អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ​ត្រៀម​ប្តឹង​លោក ​សម រង្ស៊ី ​ទៅ​កាន់​តុលាការ ​ពី​បទ​ក្បត់​ជាតិ​

ក្រសួង​មហាផ្ទៃ​​កំពុង​​ពិចារណា​​ចាត់​វិធានការ​​តាម​ផ្លូវ​​ច្បាប់ ​ចំពោះ​​លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ ​ថា​​បាន​​ចុះហត្ថលេខា​​កាត់​ខេត្ត​​ចំនួន​៤​ទៅ​​ឲ្យ​​វៀតណាម​​សេរី ​នៅ​ពេល​ដែល​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​ឈ្នះ​ឆ្នោត​​ឈាន​ទៅ​​ដឹកនាំ​​ប្រទេស​។ ​ការ​ប្រកាស​​ប្តឹង​​លោក ​សម រង្ស៊ី ​នេះ​​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​ការ​​ទម្លាយ​​ឯកសារ​​ចាស់​​កាល​​ពី​​​ឆ្នាំ​​២០១៣ ​ស្តីពី ​កិច្ច​ព្រមព្រៀង ​ទទួល​ស្គាល់​​សិទ្ធិ​​របស់​​ជន​ជាតិ​ភាគ​តិច​​ម៉ុង​តា​ញ៉ា (Degar) ​វៀតណាម​​រស់​​នៅ​​កម្ពុជា​។ ​សម្រាប់​​ក្រសួង​ម​ហាផ្ទៃ ​នោះ​​គឺ​ជា​​ទង្វើ​​ក្បត់​ជាតិ ​ដែល​​មិន​អាច​​អត់​ឱន​​ឲ្យ​​បាន​ទេ​។

រូបភាព​បែកធ្លាយ ​ដែល​សារព័ត៌មាន​ Fresh ​News ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ​៦ ​មីនា ​ឆ្នាំ ​២០១៨​។​
រូបភាព​បែកធ្លាយ ​ដែល​សារព័ត៌មាន​ Fresh ​News ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ​៦ ​មីនា ​ឆ្នាំ ​២០១៨​។​ @Fresh news
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ប្តឹង​នេះ គឺធ្វើឡើង​បន្ទាប់ពី សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះផ្សាយ​ពី​ឯកសារ​បែកធ្លាយ​មួយ ជា​ឯកសារ​នៃ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក កុក ស ប្រធាន​មូលនិធិ​ជនជាតិ​ម៉ុង​តា​ញ៉ា។ ជា​កិច្ចព្រមព្រៀង​ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃទី ១៤ មេសា ឆ្នាំ២០១៣ នៅឯ​ប្រទេស​ហ្វីលីពីន។ បើតាម​សារព័ត៌មាន​ក្នុងស្រុក ឯកសារ​នេះ ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្មោះ «Rithy Erng» ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ Fresh News កាលពី​យប់​ថ្ងៃទី ៦ មីនា។ ឯកសារ​បែកធ្លាយ​នោះ រួមមាន កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​លោក សម រង្ស៊ី ជា​ភាសា​អង់គ្លេស ដែល​បាន​បក​ប្រែជា​ភាសា​ខ្មែរ​ក្រៅផ្លូវការ រួមទាំង​រូបភាព និង​វីដេអូ​ឃ្លី​ប​របស់លោក សម រង្ស៊ី ផងដែរ។

បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់ Fresh News ថា លោក សម រង្ស៊ី នឹង​កាត់​ខេត្ត​ចំនួន៤ទៅ​ឲ្យ​វៀតណាម​សេរី នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល។ ខេត្ត​ទាំងនោះ​រួមមាន ខេត្តរតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ ដោយ​អនុញ្ញាតឱ្យ​ជនជាតិ​ម៉ុង​តា​ញ៉ា មាន​ស្វ័យភាព​គ្រប់គ្រង​និង​មាន​សិទ្ធិ​ពេញលេញ ក្នុងការ​រស់នៅ​ដូច​ប្រជាជន​កម្ពុជា​ទូទៅ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ចាត់ទុកថា ករណីនេះ គឺជា​ទង្វើ​ក្បត់ជាតិ​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ នឹង​មិនអាច​អត់អោន​ឲ្យ​បានឡើយ។ លោក ខៀវ សុភ័គ ក៏បាន​ភ្ជាប់​ករណី​របស់លោក សម រង្ស៊ី នេះ​ថា មិន​ខុសគ្នា​ពី​ករណី​របស់លោក កឹម សុខា ដែល​សហការ​ជាមួយ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​សាសន៍​ឯង​នោះទេ។ ចំណែក​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក កិច្ចព្រមព្រៀង​ដែល​ផ្តល់​កិច្ចសហប្រតិបត្តិការ​ណ៍​នយោបាយ​ដល់​ជនជាតិ​វៀតណាម​ដែល​គេ​ហៅថា (ម៉ុង តា​ញ៉ា) នោះ ជា​អង្គហេតុ​ដែលមាន​ធាតុ​ផ្សំ​អាច​ចាត់ទុកថា ល្មើស​នឹង​ច្បាប់ព្រហ្មទណ្ឌ ក៏ដូចជា រដ្ឋធម្មនុញ្ញ​កម្ពុជា។ រាជរដ្ឋាភិបាល​មិន​ទទួលស្គាល់​ជាដាច់ខាត​នូវ​កិច្ចព្រមព្រៀង​នេះ។ ហើយ​ថា សកម្មភាព​នេះ ជាការ​រំលោភច្បាប់ និង​ការប្រមាថ​ដល់​ឆ​ន្ទះ និង​ផលប្រយោជន៍​ខ្មែរ​ទាំងមូល។

គួរ​ជំរាបជូន​ថា លោក សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ដោយ​និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​ករណី​ថ្មី​នេះ។ ប៉ុន្តែ​ប្រសិនបើ​ករណីនេះ ត្រូវបាន​រដ្ឋាភិបាល​ប្តឹង​ទៅកាន់​តុលាការ​ពីបទ​ក្បត់ជាតិ​មែន នោះ​វា​អាច​​នឹងធ្វើ​ឲ្យ​អតីត​ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​រូបនេះ មិនអាច​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​បាន​អស់​មួយជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ