អានតួអត្ថបទ
កម្ពុជា-តុលាការ

សំណុំ​រឿង​ព្រហ្មទណ្ឌ​លោក​ កឹម សុខា​៖​ តុលាការ​កោះ​ហៅ​មនុស្ស​៨​នាក់​បន្ថែម​ ក្នុង​នាម​ជា​សាក្សី​

តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​មនុស្ស៨នាក់​បន្ថែមទៀត ដើម្បី​ធ្វើជា​សាក្សី​នៅក្នុង​សំណុំរឿង «ស​ន្និ​ដ្ឋិ​ភាពជា​មួយ​រដ្ឋ​បរទេស» របស់លោក កឹម សុខា ចុះ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១០១៧ ។ សូមបញ្ជាក់ថា ក្នុងចំណោម​ជន​ទាំង៨នាក់​នោះ មាន​ប្រធាន​អង្គការ​សង្គម​ស៊ីវិលល្បីៗចំនួន៤រូប។ ពួកគេ​តម្រូវ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​ម្តងម្នាក់ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១៥ ខែមិថុនា​ខាងមុខ។  

លោក​ កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​
លោក​ កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​មនុស្ស​ទាំង៨នាក់ ដែល​ត្រូវបាន​តុលាការ​កោះហៅ ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា នេះ មាន​លោក ប៉ាង ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM), លោក សៀ ភារ​ម្យ ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក មាស គឹម​សេង ប្រធាន​អង្គការ​ធាងត្នោត និង​លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ។ ក្រៅពីនោះ គឺជា​យុវជន និង​អ្នក​ដែល​ធ្លាប់មាន​សម្ព័ន្ធភាព​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

នេះ​គឺជា​ការកោះហៅ​សាក្សី​ថ្មី​បន្ថែមទៀត បន្ទាប់ពី​តុលាការ​បាន​កោះហៅ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ក្នុងនាម​ជា​សាក្សី តែ​មិនបាន​ចូលខ្លួន​នោះទេ ខណៈ​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​ដែរ ក្នុងនាម​ជា​សាក្សី។ លោក ផេង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ថ្លែងថា ជា​នីតិវិធី ចៅក្រម​ស៊ើបសួរ​អាច​កោះហៅ​សាក្សី​មក​បំភ្លឺ​បាន។ ហើយ​ចម្លើយ​របស់​សាក្សី អាចជា​ការដាក់បន្ទុក ឬ​អាចជា​ការ​ដោះ​បន្ទុក​ក៏​ថា​បាន។

ផ្អែក​តាម​ដីកា​កោះហៅ ដែល​ចេញ​ដោយ​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​មនុស្ស​ទាំង៨នាក់​ខាងលើ ក្នុងនាម​ជា​សាក្សី ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ របស់​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​បទ​ចោទ «ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស» ដែល​មន្ត្រី​រដ្ឋាភិបាល​​បាន​ចាត់ទុកថា ជា​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា។ បើតាម​ដីកា​កោះ​​នេះ បាន​អញ្ជើញ លោក គ្រី សុង ចូលខ្លួន​ទៅកាន់​តុលាការ​មុនគេ គឺ​នៅ​ថ្ងៃទី ៥ ខែ​មិថុនា ​បន្ទាប់មក គឺ​អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​លោក ​មាស គឹម​សេង ប្រធាន​អង្គការ​ធាងត្នោត ចូលខ្លួន​នៅ​ថ្ងៃទី៧ ខែមិថុនា ខណៈ​លោក​ ប៉ា ងួនទៀង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចូលខ្លួន​នៅ​ថ្ងៃទី ៩ ខែមិថុនា លោក សៀ ភារ​ម្យ ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ចូលខ្លួន​នៅ​ថ្ងៃទី ១២ ខែមិថុនា លោក ខឿន វី​រ៉ាត់ និង​លោក ហេង ពិសិដ្ឋ ចូលខ្លួន​នៅ​ថ្ងៃទី ១៣ ខែមិថុនា ហើយ​ចុងក្រោយ​គេ គឺ លោក កែវ រតនា ត្រូវ​ចូលខ្លួន នៅ​ថ្ងៃទី ១៥ ខែមិថុនា។ បច្ចុប្បន្ន​ពួកគេ​មួយចំនួន​កំពុងស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា តែ​មួយចំនួនទៀត កំពុងស្ថិត​នៅក្រៅ​ប្រទេស ដូចជា លោក ប៉ាង ងួ​ន​ទៀង និង​លោក សៀ ភារ​ម្យ ជាដើម។

អ្វី​ជាការ​កត់សំគាល់ ការកោះហៅ​សាក្សី​ថ្មី​ទាំង៨នាក់​នេះ គឺ​ស្រប​ពេលដែល​មេធាវី​ការពារ​​ក្តី​ឲ្យ​លោក កឹម សុខា ធ្លាប់បាន​លើក​ហេតុផល​ថា តុលាការ​មិនមាន​ភស្តុតាង​ថ្មី ដើម្បី​​ដាក់បន្ទុក​លើ​លោក កឹម សុខា នោះទេ។ ហើយ​ថា លោក កឹម សុខា គួរ​ត្រូវបាន​ដោះ​លែង​​ឲ្យ​នៅក្រៅ​ឃុំ ជា​បណ្តោះអាសន្ន តាមរយៈ​សវនាការ​តុលាការ​កំពូល ដែល​គ្រោង​​ធ្វើឡើង​ជាថ្មី នៅ​ថ្ងៃទី ៥ ខែ មិថុនា ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ