននេះ ហាក់មិនសូវមានការប្រកួតប្រជែងគ្នាខ្លាំងក្លា បន្ទាប់ពីអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា អវត្តមាននៅក្នុងការបោះឆ្នោតជាតិលើកនេះ។ យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណរា បានគាំទ្រចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យយុទ្ធនាការឃោសនាបោះឆ្នោតជាតិនៅពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ