អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​បន្ថែម​ លើ​សំណើ​សុំ​បិទ​សាលា​ហ្សាម៉ាន់ ​ខណៈ​សាលា​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ថ្មី​

សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ដែល​រដ្ឋាភិបាល​តួ​គី​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទទ្វារ ដោយ​​សង្ស័យថា គ្រឹះស្ថានសិក្សា​មួយ​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រដ្ឋប្រហារ​មិនបាន​សម្រេច​​កាលពី​ខែកក្កដា​នៅ​តួ​គី​នោះ បាន​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី​ហើយ។ ជា​អ្នកគ្រប់គ្រង​ដែល​គេ​ស្គាល់​ថា គឺជា​កូន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា។ ទន្ទឹមនឹង​ការផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​បន្ថែម ស្តីពី ការស្នើសុំ​ឲ្យ​បិទ​សាលារៀន​ដែល​រដ្ឋាភិបាល​តួ​គី​បាន​ភ្ជាប់​ទៅនឹង​អំពើ​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ខែកក្កដា​ឆ្នាំ២០១៦ នៅឡើយ​ទេ។

ថ្នាក់​ដឹកនាំថ្មី ​របស់​សកលវិទ្យាល័យ​ ហ្សាម៉ាន់ ​(Zaman) ​ថត​រូប​រួមគ្នា ​ក្រោយ​ពី​ពិធី​ជួប​ជុំ​មាតាបិតា​សិស្ស ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​
ថ្នាក់​ដឹកនាំថ្មី ​របស់​សកលវិទ្យាល័យ​ ហ្សាម៉ាន់ ​(Zaman) ​ថត​រូប​រួមគ្នា ​ក្រោយ​ពី​ពិធី​ជួប​ជុំ​មាតាបិតា​សិស្ស ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ @facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ (Zaman) បានសម្រេច​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី ដែល​គេ​ស្គាល់​ថា គឺជា​កូន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា។ សាលា​ហ្សា​ម៉ាន់​ដែល​រដ្ឋាភិបាល​តួ​គី​របស់លោក Recep Tayyip Erdoğan បាន​ភ្ជាប់​ទៅនឹង​បុព្វ​ជិត​ដ៏​មាន​ឥទ្ធិពល លោក ហ្វេ​ទុ​ឡាស់ ហ្គូ​ឡេ​ន (Fethullah Gulen)  ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​សហរដ្ឋអាមេរិក​នោះ បាន​ស្ថិតនៅ​ពីក្រោយ​នៃ​អំពើ​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​មួយ កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦នោះ នឹងមាន​លោកស្រី ជា សុ​ផា​កាន់​នី កូនស្រី​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូ​បប​នីយកម្ម​និង​សំណង់ គឺជា​នាយក​ប្រតិបត្តិ និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​ហ្សា​ម៉ាន់។ ចំណែក​ស្វាមី​របស់លោក​ស្រី គឺ​លោក អៀង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន គឺជា​ប្រធានកិត្តិយស។

លោក អៀង សុផល្លែត ដែល​ទើបតែ​បាន​ក្លាយជា​ប្រធានកិត្តិយស​ថ្មី​សាលារៀន​នេះ​ជា​ផ្លូវការ​កាលពីពេលថ្មីៗនេះ​បាន​អះអាងថា ការ​ចូលមក​ពាក់ព័ន្ធ​របស់​ក្រុមគ្រួសារ​លោក​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​នេះ គឺ​នៅក្នុង​បុព្វហេតុ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​តែប៉ុណ្ណោះ។ និយាយ​ដោយ​ត្រង់​ទៅ លោក និង​ភរិយា គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅក្នុង​សាលារៀន​នេះ​តាំងពី​ឆ្នាំ២០០៥ ពោលគឺ​តាំង​ពីមុន​មាន​បញ្ហា​នេះ​កើត​ឡើងមក​ម្លេះ។ ទន្ទឹមគ្នា​នឹង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​តួ​គី​ដែល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ​សាលារៀន​នេះ លោក​បាន​ឆ្លើយតប​យ៉ាងខ្លី​ថា លោក​នឹងមិន​ខ្វល់​ពី​សំណើរ​នោះទេ សំខាន់​យើង​បាន​គោរព​ទៅតាម​ច្បាប់​ត្រឹមត្រូវ។

គួរ​ជំរាបជូន​ថា បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​តួ​គី​របស់លោក Recep Tayyip Erdoğan មក មាន​មនុស្ស​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​តួ​គី​ចាប់ខ្លួន​និង​កាត់ទោស ពីបទ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​អំពើ​រដ្ឋប្រហារ​មិនបាន​សម្រេច​ដែលជា​លទ្ធផល​មនុស្ស​ជាង៣០០នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន។ ហើយ​គ្រឹះស្ថានសិក្សា​និង​សាស្ត្រាចារ្យ​មួយចំនួន ក៏​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ផងដែរ។ នៅ​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន តួ​ក​គី​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ​សកម្មភាព​របស់​សាលា​ហ្សា​ម៉ាន់ ដែល​សង្ស័យថា មាន​ទំនាក់ទំនង​នឹង​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​នោះ។ តែ​លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ធ្លាប់បាន​ច្រានចោល​ពី​ការអះអាង​របស់​រដ្ឋាភិបាល​​តួ​គី នឹង​បានទាមទារ​ឲ្យ​ឯកអគ្គរដ្ឋទូត​តួ​គី​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក អ៊ី​ល​ហាន កេ​ម៉ា​ល់ ទុក (Ilhan KemalTug) បង្ហាញ​ភស្តុតាង​ជាក់លាក់។

ចំណែក​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​បញ្ជាក់​នៅថ្ងៃនេះ​ដែ​រថា មកទល់នឹង​ពេលនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​មិនទាន់​ទទួលបាន​របាយការណ៍​បន្ថែម​ពី​ស្ថានទូត​តួ​គី​ជុំវិញ​សំណើរ​សុំ​ឲ្យ​បិទ​សាលារៀន​ហ្សា​ម៉ាន់​នេះ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ