អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជប៉ុន​អំពាវ​នាវ​ជា​ថ្មី​ ឲ្យ​កម្ពុជា​រៀប​ចំការ​បោះ​ឆ្នោត​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​

ប្រទេស​​ជប៉ុន​​បាន​​អំពាវនាវ​​ជា​ថ្មី​ម្តង​ទៀត ​សូម​​ឲ្យ​​ប្រទេស​​កម្ពុជា ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​ខែ​កក្កដា​​ខាង​មុខ​នេះ ​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី ​ត្រឹមត្រូវ ​យុត្តិធម៌ ​និង​​ឆ្លុះ​បញ្ចាំង​​ពី​​ឆន្ទៈ​​របស់​​ប្រជាពលរដ្ឋ​​ពិត​ប្រាកដ​។ ​ការ​អំពាវនា​វ​​នេះ ​បាន​ធ្វើ​​ឡើង ​បន្ទាប់​ពី​​មាន​​ជំនួប​​មួយ​​រវាង​​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​ទាំង​ពីរ ​កាល​ពី​​ថ្ងៃ​​សុក្រ​​សប្តាហ៍​​មុន​។  

លោក ​Masato ​OTAKA  ​មក​កម្ពុជា​ជួប​ជា​មួយ​លោ​ក ​កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ភ្នំពេញ ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​
លោក ​Masato ​OTAKA ​មក​កម្ពុជា​ជួប​ជា​មួយ​លោ​ក ​កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ភ្នំពេញ ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវ​ជាថ្មី​នេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​ជំនួប​មួយ​រវាង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំងពីរ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន (NHK)។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​នេះ ប្រទេស​ជប៉ុន បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានាថា ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខនេះ ធ្វើឡើង​ដោយ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

នេះ​មិនមែនជា​លើក​ទី១ទេ ដែល​ប្រទេស​ជប៉ុន បាន​អំពាវនាវ​ក្នុង​ទម្រង់កា​ទូត​បែបនេះ។ ប្រទេស​ជប៉ុន ដែល​គេ​មើលឃើញថា កំពុង​បង្កើន​ការងារ​ទូត​របស់ខ្លួន​ទ្វេរ​ឡើង ខណៈ​ការបោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​ខិតជិត​ចូលមក​ដល់ តាមរយៈ​ដំណើរ​ទស្សនកិច្ច​បន្តក​ន្ទុ​យ​គ្នា​របស់​មន្ត្រី​ក្រសួងការបរទេស សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ជប៉ុន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃ​សុក្រ ទី ១១ ឧសភា គឺជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​អគ្គនាយក​រងការិយាល័យ​គោលនយោបាយ​កិច្ចការបរទេស​នៃ​ក្រសួងការបរទេស​ជប៉ុន លោក ម៉ាសា​តូ អូ​តា​កា (Masato OTAKA) មក​កម្ពុជា ដែល​បាន​ជួប​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ភ្នំពេញ។ ជា​ជំនួប​ដែល​រដ្ឋាភិបាល​ជប៉ុន​បានលើកឡើង​ពី​ការព្រួយបារម្ភ​របស់ខ្លួន លើ​ស្ថានភាព​សិទ្ធិមនុស្ស និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ តែ​ជា​អ្វីដែល​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល​កម្ពុជា លោក កែវ រ៉េ​ម៉ី បាន​ចាត់ទុកថា ធ្វើឡើង​ក្នុង​ភាព​តានតឹង និង​មាន​ទស្សនៈ​ផ្ទុយគ្នា​នោះ​គឺ​ទាក់ទង​នឹង​ករណី​ការចាប់​អតីត​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការហាម​ប្រាម​មិន​ឲ្យ​មន្ត្រី​បក្សប្រឆាំង១១៨នាក់​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ និង​ពិសេស​ទាក់ទង​នឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សមាគម​ជាដើម។

តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន (NHK) ប្រទេស​ជប៉ុន គឺជា​ប្រទេសមួយ​ដែល​បានផ្តល់​ការគាំទ្រ​ជា​យូរ​មកហើយ នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ​ប្រទេស​នេះ បានដាក់​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោតជាតិ​នៅ​ក​កម្ពុជា ដែល​ធ្វើឡើង​នៅ​ខែកក្កដា​ខាងមុខ ដោយ​មិនមាន​ការចូលរួម​ពី​អតីត​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ឆ្លើយតប​ថា អ្វីដែល​រដ្ឋាភិបាល​កម្ពុ​ជា បានធ្វើ​មកនេះ គឺ​ដើម្បី​លើកកម្ពស់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង។ ពួកគេ​បាន​និយាយថា បើទោះបីជា​ការបោះឆ្នោត​ខាងមុខ មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម តែ​នៅមាន​គណបក្សនយោបាយ​ជាច្រើន និង​ប្រសើរ​ជាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង នៅតែ​បន្ត​ដំណើរការ​នៅឡើយ។ ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រំពឹងថា ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខ នឹងមាន​គណបក្សនយោបាយ​ច្រើនជាង១០ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ